ប្រធានរាជបណ្ឌិត្យសភាថ្មី គ្រោងនឹងបោះពុម្ពសៀវភៅឡាវរំលោភទឹកដីកម្ពុជា​

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា (FB: លោក សុខ ទូច)

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ​លោក សុខ ទូច បានអះអាងថា លោកនឹងបោះពុម្ពសៀវ​ភៅពាក់​ព័ន្ធឡាវ​រំលោភ​បំពានទឹកដីកម្ពុជាក្នុងខេត្តស្ទឹងត្រែង ដោយថា ដើម្បីកុំឲ្យអ្នកនយោបាយយកបញ្ហាព្រំដែន​កេង​ចំណេញនិ​ងបំពុលសង្គម។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពចេញពី​ក្រុងតាខ្មៅ​ឆ្ពោះ​​​ទៅកាន់​ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដោយព្រមាន​វាយបណ្តេញទ័ពឡាវចេញពីទឹកដី​ខ្មែរ ប៉ុន្តែក្រោយ​ពីព្រមាន​​មិន​បានមួយសប្តាហ៍ផង ឡាវបានដកទ័ពចេញពីទឹកដីកម្ពុជា​។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ខែសីហានេះ លោក សុខ ទូច បានថ្លែងថា កម្ពុជាមានផែនទីខ្នាត ១/១០០០ ចំនួន១១ផ្ទាំង ដែល​មាន​ប្រវែង៥៤០គីឡូម៉ែត្រ រវាងព្រំដែនកម្ពុជា​និងឡាវ។ យោងតាមផែនទីនេះ ​លោកថា នឹងបោះពុម្ព​សៀវ​ភៅ​មួយក្បាលកំរាស់ប្រហែល១០០ទំព័រ ពាក់ព័ន្ធនឹងកងទ័ព​ឡាវលួចចូល​ទឹក​ដី​កម្ពុជា ស្ថិតនៅ​ស្រុក​សៀមប៉ាង​ ខេត្តស្ទឹងត្រែង ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ​សិក្សាយល់ដឹង​ពីប្រវត្តិ​សាស្ត្រ​កម្ពុជា ដោយថា ​កុំឲ្យ​អ្នកនយោបាយមួយចំនួន យកបញ្ហាព្រំដែនបកស្រាយ ដើម្បីកេងចំណេញ និងបំភ្ល័យខុសពីការពិត។

លោកថ្លែងថា«ប្រហែលជាមិនយូរទេ យើងនឹងចេញសៀវភៅប្រហែលជាមួយរយទំព័រ សម្រាប់និយាយពី​តំបន់[ស្រុកសៀមប៉ាង]នេះ និងយុទ្ធសាស្ត្រប្រវត្តិសាស្ត្រ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ប្រសិនបើឡាវ មក​ជាន់ដី[ស្រុកសៀមប៉ាង]យើងមានសៀវភៅភ្លាមនាយករដ្ឋមន្ត្រី [នៃប្រទេស]ទំាងពីរបានយល់ព្រមហើយទំាង​​អស់ បានយើងបានរៀបចំសៀវភៅ កុំឲ្យអ្នកនយោបាយធ្វើពាណិជ្ជកម្មនៅលើបញ្ហាព្រំដែន យក​ព្រំដែន​ ដើម្បីបំពុលបរិយាកាសនៅក្នុងសង្គម​»

​អ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោក សាម អ៊ីន យល់ថា បញ្ហា​ព្រំដែន​ជារឿង​រស៊ើប​របស់​រដ្ឋាភិបាល ករណីនេះ លោកថាដើម្បីចងក្រងឯកសារ​ប្រវត្តិសាស្ត្រ​​​​ពាក់ព័ន្ធព្រំដែន​ជាមួយ​ប្រទេស​ជិតខាងឲ្យ​មាន​​ភាព​ជឿជាក់ដល់សាធារណជននោះ លោក​ថា លុះត្រាតែមានភាគីចម្រុះចូលរួម។

លោកមានប្រសាសន៍ថា៖ «វាត្រូវតែមានក្រុមការងារបី ដើម្បីធ្វើកិច្ចការព្រំដែន ទីមួយក្រុមការងារអ្នកច្បាប់ ក្រុមការងារប្រវត្តិសាស្រ្ត និងក្រុមការងារអ្នកជំនាញព្រំដែន ដើម្បីធ្វើកិច្ចការហ្នឹង ចងក្រងជាឯកសារ ប្រមូលព័ត៌មាន ប្រមូលទិន្នន័យទំាងឡាយ ហើយនឹងបើកទូលាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវដាក់ជូនទៅរាជរដ្ឋាភិបាល ដាក់ជូនមកឲ្យសាធារណជន ខ្ញុំគិតថាលោក សុខ ទូច ដែលគាត់ធ្វើហ្នឹងប្រហែលជាទើបតែបានជ្រុយណាមួយទេ មិនបានជ្រុងសព្វគ្រប់ទំាងអស់ ពីព្រោះថាលោក សុខ ទូច លោកបំពេញការងារក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល»។

កាលពីចុងសប្តាហ៍មុន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពចេញពី​ក្រុងតាខ្មៅ​ឆ្ពោះ​​ទៅកាន់​ព្រំដែនជាមួយឡាវ ក្រោយពីលោកព្រមានវាយបណ្តេញទ័ពឡាវចេញពីទឹកដី​នៅព្រំដែន។ សកម្មភា​​ពបញ្ជូនទ័ពទៅ​ព្រំដែននេះ ត្រូវបានមហាជនមួយចំនួន​គាំទ្រ និងបានសរសើរថា ជាភាពក្លាហាន ការពារ​បូរណភាពទឹកដី ប៉ុន្តែក៏មានអ្នកខ្លះទៀតថា ជាឆាកល្ខោនរបស់រដ្ឋាភិបាល ដើម្បី​យកប្រជា​ប្រិយ​ភាព​សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ​​។

អ្វីគួរឲ្យកត់សំគាល់ជាងនេះទៀត ក្រោយពីលើកឡើងរបស់លោក ហ៊ុន សែន គឺប្រធានគណបក្សអំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន បង្ហោះ​ព័ត៌​មាននៅលើហ្វេសប៊ុក ជេរប្រមាថមេទ័ពកម្ពុជាថា «ជាមេទ័ពចោរ»។ ករណីនេះ ត្រូវ​បានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ