លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមយុទ្ធនាការជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីជាង ៤ពាន់នាក់ មកពីបណ្ដារោងចក្រនានានៅទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ វាជាការពិតថា នេះគឺជាលើកដំបូងហើយដែលលោក ហ៊ុន សែន បានជួបជាមួយក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ អំឡុងពេលលោកដឹកនាំប្រទេសនៅក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយមកនេះ។
ក្នុងជំនួបកាលពីថ្ងៃទី២០ ខែសីហានោះ លោក ហ៊ុន សែន បានកំណត់ពេលជាក់លាក់ដល់ទៅពីរថ្ងៃក្នុងមួយសប្ដាហ៍ ដោយលោកថា លោកកំណត់ជួបសំណេះសំណាលក្រុមកម្មករកម្មការិនីនៅរៀងរាល់ថ្ងៃអាទិត្យ ហើយនឹងចុះសួរសុខទុក្ខពួកគេនៅតាមរោងចក្រដោយផ្ទាល់នៅរៀងរាល់ថ្ងៃពុធ។ ដូចបានគ្រោងទុកមែន មកដល់ថ្ងៃពុធនេះ លោក ហ៊ុន សែន បានចុះទៅជួបក្រុមកម្មករកម្មការិនីដោយផ្ទាល់ នៅតាមរោងចក្រនានា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅជាយរាជធានីភ្នំពេញ។
ខណៈដែលយុទ្ធនាការនេះបានចាប់ផ្ដើមនោះ សំណួរមួយបានចោទសួរថា តើសកម្មភាពរបស់លោក ហ៊ុន សែន អាចនឹងជួយស្ដារប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះជាថ្មីទៀត នៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយឬទេ?
នៅត្រង់សំណួរនេះ វាពិបាកដឹងច្បាស់លាស់ណាស់ថា តើសកម្មភាពស្និទ្ធស្នាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមកម្មករកម្មការិនី អាចនឹងជួយស្ដារប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា ឬក៏ជួយឲ្យបក្សកាន់អំណាចនៅបន្តឈ្នះការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ។ ប៉ុន្តែ អ្វីដែលគេដឹងច្បាស់នោះគឺថា យុទ្ធនាការនេះ គឺដើម្បីស្វែងរកគាំទ្រពីមហាជន ដូចទៅនឹងអ្វីដែលលោក ហ៊ុន សែន បានបញ្ជាក់ត្រង់ៗ អំឡុងពេលលោកថ្លែងក្នុងវេទិកាជាតិលើកទី១ ស្ដីពីការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុនដូច្នោះដែរ។
ដោយនិយាយចំពោះតែកម្មករកម្មការិនី នេះពិតជាលើកដំបូងហើយ ប៉ុន្តែ បើនិយាយទូទៅវិញនោះ លោក ហ៊ុន សែន បានចាប់ផ្ដើមយុទ្ធនាការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋចាប់តាំងពីខែកក្កដាឆ្នាំមុនមកម៉្លេះ ដោយចាប់ពីពេលនោះមក លោកបានជួបជាមួយប្រជាពលរដ្ឋទូទៅ ក្រុមអាជីវករ មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។ ដូច្នេះ លោក ហ៊ុន សែន គ្រាន់តែបន្តផ្នែកមួយទៀតនៃយុទ្ធនាការរបស់លោក ក្នុងការចុះជួបសួរសុខទុក្ខពលរដ្ឋនៅទូទាំងប្រទេស ដើម្បីស្វែងរកការគាំទ្រពីមហាជនទូទៅ។
បើពិនិត្យមើលឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍ដែលបានកើតឡើង និងដែលគ្រោងនឹងកើតឡើងនោះ យុទ្ធនាការចុះជួបមហាជននិយាយជាទូទៅ ឬជួបសួរសុខទុក្ខក្រុមកម្មករកម្មការិនី និយាយដោយចំពោះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាច បានបាត់បង់សំឡេងគាំទ្រដល់ទៅ ២២អាសនៈ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។
បើទោះបីជាបក្សកាន់អំណាចអាចរក្សាបានសំឡេងភាគច្រើន ដែលអាចឲ្យបន្តដឹកនាំរដ្ឋាភិបាលក្ដី ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតនោះ បានបន្សល់ទុកនូវភាពចម្រូងចម្រាស់ ដែលបានកើតឡើងស្របគ្នាទៅនឹងចលនារបស់ក្រុមកម្មករកម្មការិនីបានផ្ទុះឡើងទាមទារដំឡើងប្រាក់ឈ្នួលនាពេលនោះ រហូតដល់មានការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើពួកគេនៅតំបន់សេដ្ឋកិច្ចពិសេស និងនៅតាមដងផ្លូវវេងស្រេង នៅដើមខែមករា ឆ្នាំ២០១៤កន្លងមក។
បើយើងពិនិត្យមើលបន្ថែមទៀត យុទ្ធនាការចុះជួបសួរសុខទុក្ខក្រុមកម្មករកម្មការិនីពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើងក្រោយពីគណបក្សរបស់លោកបន្តបាត់បង់ការកាន់កាប់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើនទៅខាងបក្សប្រឆាំង នៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន កាលពីខែមិថុនាកន្លងមកថ្មីៗនេះ។ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបាត់បង់ការគ្រប់គ្រងឃុំសង្កាត់ដល់ទៅជិត ៥០០ឃុំសង្កាត់នៅទូទាំងប្រទេស ទៅខាងគណបក្សសង្គ្រោះជាតិ។
ម្យ៉ាងវិញទៀត យុទ្ធនាការនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ មិនមែនចៃដន្យដោយសារតែវាជាផ្នែកមួយនៃយុទ្ធនាការចុះជួបមហាជនទូទៅ ដែលចាប់ផ្ដើមតាំងពីខែកក្កដាឆ្នាំ២០១៦មកម៉្លេះ ក្រោយពីការស្ទង់មតិសាធារណជនមួយ ត្រូវបានរៀបចំធ្វើឡើងកាលពីខែឧសភាម្ដង និងនៅក្នុងខែកញ្ញាម្ដងទៀត។ ការស្ទង់មតិនោះ ត្រូវរៀបចំំឡើងដោយក្រុមហ៊ុនរៀបចំយុទ្ធសាស្ត្រនយោបាយឈ្មោះថា SHAVIV Strategy & Campaign ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែល។ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានទម្លាយថា ការស្ទង់មតិនោះត្រូវបានរៀបចំដោយសម្ងាត់ពីសំណាក់គណបក្សកាន់អំណាច។
លទ្ធផលនៃការស្ទង់មតិកាលពីខែឧសភានោះ បានរកឃើញថា អ្នកឆ្លើយតប ៥៥ភាគរយ បានប្រាប់ថា ចូលចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយតួលេខអ្នកចូលចិត្តលោក ហ៊ុន សែន បានធ្លាក់ចុះមកពីត្រឹម ៤០ភាគរយប៉ុណ្ណោះ នៅក្នុងការស្ទង់មតិជាថ្មីម្ដងទៀតនៅខែកញ្ញា ឆ្នាំ២០១៦។
ចំណែកអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី មានអ្នកចូលចិត្តដល់ទៅ ៥៨ភាគទៅវិញ មុននឹងធ្លាក់ចុះមកនៅត្រឹម ៤៦ភាគរយ នៅក្នុងការស្ទង់មតិនៅខែកញ្ញាដូចគ្នា។ សម្រាប់មេដឹកនាំបក្សប្រឆាំងបច្ចុប្បន្ន លោក កឹម សុខា មានអ្នកចូលចិត្តដល់ទៅ ៥០ភាគរយ នៅក្នុងការស្ទង់មតិនៅខែកញ្ញានោះ។
បើគេពិនិត្យមើលទៅខាងមុខ គេនឹងបានឃើញថា យុទ្ធនាការចុះជួបសួរសុខទុក្ខក្រុមកម្មករកម្មការិនីនេះ បានកើតឡើងនៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ការបោះឆ្នោតជាតិឆ្នាំក្រោយនេះ ត្រូវបានអ្នកឃ្លាំមើលនយោបាយ និងសង្គមកម្ពុជាចាត់ទុកជាការប្រកួតប្រជែងដ៏តឹងតែងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
បើនិយាយចំពោះក្រុមកម្មករកម្មការិនីនៅក្នុងវិស្ស័យកាត់ដេរ វាជាលើកដំបូងសម្រាប់លោក ហ៊ុន សែន ដែលបានចុះជួបផ្ទាល់ជាមួយពួកគេ ប៉ុន្តែ លោកបានបោះជំហ៊ានក្រោយអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ទៅវិញទេ។ អតីតមេបក្សប្រឆាំងរូបនេះ បានចុះជួបជាមួយក្រុមកម្មករតាំងពីប្រហែល ២០ឆ្នាំមុនម៉្លេះ ជាពិសេសនៅពេលក្រុមកម្មករកម្មការិនី បានចេញតវ៉ាទាមទារការអនុវត្តសិទ្ធិរបស់ពួកគេ។
បើនិយាយអំពីក្រុមកម្មករកម្មការិនីនៅក្នុងវិស័យកាត់ដេរ ពួកគេមានចំនួនប្រហែល ៧០ម៉ឺននាក់ ដែលប្រមូលផ្ដុំទៅមនុស្សមានវ័យក្រោម ៣៥ឆ្នាំ។ ពួកគេត្រូវបានក្រុមសហជីពអះអាងជារឿយៗ ប្រឈមមុខនឹងលក្ខខ័ណ្ឌការងារលំបាក ប្រឈមមុខនឹងបញ្ហាសុខភាព ការដួលសន្លប់ ទទួលបានប្រាក់ឈ្នួលទាប និងរងការរំលោភបំពានសិទ្ធិការងារ។
ទោះបីគ្មានការវាយតម្លៃច្បាស់លាស់ថា យុទ្ធនាការចុះជួបកម្មករកម្មការិនីពីសំណាក់លោក ហ៊ុន សែន នឹងជួយស្ដារប្រជាប្រិយភាពបក្សបានកម្រិតណាក៏ដោយ ប៉ុន្តែ ចង់មិនចង់ សកម្មភាពនេះអាចលួងលោមដល់ទឹកចិត្តរបស់ពួកគេបានខ្លះ។ ពួកគេអាចទទួលបានអារម្មណ៍ថ្មីថា ទទួលបានការយកចិត្តទុកដាក់ជាងមុន បូករួមទាំងការប្រកាសឲ្យដឹងពីការផ្ដល់អត្ថប្រយោជន៍ផ្សេងៗនាពេលថ្មីៗនេះពីសំណាក់លោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង។
មួយវិញទៀត លើសពីការលួងលោមទឹកចិត្តពួកគេ លោក ហ៊ុន សែន ក៏អាចដណ្ដើមយកទីតាំងមួយដែលលោក សម រង្ស៊ី ធ្លាប់ឈរទៅជិតក្រុមកម្មករកម្មការិនីអស់រយៈពេលមិនតិជាង ២០ឆ្នាំមកហើយដែរ។ ក្រុមកម្មករកម្មការិនី អាចបានមើលឃើញថា ជាក្រុមមានសក្ដានុពលទៅលើពលរដ្ឋរាប់លាននាក់ផ្សេងទៀតនៅតាមតំបន់ជនបទ ជាពិសេសឪពុកម្ដាយរបស់ពួកគេតែម្ដង៕