អាមេរិក​ព្រមាន​ពី​ហានិភ័យ​នៃ​សង្គ្រាម​បើ​កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​ដាក់​ខ្លួន

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ការ​វាយ​ប្រហារ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​អាមេរិក អាច​បង្ក​ទៅ​ជា​សង្គ្រាម​យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា គ្មាន​ទេ​សង្គ្រាម​នៅ​លើ​ឧប​ទ្វីប​កូរ៉េ ប្រសិន​បើ​គ្មាន​ការ​ឯកភាព​ពី​ក្រុង​សេអ៊ូល​នោះ។

កាល​ពី​សប្ដាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ខ្លួន​កំពុង​គូស​វាស​ផែនការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ចំនួន ៤ ដែល​នឹង​បាញ់​សំដៅ​ទៅ​កោះ​ហ្គាំ ប៉ុន្តែ នឹង​ផ្ទុះ​នៅ​លើ​សមុទ្រ មិន​វាយ​ប្រហារ​ដែន​ដី​កោះ​ដ៏​តូច​របស់​អាមេរិក​មួយ​នេះ។ ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​បែប​នេះ បន្ទាប់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​​ប្ដេជ្ញា​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​ពី​ក្រុង​ព្យុងយ៉ាង។

ជាមួយ​នឹង​ការ​គំរាម​បែប​នេះ​របស់​កូរ៉េ​ខាង​ជើង លោក Mattis បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ថា ប្រសិន​បើក្រុង​ព្យុងយ៉ាង​បាញ់​មីស៊ីល​ដាក់​អាមេរិក អាវ​អាច​បង្ក​ទៅ​ជា​សង្គ្រាម​យ៉ាង​ឆាប់​រហ័ស។ នេះ​ដោយ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា លោក Mattis បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​រូប​លោក និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា អាមេរិក​​គ្មាន​ចំណាប់​អារម្មណ៍​លើ​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ក្រុង​ព្យុងយ៉ាង​ ឬការ​ជំរុញ​ការ​បង្រួប​បង្រួម​កូរ៉េ​ទាំង​ពីរ​នោះ​ឡើយ។

ខណៈ​ដែល​ប្រមុខ​ការពារ​ជាតិ​អាមេរិក​លើក​ឡើង​បែប​នេះ នៅ​ឯ​កូរ៉េ​ខាង​ត្បូង​ឯណោះ​វិញ ប្រធានាធិបតី លោក មូន ជែអ៊ីន បាន​​ថ្លែង​ថា វិធានការ​យោធា​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ខាង​ត្បូង មាន​តែ​កូរ៉េ​ខាង​ត្បូង​ម្នាក់​គត់​អាច​សម្រេច​បាន។ លោក​បន្ថែម​ថា គ្មាន​នរណា​ផ្សេង​ទៀត​អាច​សម្រេច​ប្រើ​ប្រាស់​វិធានការ​យោធា​ដោយ​គ្មាន​ការ​ឯកភាព​ពី​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​ថា លោក មូន បាន​ថ្លែង​បែប​នេះ​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​រំលឹក​ខួប ៧២​ឆ្នាំ នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​យោធា​ជប៉ុន ដែល​បាន​ដាក់​អាណានិគម​លើ​កូរ៉េ​កាល​ពី​ឆ្នាំ​១៩១០ និង​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​១៩៤៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ