អាមេរិកបារម្ភខ្លាំងពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert (Twitter: Department of State)

ក្រសួងការបរទេសអាមេរិក បានបង្ហាញក្ដីបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថាកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធទី២៣ខែសីហាម្សិលមិញ បានសម្រេចបិទអង្គការមនុស្សធម៌អាមេរិកមួយឈ្មោះ NDI ដោយចោទថា អង្គការនេះមិនបានចុះបញ្ជីត្រឹមត្រូវ និងខកខានមិនបានបង់ពន្ធ។

យោងតាមបណ្ដាញសង្គមធ្វីតធ័រ (Twitter) ចេញផ្សាយនៅថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ថ្លែងថា រដ្ឋាភិបាលអាមេរិកព្រួយបារម្ភខ្លាំងពីបរិយាកាសនយោបាយ នៅក្នុងប្រទេសកម្ពុជា ដែលថា កាន់តែអាក្រក់ទៅ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។

លោកស្រីថ្លែងថា រដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងដល់ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានមួយចំនួន ដូចជា កាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី អង្គការលីកាដូ អាដហុក និងអង្គការខុមហ្វ្រែល។

លោកស្រីបន្ថែមថា អ្វីគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការបិទ «វិទ្យាស្ថានជាតិប្រជាធិបតេយ្យ» ឬអង្គការ «NDI» កាលពីពេលថ្មីៗនេះ ដោយថា អង្គការធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យមួយនេះ ទទួលបានការគោរពខ្ពស់បំផុតលើពិភពលោក និងមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ។

លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភខ្លាំងពីការធ្លាក់ចុះនៃស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ២ខែមុន កម្ពុជាទទួលបានការសរសើរថា មានការបោះឆ្នោតថា្នក់មូលដ្ឋាន ដែលមានតម្លាភាព និងសន្ដិវិធី។ ទោះបីជាយ៉ាងណាក៏ដោយ នៅពីរសប្តាហ៍ចុងក្រោយនេះ សមិទ្ធិផលនោះ  ត្រូវប្ដូរផ្លាស់ដោយសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការព្យាយាមរិតត្បិតសិទ្ធិសេរីភាពសារពត៌មាន និងក្រុមអង្គការសង្គមស៊ីវិល។ នេះរួមបញ្ជូលទាំងការសម្រេចបិទអង្គការអន្តរជាតិ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ចេញពីប្រទេសកម្ពុជា»។

ករណីនេះ ទូតអាមេរិកប្រចាំនៅកម្ពុជាបានចោទសួរថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ?» និងថា លទ្ធិប្រជាធិបតេយ្យដើរទៅមុខ ឬថយក្រោយ គឺអាស្រ័យលើកម្ពុជាខ្លួនឯង ជាអ្នកសម្រេច។

ទូតអាមេរិកប្រចាំកម្ពុជាបកស្រាយថា អង្គការ NDI មានអនុស្សារណៈយោគយល់ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងថា បានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងមហាផ្ទៃ។

មួយវិញទៀត ទូតអាមេរិកអះអាងថា អង្គការ NDI បានដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ ប៉ុន្ដែមិនទទួលបានការឆ្លើយតបយល់ព្រម ឬមិនយល់ព្រម ពីក្រសួងការបរទេសខ្មែរឡើយ រហូតមកទល់នឹងពេលនេះ។

ច្បាប់សមាគម ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី១២សីហាឆ្នាំ២០១៦ ត្រូវបានរដ្ឋាភិបាលអះអាងថា បង្កើតឡើងដើម្បីធានា​សិទ្ធិ​សេរីភាព ក្នុង​ការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា និងដើម្បី​ការពារ​ប្រយោ​ជន៍​ស្រប​​ច្បាប់​របស់​ខ្លួន និង​​ប្រយោជន៍​សាធា​រណៈ​។

ចំណែកមាត្រា១៤នៃច្បាប់សមាគមនេះ ចែងថា ក្រសួងការបរទេស ត្រូវពិនិត្យខ្លឹមសារនៃសំណុំលិខិត ហើយត្រូវសម្រេចយល់ព្រម ឬមិនយល់លើការចុះអនុស្សរណៈជាមួយសមាគមបរទេស ដែលស្នើនោះ យ៉ាងយូរ ៤៥ថ្ងៃ នៃថ្ងៃធ្វើការ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី សុំការពន្យល់បានទេ ដោយទូរសព្ទចុចចូល គ្មានអ្នកទទួល។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន គាំទ្រចំណាត់របស់រាជរដ្ឋាភិបាល ដោយលោកថា​ នេះជាការអនុវត្តច្បាប់ ក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្ដែពេលសួរថា នៅពេលអង្គការ NDI ដាក់ពាក្យស្នើសុំចុះបញ្ជីកាលពីខែមិថុនាឆ្នាំ២០១៦នោះ តើរដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេស បានឆ្លើយតប​យ៉ាងដូចម្ដេច លោកថា មិនដឹងនោះឡើយ។

អ្នកប្រឹក្សាយោបល់ឯករាជ្យ លោក ចាន់ វិបុល លើកឡើងថា ការបិទអង្គការមនុស្សធម៌អាមេរិកនេះ គឺជាការខ្វះចន្លោះ របស់ក្រសួងការបរទេសកម្ពុជា ដោយលោកថា ក្រសួងនេះ បានអនុញ្ញាតឲ្យអង្គការនេះដំណើរការមកយូរហើយ និងពុំបានឆ្លើយតបចំពោះសំណើសុំចុះបញ្ជីរបស់អង្គការ NDI នោះទេ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ស្នើរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអង្គការ NDI និងបណ្ដាញសារព័ត៌មានទាំងនោះបន្ដការងារ ក្នុងប្រទេសកម្ពុជាតទៅទៀត ដោយក្រើនរំលឹកថា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតជាតិនាពេលខាងមុខ។

ទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់កាន់តែមានភាពរង្គោះរង្គើខ្លាំងឡើងៗ ដោយប្រតិកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការបិទអង្គការ NDI ត្រូវបានមន្ដ្រីរដ្ឋាភិបាលចោទថា ជាការញុះញង់ និងព្រមានធ្វើបាតុកម្មតវ៉ា នៅមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាទៀតផង។

មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មើលឃើញថា ការបិទអង្គការអាមេរិកមួយនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានស្និទនឹងរដ្ឋាភិបាល បានចុះផ្សាយឯកសារបែកធ្លាយ ដោយចោទថា អង្គការ NDI បានជួយរៀបចំនិងជ្រោមជ្រែងឲ្យគណបក្សប្រឆាំងផ្ដួលរំលំរដ្ឋាភិបាល ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ