សេចក្តីប្រកាស៖ ការផ្សាយព័ត៌មានឯករាជ្យរបស់វិទ្យុ វីអូឌី (VOD) ត្រូវបានផ្អាកទាំង​ស្រុង

ពលរដ្ឋ​កម្ពូជា​មួយ​រូប ស្វែង​រក​កម្មវិធី​ផ្សាយ​នៅ​លើ​វិទ្យុ​ បន្ទាប់​ពី​កម្មវិធី​ផ្សាយព័ត៌មាន​នៅ​លើ​ស្ថានីយ៍​វិទ្យុ​ជាង ៣០​ ត្រូវ​បាន​បិទ​មិន​ឱ្យ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOD)

សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃនេះ​ ឲ្យដឹងថា ចាប់តាំងពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ (ស៊ីស៊ីអាយអឹម) បានទទួល ការជូនដំណឹងជាបន្តបន្ទាប់ពីស្ថានីយ៍វិទ្យុដៃគូជាច្រើន ក្នុងការបញ្ឈប់លែងអោយមានការចាក់ផ្សាយនូវកម្មវីធីវិទ្យុ​​សំឡេងប្រជាធិបតេយ្យ ​​(វីអូឌី) ដោយពុំបានផ្តល់មូលហេតុច្បាស់លាស់។​

បន្ទាប់ពីមានការគំរាមកំហែងរបស់រដ្ឋាភិបាលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាសារព័ត៌មាន ឌឹខេមបូឌា ដេលី  វិទ្យុអាស៊ីសេរី  និងវិទ្យុសំឡេងសហរដ្ឋអាមេរិកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមក ការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី​ តាមរយៈស្ថានីយ៍វិទ្យុ អេហ្វអឹម 106.5 MHz និង 106.7 MHz ត្រូវបាន​បញ្ឈប់កាលពីថ្ងៃអង្គារ និងថ្ងៃពុធជា​បន្ត​បន្ទាប់។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញស្ថានីយ៍វិទ្យុនៅតាមបណ្តាខេត្តចំនួនបីផ្សេងទៀតគឺ នៅខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យក៏បានផ្អាកការផ្សាយ​របស់​វីអូឌីទាំងស្រុងផងដែរ។​

បើតាមសេចក្តីប្រកាសព័ត៌មាន ស៊ីស៊ីអាយអឹម ជឿជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជា​ គឺជា​​ចេតនានយោបាយឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

នាយកប្រតិបត្តិ​ ស៊ីស៊ីអាយអឹម លោក ប៉ា ងួនទៀង បានថ្លែងថា៖ «​ការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការបោះឆ្នោតរបស់ប្រទេស​​កម្ពុជា»។​

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី បានផ្សាយតាមរលកធាតុអាកាសរបស់ស្ថានីយ៍វិទ្យុ អេហ្វអឹម នានាចាប់តាំងពីឆ្នាំ​២០០៣ និងបានដំណើរការការផ្សាយតាមប្រព័ន្ធអ៊ីនធើណិតចាប់ពីឆ្នាំ ២០១២ មកម្ល៉េះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ