ក្រុមអ្នកជំនួញជោគជ័យវ័យក្មេង ជម្រុញឲ្យយុវជនជំនាន់ក្រោយធ្វើជំនួញ

កម្មវិធីសិក្ខាសាលាស្តីពីធុរកិច្ចធំជាងគេ (ហ្វេសប៊ុក)

សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងមុខជំនួញ បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឲ្យក្លាហាន ក្នុងការចាប់ផ្តើមមុខជំនួញដោយខ្លួនឯង ដោយថា មិនត្រូវរាថយ ចំពោះឧបសគ្គឡើយ។

សហគ្រិនបានថ្លែងបែបនេះ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីធុរកិច្ចធំជាងគេ ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ខែសីហានេះ ដែលកម្មវិធីនេះ មានអ្នកចូលរួមប្រមាណជិត៣ពាន់នាក់។

ស្ថាបនិក SmallWorld និងជាវាគ្មិនមួយរូប នៅក្នុងកម្មវិធីខាងលើ លោក ធុល រិទ្ធី បានបង្ហាញប្រាប់ថា ក្មេងៗជំនាន់ក្រោយ គួរតែចាប់ផ្តើមធ្វើជំនួញដោយខ្លួនឯង ដោយលោកថា ការធ្វើជំនួញ មិនចាំបាច់តែមានថវិកាច្រើននោះទេ ហើយបើសិនជាជួបនឹងការបរាជ័យ គួរតែចាត់ទុកវាជាមេរៀន ហើយចាប់ផ្តើមធ្វើម្តងទៀត ដោយព្យាយាមផ្លាស់ប្តូរវិធីសាស្ត្រក្នុងការធ្វើជំនួញ។

លោកមានប្រសាសន៍ថា៖ «Business(ជំនួញ) មិនមែនសំខាន់យើងមានលុយច្រើនដើម្បី start (ចាប់ផ្តើម)ទេ​ យើងអត់លុយក៏ start បានដែរ បើសិនយើងគិតថា ទាល់តែមានលុយប៉ុណ្ណេះ បានអាច Start ចឹងយើងអត់ឲ្យតម្លៃលុយនៅក្នុងហោប៉ៅរបស់យើង…ធ្វើទៀត បរាជ័យរហូត ប៉ុន្តែគ្រាន់តែថា យើងដូរវិធីសាស្រ្តធ្វើការរបស់យើង បើសិនយើងបរាជ័យ ហើយយើងឈប់ អាហ្នឹងយើងបរាជ័យហើយ ខ្ញុំ​មិនដែលគិតថាវាជាការបរាជ័យទេ វាជាផ្នែកមួយនៃការសិក្សា»។

លោក ហាវ គង់ងី ដែលជាវាគ្មិន មួយរូបទៀត បានបង្ហាញប្រាប់ពីជំហានដែលអាចធ្វើឲ្យអ្នកដែលមានបំណងធ្វើជំនួញសម្រេចបានជោគជ័យ លោកថា ដំបូងត្រូវមានទំនុកចិត្តលើខ្លួនឯង បន្ទាប់មកត្រូវយកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវមានផែនការ ព្រមទាំងសួរយោបល់ពីក្រុមគ្រួសារ និងជំហានចុងក្រោយ គឺចាប់ផ្តើមអនុវត្ត។

លោកថា៖ «ជាទូទៅ មនុស្សមានក្តីស្រម៉ៃច្រើនណាស់ តែក្តីស្រម៉ៃត្រូវបានស្លាប់ទៅវិញ ដោយយើងមិនបានខិតខំ ឬធ្វើវាឲ្យទៅជាការពិត ព្រោះការធ្វើឲ្យក្តីស្រម៉ៃមួយក្លាយទៅជាការពិត វាមិនមែនជារឿងងាយស្រួលនោះទេ ត្រូវជឿជាក់លើខ្លួនឯង ទី២ទាក់ទងទៅនឹងការយកចិត្តទុកដាក់ ត្រូវយកចិត្តទុកដាក់ មើលអ៊ីនធើណេត ទី៣ ត្រូវមានផែនការ និងចាប់ផ្តើមធ្វើពីតូចទៅសិន ព្រមទាំងសួរក្រុមគ្រួសារ ឧទាហរណ៍បើចង់លក់ម្ហូប ធ្វើម្ហូបហ្នឹងសិន ឲ្យអ្នកជិតខាង ឲ្យបងប្អូនយើងពិសារសិន សួរគាត់ឆ្ងាញ់ហ្អេស ចានហ្នឹងដាក់ទៅស្អាតអត់…ចាំទៅបើកហាងលក់»។

លោកបន្ថែមថា ការមានគំនិតចង់ក្លាយជាសហគ្រិនម្នាក់ គឺជារឿងងាយស្រួល តែអ្វីដែលសំខាន់ និងពិបាកជាងនេះ គឺការធ្វើឲ្យខ្លួនឯងក្លាយទៅជាសហគ្រិនដែលជោគជ័យ។ លោកថា គន្លឹះដែលសំខាន់បំផុតដើម្បីទទួលបានភាពជោគជ័យ គឺការមានទំនុកចិត្តលើខ្លួនឯង ហើយមិនត្រូវស្តាប់តែពាក្យសំដីអ្នកដ៏ទៃទេ មិនត្រូវឲ្យសំដីអ្នកដ៏ទៃមកបំផ្លាញនូវក្តីសង្ឃឹមរបស់ខ្លួនឯងបានឡើយ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា មូលហេតុដែលបង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យលើកកំពស់ការយល់ដឹងសហគ្រិនភាព និងតម្រង់ទិសដល់យុវជន ដែលមានបំណងក្នុងការផ្តួចផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ តែយ៉ាងណាក្តី លោកថា មុននឹងឈានទៅចាប់អាជីពជាអ្នកជំនួញបាន​ត្រូវតែមានចំណេះដឹង ទើបទទួលបានជោគជ័យ។

លោកថា៖ «គោលដៅដែលយើងមកទីនេះ រួមគ្នានេះ គឺលើកកំពស់ការយល់ដឹងខាងផ្នែកសហគ្រិនភាព ហើយប្អូនៗនិស្សិតក៏អាចថ្ងៃក្រោយទៅក្លាយជាសហគ្រិន ចឹងស្វែងយល់ពីបញ្ហានេះ ជួយតម្រង់ទិសដល់ប្អូនៗថាថ្ងៃក្រោយទៅអាចជ្រើសរើសជាសហគ្រិន បង្កើតអាជីវកម្មដោយខ្លួន​ឯង… ចឹងយើងដឹងហើយថាយុវជនត្រូវមានចំណេះដឹង ត្រូវមានជំនាញដើម្បីទៅថ្ងៃក្រោយ ទៅធ្វើការ ដើម្បីមានមុខរបរល្អ ទទួលបានប្រាក់ចំណូលសមរម្យ ត្រូវការចំណេះដឹង»។

និស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ទេព ស្រីនិត និយាយថា ខ្លួនពិតជាចង់បើកមុខជំនួញដោយខ្លួនឯងដោយហេតុថា នៅពេលដែលយើងខិតខំប្រឹងប្រែងកាន់តែខ្លាំង លទ្ធផលក៏នឹងបានមកខ្លួនយើងផ្ទាល់តែម្តង។ កញ្ញាបន្តថា កម្មវិធីនេះ ពិតជាល្អ ព្រមទាំងកាន់តែជម្រុញឲ្យកញ្ញាមានទឹកចិត្តក្នុងការធ្វើមុខជំនួញនៅថ្ងៃមុខ។

ស្រីនិតនិយាយថា៖ «ចិត្តរបស់ខ្ញុំ គឺចង់បើក Business(ជំនួញ) ផ្ទាល់ខ្លួនដែរ កម្មវិធីហ្នឹងពិតជាល្អមែនទែន ហើយណមួយ ធ្វើBusiness ឲ្យខ្លួនឯង គឺដូចយើងធ្វើការឲ្យខ្លួនឯងចឹង យើងកាន់តែខំប្រឹង គឺយើងកាន់តែទទួលបានខ្លួនឯងកាន់តែច្រើន។ យើងបានជួបវាគ្មិន គាត់មានបទពិសោធន៍ច្រើន គាត់ជោគជ័យ ចឹងយើងកាន់តែមានគំនិត កាន់តែផ្តួចផ្តើមទៅមុខ រឿងបរាជ័យអត់ខ្វល់ សំខាន់ទៅមុខ»។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា(ILO) ក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោកហ្គីណេសស្តីពីធុរកិច្ច និងលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយមានគំនិតផ្តួចផ្តើមធ្វើមុខជំនួញដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ