រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃព្រហ្បសតិ៍នេះ បានការពារចំណាត់ការរបស់ខ្លួនដោយថា ការបិទការផ្សាយតាមរលកអាកាស របស់ស្ថានីយវិទ្យុមួយចំនួន ជាវិធានការផ្លូវច្បាប់ ខណៈអ្នកធ្វើការខាងសិទ្ធិមនុស្ស យល់ថា បញ្ហានេះ អាចពាក់ព័ន្ធនឹងរឿងនយោបាយ។
កាលពីថ្ងៃទី២៣ខែសីហា ម្សិលមិញ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសឲ្យស្ថានីយវិទ្យុចំនួន៥ បិទរលកអាកាសផ្សាយ ក្នុងពេលដំណាលគ្នា ដោយថា ម្ចាស់ស្ថាប័នទាំងនោះ បានរំលោភសេចក្តីប្រកាសអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងកិច្ចសន្យា ដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន។
ពាក់ព័ន្ធនឹងការបិទរលកអាកាសផ្សាយនេះដែរ ធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ថាជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែក្នុងសន្និសទីសារព័ត៌មាន នៅថ្ងៃព្រហ្បសតិ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបកស្រាយថា ការបិទស្ថានីយវិទ្យុ និងផ្អាកមិនឲ្យផ្សាយបន្តទៀតនេះ ជាវិធានការច្បាប់។
លោកថា៖ «នៅពេលបើកស្ថានីយ គឺម្ចាស់ស្ថានីយទាំងអស់ សុទ្ធតែបានបញ្ជាក់ថា នៅពេលជួលម៉ោង របស់ខ្លួនគឺត្រូវឆ្លង សុំការអនុញ្ញតពីក្រសួងព័ត៌មាន។ ចឹងវិទ្យុមួយចំនួន មិនបានឆ្លង គឺក្រសួងត្រូវតែបិទ…ហើយត្រូវការរឹតបន្តឹងផ្នែកច្បាប់ផងដែរ។ ចឹងយើងឃើញថា ពីម្សិលមិញវិទ្យុមួយចំនួននៅតែផ្សាយទេ ដោយសារ វិទ្យុនោះ គេមានការសុំច្បាប់ គឺបានសុំក្រសួងព័ត៌មាន»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា យល់ថា ការចាត់វិធានការរបស់ក្រសួងព័ត៌មាន មិនមែនជាចំណាត់ផ្លូវច្បាប់ទេ ប៉ុន្តែអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។
លោកថា៖ «បើយើងឆ្លុះបញ្ចាំពីរឿងច្បាប់នេះ បើសិនជាការខុសច្បាប់មែន តើហេតុអ្វី បានជាយើងមិន ស្រាវជ្រាវចាត់វិធានការ ជាបន្តបន្ទាប់កន្លងមកហ្នឹង ហេតុអ្វី បានជាចាត់វិធានការអំឡុងពេលដំណើរការ គេហៅថា បរិយាកាសនយោបាយ ដែលនៅកម្ពុជា នឹងមានការបោះឆ្នោតនៅពេលខាងមុខ យើងឃើញ ថា មិនមែនតែខាងសារព័ត៌មានទេ ខាងអង្គការសង្គមស៊ីវិលក៏កំពុងតែប្រឈម ប្រហាក់ប្រហែល គ្នានឹងដែរ។ ដូច្នេះ យើងគិតថា វាមិនមែនជាចំណាត់ការមួយ ដែលគ្រាន់តែធ្វើឡើង ដើម្បីអនុវត្តទៅ តាមច្បាប់នោះទេ វាមានហេតុផលនៅពីក្រោយ»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២១ខែសីហា ឲ្យដឹងថា ស្ថានីយវិទ្យុ ដែលក្រសួងបិទរលកអាកាសផ្សាយ មិនឲ្យផ្សាយកើត នៅក្នុងពេលតែមួយនេះ FM ៩៣.៥០ មេហ្គាហ៊ឺត (ផ្សាយនៅភ្នំពេញ) រួមទាំង FM ៩៣.៧៥ មេហ្គាហ៊ឺត FM ១០៦.២៥ មេហ្គាហ៊ឺត និង FM ៩៣.២៥ មេហ្គាហ៊ឺត (ផ្សាយតាមខេត្ត) ដែលប្រតិបត្តិការដោយស្ថានីយវិទ្យុមហានគរ ត្រូវបានបញ្ជាឲ្យផ្អាកការផ្សាយចាប់ពីពេលនេះតទៅ។ ចំណែក ការផ្សាយតាមរលកអាកាស FM ១០៦.៥០ មេហ្គាហ៊ឺត និង FM ១០៦.៧០ មេហ្គាហ៊ឺត (ផ្សាយនៅភ្នំពេញ) ដែលប្រតិបត្តិការដោយវិទ្យុសារិកា និង វីអូឌី ក៏ត្រូវបានផ្អាកការផ្សាយ នៅថ្ងៃនេះដែរ។
យ៉ាងណាក៏ដោយ ចំណាត់ការលើស្ថានីយវិទ្យុឯករាជ្យទាំងនេះ គឺកើតឡើងយ៉ាងឆាប់រហ័ស ក្រោយពីរដ្ឋាភិបាល ព្រមានចាត់វិធានការកាសែត ខេមបូឌា ដេលី និងចាត់វិធានការលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួន៕