ព្រះរាជអាជ្ញាស្នើរក្សាបទចោទលើលោក សួន​ សេរីរដ្ឋា

លោក សួន សេរីរដ្ឋា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញស្នើឲ្យតុលាការ រក្សាបទចោទលើប្រធានគណបក្សអំណាចខ្មែរ ដោយថា ប្រធានគណបក្សរូបនោះ បានប្រមាថកងទ័ពជាតិ។

នៅថ្ងៃទី២៤សីហាឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការលើសំណុំរឿងប្រធានគណបក្សអំណាចខ្មែរ លោក សួន​ សេរីរដ្ឋា បន្ទាប់ពីមេបក្សរូបនេះ ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាវាយខ្នោះ ពាក់ព័ន្ធនឹងមតិរបស់លោក ជុំវិញជម្លោះព្រំដែនរវាងឡាវ-កម្ពុជា កាលពីពេលថ្មីៗនេះ។

ក្នុងបន្ទប់សវនការសួរដេញដោលនៅថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានស្នើដល់តុលាការក្រុងភ្នំពេញ តម្កល់ចោទប្រកាន់លើ លោក សួន​ សេរីរដ្ឋា ចំនួន៣ករណី រួមមានបទ​ «ញុះញង់​កុំឱ្យយោធិនស្តាប់បង្គាប់» «បទ​ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ស្របតាមមាត្រា៤៧១ មាត្រា៤៧២ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

នៅក្នុងបន្ទប់សវនាការ លោក សួន​ សេរីរដ្ឋា ពន្យល់ថា ពាក្យ «មេទ័ពចោរ» ដែលលោកសរសេរនោះ គឺលោកថា ប្រើគ្រាន់ជាការក្រើនរំឮកដល់កងទ័ពឲ្យគោរពវិន័យ និងកុំឲ្យជនជនខិលខូចកេងយកជាប្រយោជន៍ផ្ទាល់ខ្លួន។ លោកថា មិនបានលើកឡើងសំដៅដល់បុគ្គលណាទេ។

មេធាវីការពារក្ដីឲ្យលោក សួន​ សេរីរដ្ឋា លោក សុក សំអឿន លើកឡើងក្នុងបន្ទប់សវនការថា កូនក្ដីរបស់លោក មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ ដោយថា ធាតុផ្សំនៃបទល្មើសមិនគ្រប់គ្រាន់។ លោកថា បទចោទប្រកាន់នោះ តម្រូវឲ្យជនជាប់ចោទប្រព្រឹត្តបទល្មើសដោយផ្ទាល់ ប៉ុន្ដែករណីនេះ លោកថា លោក សួន សេរីរដ្ឋា គ្រាន់តែបង្ហោះសារបញ្ចេញមតិលើបណ្ដាញហ្វេសប៊ុកប៉ុណ្ណោះ។

ក្រោយការសាកសួរដេញដោលនោះ តុលាការថា នឹងប្រកាសសាលាក្រមនៅថ្ងៃទី២៥សីហាឆ្នាំ២០១៧ ស្អែកនេះ នាវេលាម៉ោង២រសៀល។

ករណីនេះ ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ ថាការចោទប្រកាន់នេះ គ្មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់នោះទេ ដោយលោកថា ទំនងជាធ្វើឡើងក្នុងន័យនយោបាយច្រើនជាង។

កាលពីថ្ងៃទី១៣សីហាឆ្នាំ២០១៧នេះ លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកថា «កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យសក្ដិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីយ៉ាងគគ្រឹកគគ្រេង»។

បន្ថែមលើសនេះ ក្នុងពិធិចែកសញ្ញាបត្រមួយ កាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានរំលាយគណបក្សនេះចោល ដោយចោទមួយកណីទៀតថា ប្រធានគណបក្សរូបនេះ បានប្រមាថព្រះមហាក្សត្រខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ