រដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរុករកប្រេងសិង្ហបុរី ក្នុងរយៈពេល២៥ឆ្នាំ សម្រាប់ការរុករកប្រេងលើផ្ទៃទឹកជាង៣ពាន់គីឡូម៉ែត្រការ៉េ ក្នុងដែនសមុទ្ទខេត្តព្រះសីហនុ។
ក្រុមហ៊ុនគ្រីសអេនើជី នៅព្រឹកថ្ងៃពុធទី២៣សីហានេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងរ៉ែ និងថាមពល សម្រេចចុះហត្ថលេខាផ្តល់សិទ្ធិឲ្យរុករករ៉ែប្រេងកាតនៅតំបន់ A (ប្លុក) ក្នុងដែនទឹកខេត្តព្រះសីហនុ លើទំហំផ្ទៃទឹក៣ ០៨៣គីឡូម៉ែត្រការ៉េ ដែលតំណក់ប្រេងដំបូង នៃការរុករកនេះត្រូវបានគេរំពឹងថា អាចចំរាញ់ចេញនៅចុងឆ្នាំ២០១៩។
ថ្លែងក្នុងពិធីចុះហត្ថលេខានៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថានេះជាការចាប់ផ្តើមថ្មី ឲ្យមានផលិតកម្មប្រេងឆៅជាលើកដំបូងនៅកម្ពុជា ដែលតាមការប៉ានស្មានតំបន់នេះ អាចមានប្រេងឆៅប្រមាណ ៣០លានប៉ារ៉ែល ដែលអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងមួយផងដែរនាថ្ងៃអនាគត។
លោកថា៖ «ការចាប់ផ្តើមអភិវឌ្ឍន៍អណ្តូងប្រេងនៅប្លុកAនេះ ក៏ជាកត្តាលីករជម្រុញ ឲ្យមានការសិក្សា ដ៏ខ្លាំងក្លាថែមទៀតនៅប្លុកប្រេង ដែលមាននៅទំនេរចំនួន៥ នៅដែលសមុទ្ទ និង១៨ប្លុកទៀត នៅលើដែនគោក»។
ដៃគូចូលរួមក្នុងការស្វែងរកប្រេងកាតក្នុងតំបន់ A នេះ គឺមានចំណែកពីក្រុមហ៊ុនគ្រីសអេនើជី ៩៥ភាគរយ និងរាជរដ្ឋាភិបាលកម្ពុជា ៥ភាគរយ។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជីប្រចាំកម្ពុជាលោក ខេវិន តាំង បានឲ្យអ្នកសារព័ត៌មានដឹងថា ការយក៥ភាគរយ ដោយរដ្ឋាភិបាលកម្ពុជានេះ ជាកម្រិតមួយដែលខ្ពស់ ដោយសារតែក្រុមហ៊ុននេះ បានចេញប្រាក់ដើមទាំងស្រុង ១០០ភាគរយ តែទោះជាយ៉ាងណា លោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោក នឹងអាចធ្វើការបានងាយស្រួលជាមួយរដ្ឋាភិបាលកម្ពុជា។
លោកថា៖ «បើទោះបីជារដ្ឋាភិបាល មិនមានភាគហ៊ុននៅក្នុងហ្នឹង ហើយខាងក្រុមហ៊ុនយើង មានភាគហ៊ុន១០០ភាគរយ ក៏ដោយ គឺថារដ្ឋាភិបាលក៏នៅតែទទួលបានអត្ថប្រយោជន៍ ពីការផលិតប្រេងហ្នឹងដែរ ជាពិសេសទាញអត្ថប្រយោជន៍ បានពីការប្រមូលពន្ធដារ ពីខាងក្រុមហ៊ុន ពីខាងសួយសារពីRoyalty ដែលរដ្ឋាភិបាលប្រមូលបានផងដែរ ពីក្រុមហ៊ុននោះ រដ្ឋាភិបាលនៅតែទទួលបានអត្តប្រយោជន៍ដដែល»។
កាលពីឆ្នាំ២០១២ គម្រោងខួងរករ៉ែនៅតំបន់Aនេះ ត្រូវបានពន្យាម្តងរួចមកហើយ ដោយសារកង្វះធនធានបច្ចេកទេស ដែលកាលនោះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Chevron។
រហូតមកដល់ពេលបច្ចប្បន្ន មានអណ្តូងស្វែងរុករកប្រេងចំនួន២៧ ត្រូវបានខួងក្នុងទម្រង់ដើមនៃប្លុក A ដែលក្នុងនោះ មានអណ្តូងចំនួន១៣ ត្រូវបានគេរកឃើញមានប្រេង ដែលមានស្រទាប់ប្រេងកម្រាស់ពីជិត១ម៉ែត្រ ទៅ៤២ម៉ែត្រ អណ្តូងចំនួន៨ រកឃើញមានប្រេង និងឧស្ម័ន ដែលមានស្រទាប់ប្រេងកម្រាស់ជាង១ ទៅ២៧ម៉ែត្រ និងស្រទាប់ឧស្ម័នកម្រាស់ពី១ ទៅ១៦ម៉ែត្រ ហើយអណ្តូងចំនួនពីរទៀតត្រូវបានគេរកឃើញ មានស្រទាប់ឧស្ម័នកម្រាស់ពី១ទៅ២២ម៉ែត្រ ដែលមានផ្ទុកឧស្ម័នកាបូនិកខ្ពស់។
បើតាមរបាយការណ៍ ក្នុងនោះ អណ្តូងចំនួន៦ ត្រូវបានខួងនៅក្នុងតំបន់អប្សរា ដែលអណ្តូងនីមួយៗ ត្រូវបានគេប្រទះឃើញមាន ស្រទាប់អ៊ីដ្រូកាបូនក្នុងកម្រាស់ចន្លោះពី២២ ទៅ៤២ម៉ែត្រ។ អាងចំនួន៤នៃអណ្តូង២ ត្រូវបានដាក់ធ្វើតេស្តផលិតកម្ម ដោយអណ្តូង១ មានលំហូរប្រេង៤១០បារ៉ែលក្នុងមួយថ្ងៃ និងអណ្តូង១ទៀត គឺមានលំហូរប្រេង៩៦០បារ៉ែលក្នុងមួយថ្ងៃ៕
រាយការណ៍បន្ថែមដោយលោក ហូរ តុងហាន់