សង្គមស៊ីវិលនិងអ្នកវិភាគ ព្រមានថា កម្មករក្នុងវិស័យកាត់ដេរ ប្រឈមនឹងអត់ការងារធ្វើមុនគេ បើទំនាក់ទំនងការទូត រវាងកម្ពុជានិងមហាអំណាចលោកសេរី មានភាពចម្រូងចម្រាសកាន់តែខ្លាំងនោះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ ម្សិលមិញ បានបញ្ជាឲ្យបិទវិទ្យាស្ថានប្រជាធិបតេយ្យរបស់អាមេរិក NDI ដោយចោទថា អង្គការអន្តរជាតិមួយនេះ មិនគោរពច្បាប់ បើទោះជាមានការច្រានចោលនិងបញ្ជាឲ្យបិទរលកធាតុអាកាសផ្សាយ ដែលជួលម៉ោងឲ្យប្រព័ន្ធផ្សព្វផ្សាយមិនចំណុះរដ្ឋាភិបាលយ៉ាងតិចចំនួន៦ ដូចជា វិទ្យុស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងកម្មវិធីផ្សាយរបស់វិទ្យុ VOD ជាដើម ចោទថាម្ចាស់ស្ថានីយ រំលោភកិច្ចព្រៀងជាមួយក្រសួងព័ត៌មាន។
ករណីនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រតិកម្មដាក់ជាសំនួរថា៖ «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចចិត្ត»។
ប៉ុន្តែនៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលគេថា ស្និទ្ធនឹងរដ្ឋាភិបាលបានចុះផ្សាយថា អ្នកគាំទ្របក្សកាន់អំណាច នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ដូចកាលទស្សវត្ស៦០ ប្រឆាំងទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកនេះ ដោយថា «អាមេរិក បានលូកលាន់ចូលដែនអធិបតេយ្យរបស់កម្ពុជា»។
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា មានតែប្រទេសកុម្មុយនីស្តទេ ដែលបំបិទសំឡេងអ្នករិះគន់ ហើយតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់សរសើរគោលនយោបាយ របស់រដ្ឋាភិបាល។
លោក មឿន តុលា បានឲ្យដឹងទៀតថា វិធានការនេះទំនងជារដ្ឋាភិបាលទទួលព័ត៌មានខុសពីមន្ត្រីថ្នាក់ក្រោមខិលខូចមួយចំនួនប្រព្រឹត្តអំពើអយុតិ្តធម៌ដល់ជនងាយរងគ្រោះ ហើយបែរជាយល់ថា ការធ្លាក់ប្រជាប្រិយភាពកន្លងទៅ មកពីសម្លេងអ្នករិះគន់។
លោកថា៖ «កាលណាសង្គមមួយ បើសិនជាការដឹកនាំបានបន្សល់ទុកនូវកំហុសច្រើនអំពើពុករលួយច្រើនអយុត្តិធម៌ច្រើន គឺថ្នាក់ដឹកនាំតែងតែខ្លាចរលប្រជាធិបតេយ្យខ្លាចបំផុតការចូលរួមយ៉ាងសកម្ម របស់ពលរដ្ឋក្នុងសង្គមហើយ»។
លោក មឿន តុលា លើកឡើងថា រដ្ឋាភិបាលធ្លាប់លើកឡើងថា កំណើនសេដ្ឋកិច្ចដែលកម្ពុជារក្សាបានពី៧ភាគរយជាង ក្នុងមួយឆ្នាំនេះ ថាមួយផ្នែកធំ បានពីវិស័យកាត់ដេរ។ ដូចនេះ លោកថា បើទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែតានតឹង លោកថា កម្មករក្នុងវ័យកាត់ដេរ នឹងរងគ្រោះមុនគេ ដោយថាទីផ្សារអាមេរិកនិងសហភាពអឺរុប ជាទីផ្សារសំខាន់សម្រាប់ទិញផលិតផលកាត់ដេរ និងស្បែកជើងពីកម្ពុជា។
លោកថា៖ «បើសិនជាប្រទេសទាំងពីរហ្នឹង គេផ្អាក់នាំចូលទំនិញពីកម្ពុជាតើ វាមិនបាត់បង់ការងារពលរដ្ឋយើង៧០ម៉ឺន៨០ម៉ឺននាក់នឹងបាត់ទៅហើយ។អាហ្នឹងវាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិទាំងមូល ដូច្នេះខ្ញុំគិតថាវាអត់ចំណេញទេ។អ្វីដែលខ្ញុំមើលសាររបស់ស្ថានទូតអាមេរិកក្តី សាររបស់សហភាពអឺរុបក្តីដែលចង់ឲ្យកម្ពុជាចាប់យករបបប្រជាធិបតេយ្យនិយមនេះសម្រាប់ប្រយោជន៍ជាតិយើងទេ មិនមែនសម្រាប់ប្រយោជន៍ប្រទេសទាំងនោះទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ទំនាក់ទំនងល្អ រវាងកម្ពុជា និងសហគមន៍អន្តរជាតិលោកសេរី លោកថាពិតជាបានជួយពង្រឹងសេដ្ឋកិច្ច និងបង្កើតការងារដល់ពលរដ្ឋខ្មែរច្រើនម៉ឺននាក់។ លោកជំរុញឲ្យរដ្ឋាភិបាល គួររកដំណោះស្រាយណាមួយ ធានាដល់ប្រយោជនជាតិ ជាជាងរុញបញ្ហានេះ ឲ្យកាន់តែតានតឹង។
លោកថា៖ «មិនមែនឲ្យតែប្រទេសមហាអំណាចធ្វើអីសុតតែត្រូវទេបាទ ប៉ុន្តែបើសិនជាធ្វើអីឲ្យខុសឆ្គងដែលធ្វើឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍ដល់ប្រទេសនិមួយៗគេអាចនឹងមានសិទ្ធិទាមទារតវ៉ាអញ្ចឹងដែរបាទ។ ប៉ុន្តែយើងត្រូវគិតថាភាពសមស្របរបស់យើងហ្នឹងនៅកន្លែងណា ដែលជាមូលមូលហេតុ ហើយម្យាងវិញទៀតក៏យើងព្យាយាមឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាច»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការគំរាមក្រុមអង្គការសង្គមស៊ីវិល បណ្តេញអង្គការអាមេរិក NDI និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនពេលនោះ លោកវិភាគថា ទំនងជាយុទ្ធនាការទប់ស្កាត់ បិទសំឡេងឯករាជ្យ មុនការបោះឆ្នោតមកដល់។
លោកថា៖ «កន្លងទៅរដ្ឋាភិបាលបានប្រើវោហាសាសន៍មួយចំនួន ដូចជាការប្រើប្រាស់គល់ឫស្សីសម្រាប់អ្នកតវ៉ាលទ្ធផលបោះឆ្នោត ឬក៏ការបង្ក្រាបអីនានានោះ។ អញ្ចឹងទំនងជា [បារម្ភ]ពីការកើតហិង្សានៅពេលបោះឆ្នោតនៅពេលខាងមុខ ពិសេសនៅពេលដែលប្រកាសលទ្ធផលបោះឆ្នោត។អញ្ចឹងការធ្វើតេសមើលនេះ ទំនងជាចង់មើលជំហរបស់បណ្តាប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ថាតើមានការជួយជ្រំជ្រែងលើកការខ្វល់ខ្វាយបញ្ហាប្រជាធិបតេយ្យកម្រិតណា»។
ទោះជាយ៉ាងណា លោក សូ ចន្ថា វិភាគថា ការព្យាយាមបង្កភាពតានតឹងជាបណ្តាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកថានឹងមិនបានស្វែងរកលាភជូនកម្ពុជា ហើយថាការដែលមេដឹកនាំបច្ចុប្បន្នចង់ជំរុញកម្ពុជា ឲ្យដើរលើគន្លងចាស់ដូចទសវត្សរ៍៦០នោះ លោកថាក៏ពិបាកនឹងទៅរួចដែរ។
លោកថា៖ «ដោយសារតែកម្ពុជាបានចុះសច្ចាប័នច្បាប់អន្តរជាតិជាមួយអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ។អ្វីដែលពិសេសជាងនេះទៀតនោះ គឺយើងទទួលបានជំនួយពីបរទេសជារៀងរាល់ឆ្នាំ មានន័យថាយើងសន្យាកម្មវិធីតាមបែបប្រជាធិបតេយ្យ ដូច្នេះខ្ញុំគិតថាយើងមិនអាចវិលត្រឡប់ទៅរករបបទសវត្សរ៍៦០បានទេ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ធ្លាប់ប្រាប់កម្មករថា រដ្ឋាភិបាលនឹងនៅតែបន្តអនុវត្តគោលនយោបាយ ទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទន់នៅកម្ពុជា ដើម្បីបង្កើតទីផ្សារការងារ បន្តតម្លើងប្រាក់ឈ្នួលដល់កម្មករជាដើម។ ប៉ុន្តែអ្នកវិភាគព្រមានថា ការសន្យារបស់រដ្ឋាភិបាល ទទួលបានខុសពីការរំពឹងទុក បើរដ្ឋាភិបាលមិនបន្តដើរលើគន្លងប្រជាធិបតេយ្យនោះ៕









