លោក ហ៊ុន សែន ទៅតំបន់ជម្លោះជាមួយឡាវ ក្រោយព្រមានវាយខ្នោះអ្នករិះគន់  

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា ថាលោកកំពុងធ្វើដំណើរទៅតំបន់មានជម្លោះជាមួយប្រទេសឡាវ ក្នុងខេត្តស្ទឹងត្រែង នេះបើយោងតាមបណ្ដាញហ្វេសប៊ុកផ្លូវការលោកនាយករដ្ឋមន្ដ្រី នៅថ្ងៃពុធនេះ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា ដំណើរឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនេះ គឺដើម្បីដោះស្រាយទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ដោយថា នឹងបង្កើតកងពលតូចអន្ដរាគមន៍ថ្មីមួយ ឈ្មោះ «កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១» ហើយនឹងដាក់ឲ្យមានទីតាំងកងទ័ពជើងទឹកប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។

លោក ហ៊ុន សែន អះអាងថា ការណ៍នេះមិនបង្ហាញពីចេតនាចង់បង្កសង្គ្រាមនោះទេ ប៉ុន្ដែលោកថា គឺដើម្បីការពារជាតិ ការពារប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

បើតាមហ្វេសប៊ុក លោក ហ៊ុន សែន សរសេរថា៖ «ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជននិងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង»។

ក្នុងពិធីចែកសញ្ញាបត្រមួយ កាលពីថ្ងៃទី១៤សីហាកន្លងទៅនេះ លោក ហ៊ុន សែន បានព្រមានវាយខ្នោះអ្នកវិភាគ និងអ្នកធ្វើអត្ថាធិប្បាយ ជុំវិញការប្រឈមមុខដាក់គ្នា រវាងកងទ័ពឡាវ និងទ័ពកម្ពុជាកាលពីពេលថ្មីៗនេះ ដោយលោកចាត់ទុកមតិរិះគន់ទាំងនោះថា ជាការប្រមាថកងទ័ពកម្លាំងការពារជាតិ។

ជុំវិញករណីជម្លោះព្រំដែនជាមួយឡាវនេះ រដ្ឋាភិបាលបានចាប់ឃុំខ្លួនប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ភ្លាមៗ បន្ទាប់ពីលោកបានសរសេររិះគន់លើបណ្ដាញហ្វេសប៊ុក ដោយថា កងទ័ពខ្មែរនឹងស្លាប់យ៉ាងវេទនា ហើយអ្នកកិបកេងយកផលប្រយោជន៍ គឺមេទ័ពចោរ។

បន្ថែមលើសនេះ លោក ហ៊ុន សែន ក៏បានព្រមានរំលាយបក្សអំណាចខ្មែរ ដោយចោទប្រធានបក្សមួយនេះថា បានប្រមាថមាក់ងាយព្រះមហាក្សត្រ។ ការចោទប្រកាន់ដូចនេះ ដោយលោក ហ៊ុន សែន អះអាងថា សមត្ថកិច្ចបានពិនិត្យលើសារមួយ ដែលលោក សួន សេរីរដ្ឋា សរសេរថា «នឹងធាក់ឲ្យធ្លាយព្រះបរមរាជវាំង» រួមទាំងភស្ដុតាងក្នុងម៊ែមម៉ូរីចំនួន១០ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ