រដ្ឋាភិបាលកម្ពុជាព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះជនបរទេសទាំងឡាយណាដែលបន្តកាន់កាប់ និងប្រើប្រាស់ ឯកសាររដ្ឋបាលរបស់កម្ពុជាដោយខុសច្បាប់។
ការព្រមានចាត់វិធានការផ្លូវច្បាប់នេះធ្វើឡើងក្នុងអនុក្រឹត្យមួយដែលចេញដោយរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៥ ខែ សីហានេះស្ដីពីការលុបចោល និងដកហូតរកឯកសាររដ្ឋបាលមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់។
អនុក្រឹត្យនោះបន្តថា «ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី គឺសំដៅដល់ឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ដោយខុសនីតិវិធី ឬផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន។»
ក្នុងអនុក្រឹត្យដដែលនោះក៏ព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលឃុបឃិត លួចលាក់ ក្លែងបន្លំ ឬបន្តផ្ដល់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដល់ជនបរទេសប្រើប្រាស់ផងដែរ។
ទោះយ៉ាងណាក្នុងអនុក្រឹត្យនោះ មិនបានបញ្ជាក់លម្អិតថា ឯកសាររដ្ឋបាលអ្វីខ្លះដែលត្រូវដកហូត និងការប្រើប្រាស់បែបណាដែលចាត់ទុកថា ខុសប្រក្រតីនោះទេ។
ចំណែកការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕