តុលាការជាន់ខ្ពស់ច្រានចោលការស្នើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃប្រើកំាភ្លើងជ័រ

អតីតព្រះសង្ឃ ហន សុផាន្នី (រូបភាពពីហ្វេសប៊ុក)

តុលាការជាន់ខ្ពស់ បាន​ច្រានចោលសំណើសុំនៅក្រៅឃុំរបស់​អតីត​ព្រះ​​សង្ឃ​មួយ​អង្គនៅ​ខេត្ត​បា​ត់​ដំបង ​​ដែល​​​​ប្រើកំាភ្លើងជ័របង្ហោះលើបណ្តាញសង្គម ដោយថាខ្លាច​ប៉ះពាល់​ដល់សន្តិសុខសង្គម​។

លោក ជួង ជុងី មេធាវីការពារក្តីឲ្យអតីតព្រះសង្ឃ ហន សុផាន្នី បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខ​ច្រកទ្វារ​​សាលា​ឧទ្ធរណ៍ថា តុលាការ ​សម្រេចច្រានចោលការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ដោយថា​ខ្លាច​កូន​ក្តី​របស់​លោកធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុង​សង្គម និងទុក​សំរាប់​ស៊ើប​សួរប​ន្ថែម ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​​​អាវុធខុសច្បាប់។

លោក ជួង ជុងី បញ្ជាក់ថា ការច្រានចោលរបស់សាលាឧទ្ធរណ៍ធ្វើដោយបំពានច្បាប់ ដោយថា កូនក្តីរបស់​លោក​​មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។

លោកថ្លែងថា៖ «ច្បាប់អត់មានហាម​អត់ឲ្យកាន់កំាភ្លើងជ័រឯណា ទៅចោទមនុស្សកាន់កំាភ្លើងជ័រថា ​កាន់​អាវុធ​ដោយគ្មានការអនុញាត អ្នកដែលចោទប្រកាន់គេ គឺបំពានច្បាស់ មនុស្សកាន់ដាវ មានច្បាប់ណាហា​ម​មិ​នឲ្យកាន់ដាវ លើកលែងតែយកដាវទៅកាប់មនុស្ស បានវាខុស​ កាន់ដាវនៅផ្ទះ វាអត់ខុសទេ ដូច​គ្នា​ដែរ​កំាបិត​ផ្គាគ់ បើសិនជាយកកាំបិតផ្គាគ់ ​ទៅកាប់មនុស្សមិនមែន ដោយសារកាន់កំបិទផ្គាគ់ទេ ខុស​ដោយ​សារ​កាប់​មនុស្ស ប៉ុន្តែបែរជាចោទ ចោទដោយទទឹងទិស​តែម្តង នេះគឺខ្ញុំស្តាយណាស់​ គឺបុគ្គលមូយ ចំនួន​គាត់​ប្រើ​អំណាច​តុលាការ គឺគាត់ធ្វើបំពាន»

ទោះជាយ៉ាងណា មេធាវីរូប​នោះ​ អះអាងថា កូនក្តីរបស់លោក​បានផ្តល់សិទ្ធិឲ្យលោក ​បន្តដាក់ពាក្យ​បណ្តឹង​ ប្តឹងទៅ​​តុលាការកំពូល ដើម្បីស្នើសុំឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន​។ ប៉ុន្តែលោក មិន​បានបញ្ជាក់​ពេល​វេលាជាក់លាក់​ ​​ដែលត្រូវ​ដាក់​ពាក្យប្តឹងជំទាស់នោះទេ។

ទាក់ទងនិងករណីនេះ អុ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ មិនធ្វើការបកស្រាយច្រើនទេ ដោយថា ការសម្រេច មិនឲ្យអតីតព្រះសង្ឃ សុផាន្នី នៅក្រៅឃុំបណ្តោះអាសន្ន ដោយថា កុំឲ្យប៉ះពាល់ដល់អង្គសេចក្តី។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា យល់ថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​​មានស្តង់ដារពីរ ដោយលោកលើកករណីអង្គរក្ស លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណ​បក្ស​អំណាច​​​​ខ្មែ​រ​ ដែលប្រើកំាភ្លើងជ័រដូចអតីតព្រះសង្ឃ សុផាន្នី ដែរ តែត្រូវ​បានរួចផុតពីការចោទប្រកាន់​។

លោកមានប្រសាសន៍ថា៖ «ថ្មីៗនេះ យើងឃើញមានមួយករណីទៀត​ដែរ ដែលស្រដៀងនិងករណីដែរ គឺមានកំាភ្លើង​ជ័រ ដែលឆែកថា ជារបស់អង្គរក្សរបស់លោក សួន សេរីរដ្ឋា ដោយមិនត្រូវ​បាន​ចោទប្រកាន់ យើងអាច​សន្និដ្ឋាថា នៅកម្ពុជាយើង ការអនុវត្តច្បាប់​ វាមានស្តង់ដារពីរ ស្តង់ដារខុសគ្នា ហើយបើអនុវត្តច្បាប់​ចំទៅ លើអ្នកដែលមានមតិជំទាស់​ ដែលគេសង្ស័យថាមិនគំាទ្រ ជំទាស់រដ្ឋាភិបាលយើងតែងតែឃើញមាន​សម្ពាធ ជាពិសេសគឺការចាប់ខ្លួន ដើម្បីដាក់សម្ពាធតែម្តង​​​​​»

កាលពីចុងខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹក ហើយវាយខ្នោះអតីត​​ព្រះ​សង្ឃ ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ខេត្តបាត់ដំបង ដែលកាំភ្លើងនោះជាកាំភ្លើងជ័រ ដោយ​ចោទ​ប្រកាន់​ពី​ បទ​ប្រើ​ប្រាស់​​អាវុធ​ខុសច្បាប់ ខណៈបច្ចុប្បន្ននេះកំពុងឃុំខ្លួននៅពន្ធនាគារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ