ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជម្រុញឲ្យកម្ពុជារៀបចំគោលនយោបាយជំនួយផ្នែកច្បាប់ ដើម្បីបង្កើនចំណេះដឹងពលរដ្ឋលើវិស័យច្បាប់ និងការតវ៉ាក្តីនៅក្នុងតុលាការ។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា អង្គការ SEALAW ក្រសួងយុត្តិធម៌ និងគណៈមេធាវី បានរៀបចំសន្និសីទមួយនៅថ្ងៃនេះ ដើម្បីជួយ និងជម្រុញដល់ប្រទេសកម្ពុជា ដើម្បីរៀបចំគោលនយោបាយថ្នាក់ជាតិមួយ ក្នុងការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលបានបង្កើតឲ្យមានមណ្ឌលសេវាយុត្តិធម៌ក្នុងតំបន់មួយចំនួនកាលពីឆ្នាំ២០០៧ តែមណ្ឌលនេះ នៅមិនទាន់ទូលំទូលាយនៅឡើយទេ។ លោកបន្ថែមថា នាពេលខាងមុខ តាមរយៈការជួយជ្រោមជ្រែងនេះ ក្រសួងយុត្តិធម៌នឹងរៀបចំគោលនយោបាយថ្នាក់ជាតិស្តីពីជំនួយផ្នែកច្បាប់ ដោយបើកឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ចូលរួមផងដែរ។
លោកថា៖ «ហើយមណ្ឌល សេវាយុត្តិធម៌របស់យើងផ្តល់ប្រឹក្សាផ្នែកច្បាប់ហ្នឹងដែរ ធ្វើការសម្រុះសម្រួលរឿងក្តីហ្នឹងដែរដោយមិនចាំបាច់ឲ្យគាត់ទៅតុលាការ។ អាហ្នឹង ជាការសម្រុះសម្រួលជួយដោះស្រាយវិវាទនៅតុលាការបានច្រើន ជួយដោះស្រាយទំនាស់ និងដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គមហ្នឹង ក៏ប៉ុន្តែមណ្ឌលយើងនៅមានកម្រិតទេ។ នៅទូទាំងប្រទេសយើងមានតែ៤០ទេ អញ្ចឹងវា មិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តែនៅថ្ងៃមុខ យើងពង្រីកមណ្ឌលសេវាយុត្តិធម៌នេះឲ្យគ្រប់ក្រុង គ្រប់ស្រុក គ្រប់ខណ្ឌ ក្នុងរាជធានីខេត្តទាំងអស់ រួមទាំងខេត្តដាច់ស្រយាលអញ្ចឹងពលរដ្ឋគាត់អាចទទួលបានព័ត៌មាន ទទួលបានប្រឹក្សា ទទួលបានការសម្រុះសម្រួលដោយប្រសិទ្ធភាពខ្ពស់»។
ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត បានសារទចំពោះការវិវត្តថ្មីរបស់រដ្ឋាភិបាលនេះ តែលោកថា ប្រសិនជាប្រព័ន្ធតុលាការនៅកម្ពុជា នៅតែគ្មានភាពឯករាជ្យនោះទេ ការរៀបចំនេះនៅតែមិនអាចគ្រប់ស្តង់ដារយុត្តិធម៌មួយ ដែលអាចផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋបាននៅឡើយ។
លោកថា៖ «យើងនិយាយថ្ងៃនេះ ក្នុងគោលនយោបាយនោះ គឺចង់បានជា ប្រព័ន្ធយុត្តិធម៌ដែលមានស្តង់ដារ។ អញ្ចឹងវាទាល់តែប្រព័ន្ធយុត្តិធម៌ឬក៏ប្រព័ន្ធតុលាការយើងហ្នឹង មានការកែទម្រង់ ឲ្យទៅជាប្រព័ន្ធដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ ហើយគួបផ្សំជាមួយការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ ប្រជាពលរដ្ឋផង អាហ្នឹងបានប្រព័ន្ធយុត្តិធម៌ យើងហ្នឹងវាមានស្តង់ដារបានហើយប្រជាពលរដ្ឋមានទំនុកចិត្ត»។
ជំនួយផ្នែកច្បាប់ ជាជំនួយមួយ ដែលជួយផ្នែកច្បាប់ជូនដល់ជនក្រីក្រ និងជនងាយរងគ្រោះដែលទាមទារឲ្យមានការជ្រោមជ្រែងដោយមេធាវី ការប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយភ្ជាប់បញ្ហារបស់ពលរដ្ឋជាមួយអ្នកដែលអាចជួយពួកគេបាន និងការអប់រំច្បាប់សម្រាប់សហគមន៍ជាដើម ដែលជំនួយទាំងនេះ ជាកាតាព្វកិច្ចរបស់រដ្ឋាភិបាល៕









