រដ្ឋាភិបាលប្រាប់កាសែតខេមបូ​ឌា​ដេលី​​ឲ្យបង់​​ពន្ធ បើ​ចង់បន្ត​ការ​ងារ

លោក​នាយក​រដ្ឋ​មន្ត្រីកម្ពុជា​នៅថ្ងៃអង្គារនេះ ប្រាប់ឲ្យស្ថាប័នសារព័ត៌មានឯក​រាជ្យ​មួយ​​ដែល​ធ្វើ​ការ​នៅ​កម្ពុជា​ជាង​២០​ឆ្នាំមក​ហើយឲ្យបង់​ពន្ធចូលរដ្ឋ ប្រសិន​ជាស្ថាប័ន​កាសែតនេះ​ចង់​បន្ត​ការងារកម្ពុជា ក្រោយរដ្ឋាភិបាលក៏បានព្រមានចាត់វិធានការតាមច្បាប់។

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៤ ខែសីហា បាន​ទុក​ពេល​៣០​ថ្ងៃ​ ឲ្យ​អ្នក​គ្រប់​គ្រង​កាសែត​ខេម​បូ​ឌាដេលីទៅ​បង់​ពន្ធ ​ដែល​រដ្ឋ​ថា ​បាន​ជំពាក់​ខ្លួន​ជាង១០​ឆ្នាំមក​នេះ ​ក្នុង​ទំហំទឹកប្រាក់​ជាង​៦លាន​ដុល្លា ដោយ​ថា​នឹង​មាន​វិធាន​ការ ​ប្រសិនស្ថាប័នកាសែត​ឯក​រាជ្យ​មួយ​នេះ​មិនព្រមបំពេញកាតព្វកិច្ចទៅ​បង់​។

បន្ថែម​លើ​ការ​ជូន​ដំណឹង​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២សីហា​នេះថា​ បើ​កា​សែត​នេះចង់​នៅ​បន្តអាជីវកម្ម​នៅ​កម្ពុជាទៀតនោះ​ស្ថាប័ន​នេះ​ត្រូវបង់​ពន្ធ​ជូន​រដ្ឋ​។

លោក​ថា៖ «តែ​អានេះ​ តាំង​ពីកើត​ចេញ​ជារូប​រាង​មក​មិន​ដែល​បង់ពន្ធ​ឲ្យ​រដ្ឋ​ទេ! សុំ​ទោស​! ឥឡូវ​កំពុង​បង្វែរទៅ​ជា​ផ្លូវ​នយោបាយ​ហើយ។ ខ្លួន​ឯង ជា​មេចោរ​រួច​ហើយ ​មក​បង្រៀន​គេ បង់​ពន្ធ​ឲ្យ​រដ្ឋ​មក​បើ​ចង់​នៅ​តទៅ​ទៀត បង់​ពន្ធ​ឲ្យ​រដ្ឋ។ បើ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ​ វិច​បង្វិច​ចាកចេញ​ទៅ អាហ្នឹង​និយាយ​គ្នា​ឲ្យ​ច្បាស់​ៗ​ហើយ​គ្នា​រឿង​នយោបាយ​ក្នុងហ្នឹង​ទេ!»។

សារព័ត៌មានដែលគេថា ស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានស្រង់សម្តី អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ វិបុល ម​ក​ចុះផ្សាយថា «កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យ​ស​ម្ប​ត្តិ ប្រសិ​ន​បើ​​​ឱ​សានវាទនៃការកំណត់ របស់​អគ្គ​នាយក​​ដ្ឋាន​ពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ខែ​កញ្ញាឆ្នាំ​២០១​៧​»។

អ្នកគ្រប់គ្រងការសែតខេមបូឌាដេលីលោក Douglas Steele បានឲ្យវីអូឌីដឹងតាមរយៈសារអេឡិចត្រូនិចអ៊ីម៉ែលថា ប្រសិនជាលោកហ៊ុន សែន នៅតែចង់បិទទ្វារកាសែតខេមបូឌាដេលីមែននោះ គាត់នឹងបង្កើតកំហុសមួយទៀតដូចដែល សម្តេច សីហនុ ធ្វើកាលពីឆ្នាំ១៩៦៥ ហើយវាជាការប្រើលេសជំនួសការសម្រេចចិត្តនយោបាយមួយក្នុងការបិទកាសែតឯករាជ្យដែលលោកធ្វើមុនការបោះឆ្នោតឆ្នាំក្រោយ។ តើវាមិនគួរឲ្យតក់ស្លុតទេដែលអ្នកនយោបាយធ្វើនយោបាយបែបនេះ?​

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន លោក មឿន ឈានណារិទ្ធ លើកឡើងថា កាសែត​ខេម​បូឌា ដេលី ធ្លាប់ចុះផ្សាយចំនុចខ្វះខាត របស់អាជ្ញាធរថ្នាក់ក្រោមជាតិ រួមទាំងចំនុច​រសើប​របស់​រ​ដ្ឋាភិបាល។ លោកថា ការព្រមាន កាសែត ដេលី ជាផ្នែកមួយគំរាមដល់​សារ​ព័ត៌មា​នដទៃទៀត ដែលបា​នចូ​ល​រួ​​មផ្សព្វផ្សាយ ដោយឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ជំរុញឲ្យមានអភិបាលកិច្ច តាម​បែប​ប្រ​ជា​ធិបតេយ្យ។

លោកថា៖ «កាសែតប្រៀបបានជាសវនករ ឫជាក្រុមហ៊ុនសវនកម្ម ដែលផ្តល់សេវា ដោយ​មិនគិតកម្រៃ​ ដើម្បីជួយកែលម្អចំពោះការជួយបំពេញការងារ ចំពោះមន្ត្រីរាជការ ក្រសួងមន្ទីរ និងស្ថាប័នផ្សេងៗ របស់​រដ្ឋនៅ​ពេលដែលកាសែតមើលឃើញថា មន្ត្រីណាម្នាក់នៅក្នុងជួររដ្ឋាភិបាល គាត់​ធ្វើការ​មិន​បាន​ល្អ ​ស្ថាប័​នណាមួយធ្វើមិនបានល្អ ដូចជាមានអំពើពុករលួយសារព័ត៌មានចុះផ្សាយ វាហាក់ដូចជាជួយដល់រដ្ឋា​ភិបាល ដើម្បីឲ្យគាត់កែលម្អនូវការផ្តល់សេវាកាន់តែល្អជូនសាធារណជនកាន់តែប្រសើរ»។

លោក មឿន ឈានណារិទ្ធ លើកឡើងដែរថា បើកាសែត រិះគន់រដ្ឋាភិបាលមួយនេះ ត្រូវបានគេបញ្ជា​ឲ្យបិ​ទដូច​ការគំរាមមែន លោកថារដ្ឋាភិបាលទៅវិញទេ ជាអ្នកខាតប្រយោជន៍ ដោយថាពេលនេះពលរដ្ឋ​ភា​គ​ច្រើ​​នកំពុងចាប់អារម្មណ៍និងឲ្យ​តម្លៃទៅលើ​ប្រ​ព័ន្ធផ្សព្វផ្សាយ ដែលហ៊ាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ក្នុងសង្គម។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេសនិង​ជាភាសាខ្មែរ​នេះ បានធ្វើការ​នៅ​កម្ពុជាតាំង​ពី​ឆ្នាំ​១៩៩៣មក​ ដែល​បាន​សរសេរ​រិះគន់​រដ្ឋាភិបាល​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​នយោបាយ និង​ការ​គ្រប់គ្រង​សង្គម ដែល​យូរៗ​ម្តង​​កាសែតមួយ​នេះ​​ត្រូវ​បាន​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​ខ្លួន​​ផង​ដែរ។ នៅ​ឆ្នាំ​នេះមាន​អ្នក​កាសែត​របស់​ខេមបូ​ឌាដេលី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​រតនៈគិ​រី​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​អ្នក​កាសែត​ពីរនាក់​នោះបាន​ចុះ​ទៅ​ធ្វើ​ព័ត៌មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ក្នុង​ខេត្ត​នេះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ