ធនាគារពិភពលោកបានកោតសរសើរដល់កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នៅក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែធនាគារនេះក៏បានព្រមានផងដែរ អំពីបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍលើកក្រោយៗផង។
នៅក្នុងសន្និសីទសារពត៌មាន ផ្សព្វផ្សាយពីរបាយការណ៍ «ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ» ធនាគារពិភពលោក បានកោតសរសេរប្រទេសកម្ពុជាថា រក្សាបានកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាជាមួយអត្រាជាធម្យម ៧.៦ភាគរយ ក្នុងរយៈពេល ២ ទសវត្សកន្លងមក ហើយបានក្លាយទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប នៅត្រឹមឆ្នាំ២០១៥។ របាយការណ៍នេះ ប្រាប់បន្តថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក កើតបានដោយសារ ការរីកចម្រើននៃការបង្កើតឱកាសការងារ ការកើនឡើងនៃការនាំចេញផលិតផល កំណើនសេវាកម្ម ការសាងសង់និងវិស័យអចលនទ្រព្យ កាវិនិយោគវិស័យឧស្សាហកម្ម ការបញ្ជូនវិស័យធនធានមនុស្ស ការបង្កើនដីដាំដុះសម្រាប់វិស័យកសិកម្ម ព្រមទាំងពឹងលើជំនួយបរទេសផង។
ក្រៅពីនេះ ធនាគារមួយនេះ ក៏បានកោតសរសើរផងដែរអំពីជោគជ័យរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។ របាយការណ៍ដដែលបង្ហាញថា ភាគរយនៃប្រជាជនរស់នៅក្រោមបន្ទាត់ភាពក្រីក្រជាតិ បានធ្លាក់ចុះពី ៤៧.៨ភាគរយនៅឆ្នាំ២០០៧ មកនៅត្រឹម១៣.៥ភាគរយ នៅឆ្នាំ២០១៤។
បើទោះបីជាកម្ពុជាសម្រេចបានបែបនេះ ធនាគារនេះបានបញ្ជាក់ថា ការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃអាចមានហានិភ័យខ្ពស់ ដោយធនាគាពិភពលោក ថាគួរតែមានការប្តូរយុទ្ធសាស្ត្រ។ ធនាគារពិភពលោក បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចដ៏ជោគជ័យរបស់កម្ពុជា ត្រូវបានវាយតម្លៃថា នឹងធ្លាក់ចុះ អាស្រ័យលើកត្តាអនុគ្រោះផ្នែកពាណិជ្ជកម្ម និងជំនួយពីបរទេស។
អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគាពិភពលោក និងជាអ្នកស្រាវជ្រាវរបាយការណ៍នេះ លោក មីហ្គែល អេឌូអាឌូ សាន់ឆេសម៉ាទីន បានថ្លែងនៅក្នុងសន្និសីទនេះថា ការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃអាចប្រឈមនឹងបញ្ហា ដោយថា វិស័យឧស្សាហកម្មកំពុងតែមានការប្រគួតប្រជែងក្នុងទីផ្សាពិភពលោក ការពង្រីកផ្ទៃដីដាំដំណាំ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃក៏មានតិច តម្លៃទំនិញក៏មិនសូវមានលក្ខណៈវិជ្ជមាន ហើយកម្ពុជានៅមានបំណុលនិងពឹងផ្អែកលើជំនួយបរទេសច្រើនសព្វថ្ងៃ។
លោកថា៖ «កម្ពុជា បាននិងកំពុងតែទទួលបានការជួយតាមរយៈជំនួយបរទេសជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃ ប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយថ្ងៃណាមួយ ប្រទេសនេះនៅមិនអាចពឹងផ្អែកទៅលើជំនួយបរទេសបានទៀតទេ។ ដូច្នេះហើយ នៅក្នុងរបាយការណ៍នោះ យើងបានធ្វើការដាក់ស្នើនូវវិធានការណ៍បន្ត ដើម្បីឲ្យប្រទេសនេះ អាចអភិវឌ្ឍទៅបានទៀត ដោយបង្កើតឲ្យមាន សមត្ថភាពគ្រប់គ្រងការវិនិយោគសាធារណៈ ដូច្នេះ វិស័យសាធារណៈអាចកសាងហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯងជាជាងទទួលជំនួយពីបរទេស។…កម្ពុជាគួរតែត្រៀមខ្លូនសម្របជាមួយការផ្លាស់ប្តូរទាំងអស់នេះ ហើយយើងចង់ឃើញកម្ពុជារៀបចំខ្លួនពីពេលនេះ សម្រាប់រយៈពេល១០ឆ្នាំទៅមុខ»។
របាយការណ៍បានបន្តទៀតថា ថ្វីបើ ប្រទេសកម្ពុជាអាចកាត់បន្ថយភាពក្រីក្របាន តែ នៅក្នុងបរិបទនៃការគ្រប់គ្រងច្បាប់ បញ្ហាជម្លោះដីធ្លី និង ការផ្លាស់ទីលំនៅ បានប៉ះពាល់យ៉ាងខ្លាំងដល់ជនក្រីក្រនិងជនងាយរងគ្រោះរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។
បន្ថែមពីលើអ្វីដែលលោក មីហ្គេល បានលើកឡើង នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ីហ្គោណា ដូប្រាចា មានប្រសាសន៍ថា របាយការណ៍នេះ គឺជាការងាររបស់ធនាគាពិភពលោក ធ្វើឡើងដើម្បីសិក្សាពីស្ថានភាពសេដ្ឋកិច្ច និងដំណើរការវិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាស្វែងរកដៃគូឲ្យប្រទេសកម្ពុជា។
លោកស្រីថា៖ «បញ្ហាដែលកម្ពុជាបានជួបប្រទះនេះគឺវាទូលំទូលាយ ហើយក៏មានការងារជាច្រើនទៀត ត្រូវការឲ្យមានការធ្វើការបន្តនិងពិនិត្យបន្ថែម ថាតើជា រដ្ឋាភិបាលជាអ្នកធ្វើ ឬ ជាធនាគារពិភពលោកជាអ្នកធ្វើ ឬក៏អ្នកពាក់ព័ន្ធផ្សេងទៀតជាអ្នកធ្វើ ហើយត្រូវតែមើលឲ្យបានស៊ីជំរៅទៅកាន់បញ្ហានោះថែមទៀត»។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ លោក មីហ្គេល បានប្រាប់អ្នកសារពត៌មានថា កម្ពុជាត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ មាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ភ្នាក់ងារឯកជន និងដៃគូអភិវឌ្ឍន៍ ជាច្រើនដើម្បីមើលឲ្យស៊ីជំរៅ និង អនុវត្តន៍ផែនការអភិវឌ្ឍបន្ត។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ហែម វណ្ណឌី ក៏មានប្រសាសន៍ដែរថា ខាងក្រសួងមានការស្វាគមន៍ចំពោះការចូលរួមអភិវឌ្ឍរបស់ដៃគូពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍបន្តទៅទៀត។
ក្រៅពីនេះ របាយការណ៍នេះបានណែនាំឲ្យកម្ពុជា បង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដោយជំរុញការវិនិយោគសាធារណៈនិងឯកជន លើកកម្ពស់ការសិក្សានិងជំនាញវិជ្ជាជីវៈ លើកកម្ពស់វិស័យសុខាភិបាល រក្សាធនធានធម្មជាតិ ព្រមទាំងបង្កើតឱកាសការងារឲ្យបានច្រើនបន្តទៀត៕
រាយការណ៍បន្ថែមដោយ ហ៊ាង សុគន្ធារី