រដ្ឋាភិបាលផ្តើមរិតបន្តឹងលើការត្រួតពិនិត្យផលិតផលក្លែងក្លាយ

វគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញស្តីពីការស្រាវជ្រាវនិងស៊ើបអង្កេតពាក់ព័ន្ធផលិតផលក្លែងក្លាយ

រដ្ឋាភិបាលចាប់ផ្តើមរិតបន្តឹងលើយុទ្ធនាការត្រួតពិនិត្យផលិតផលក្លែងក្លាយ ខណៈរកឃើញថា បញ្ហានេះបន្តមានការកើនឡើង។

ក្រសួងមហាផ្ទៃនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បើកវគ្គបណ្តុះបណ្តាលខ្លីមួយដល់មន្រ្តីជំនាញស្តីពីការស្រាវជ្រាវនិងស៊ើបអង្កេតពាក់ព័ន្ធផលិតផលក្លែងក្លាយ ដោយថាដើម្បីពង្រឹងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឲ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃលោក មៀច សុផាន់ណា មានប្រសាសន៍ថា រយៈពេល៧ខែឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្រ្កាបបានផលិតផលក្លែងក្លាយរាប់សិបករណីនិងរាប់រយតោន។

លោកបានអំពាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងរាយការណ៍មកសមត្ថកិច្ច ប្រសិនបើសង្ស័យថាមានករណីផលិតនិងនាំចូលផលិតផលក្លែងក្លាយទាំងនោះ។

លោកបន្ថែមថា «យើងសុំឲ្យមានការសហការណ៍ពីប្រជាពលរដ្ឋ ពីអ្នកប្រើប្រាស់ ក៏ដូចជាក្រុមហ៊ុនដែលនាំចូលរបស់ពិតប្រាកដ ដែលមានគុណភាព ប្រសិនមានព័ត៌មានអីសុំឲ្យសហការណ៍គណៈកម្មការ យើងនឹងប្រឹងប្រែងឲ្យពេញទំហឹងដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ក៏ដូចប្រយោជន៍អ្នកផលិតនិងធ្វើអាជីវកម្មដើម្បីឲ្យគាត់មានឱកាសធ្វើអាជីកម្ម ប្រកបរបរដោយជោគជ័យ ដោយមិនធ្វើឲ្យ ផលប្រយោជន៍តាមរយៈការក្លែងក្លាយផលនោះទេ»

ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានសាទរចំពោះយន្តការរបស់រដ្ឋាភិបាលនេះ ប៉ុន្តែលោកថា ក្រសួងមហាផ្ទៃគួរពង្រឹងវិធានការនោះតាំងដើមមក ហើយថាប្រសិនបើមន្រ្តីអនុវត្តច្បាប់អនុវត្តមិនបានល្អ និងលុបបំបាត់បញ្ហាពុករលួយមិនបានទេ ការអនុវត្តយន្តការនោះមិនមានប្រសិទ្ធភាពឡើយ។

លោកបន្ថែមថា «កន្លងមករដ្ឋាភិបាលក៏ចាប់បានដែរអ្នកផលិតក្លែងក្លាយរហូតអ្នកផលិតនោះមុខដដែលៗ យើងសួរថា ហេតុអ្វីបានជាមុខដដែលៗ ហេតុអ្វីបានជាមិនរាងចាល គឺដោយសារតែតែកំរិតនៃការ ដាក់ទោសទាន់ហ្នឹងវាខ្សោយពេក ឬក៏វាមានអំពៅពុករលួយអីទៅទើបជនល្មើសហ្នឹងនៅតែរួចខ្លួន ហើយមន្រ្តីដែលឃុបឃិតហ្នឹងក៏មិនត្រូវបានដាក់ទណ្ណកម្មផ្សេងៗនោះហើយជាកំហុស។ តាមយើងមាន ច្បាប់ប៉ុន្តែគ្រាន់ថា ការអនុវត្តច្បាប់របស់គាត់នោះនៅខ្សោយ នៅខ្វះចន្លោះ អញ្ចឹងហើយបញ្ហាអស់ហ្នឹង នៅតែបន្តកើតឡើង»

បើតាមមន្រ្តីជំនាញក្រសួងមហាផ្ទៃឲ្យដឹងថា រយៈ៧ខែឆ្នាំ២០១៧នេះ សមត្ថកិច្ចបានផ្អាកការចែកចាយផលិតផល មួយចំនួន ឬលក់ដូរក្នុងទីផ្សារមានប្រមាណជិត២០០តោន ដោយក្នុងនោះមានផលិតផលថ្នាំពេទ្យ គ្រឿងសំអាង និងផលិតផលអាហារមួយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ