គណបក្សប្រឆាំងនៅថ្ងៃនេះ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនៅអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនានា នាពេលថ្មីៗនេះ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសថា រដ្ឋាភិបាលបានសម្រេចបិទ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDIនិងទុកពេល៧ថ្ងៃ ឲ្យបុគ្គលិកបរទេសនៃអង្គការនេះ ចាកចេញពីប្រទេសកម្ពុជា។
ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យកាសែត Cambodia Daily បង់ពន្ធជាង៦លានដុល្លារ ខណៈដែលរដ្ឋាភិបាល ក៏បានបិទការផ្សាយនៃស្ថានីយវិទ្យុ យ៉ាងហោចណាស់ ចំនួន១៥ ដែលទទួលផ្សាយការបន្ត ពីវិទ្យុអាស៊ីសេរី វីអូអេ និងវីអូឌី។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ទាំងនេះ ដោយគណបក្សនេះថា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។
ក្រៅអំពាវនាវទៅរដ្ឋាភិបាលហើយ បក្សប្រឆាំង ក៏បានអំពាវនាវទៅសហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍ ដើម្បីធានាឲ្យមានការគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍សរសេរថា៖ «សូមអំពាវនាវ ដល់សហគមអន្តរជាតិជួយអន្តរាគមន៍ ដើម្បីធានាឲ្យមានការ គោរពសិទ្ធិសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងធ្វើឲ្យសា្ថនការណ៍នយោបាយ បច្ចុប្បន្ននៅកម្ពុជាវិលត្រឡប់មកធម្មតាវិញ ដើម្បីធានាឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការព្រួយបារម្ភរបស់គណបក្សសង្គ្រោះជាតិ ដោយសារ គណបក្សនេះ ទទួលបានផលប្រយោជន៍ពីអង្គការអាមេរិកនិងស្ថានីយ៍វិទ្យុ ទាំងនោះ ដោយលោកចោទ អង្គការ NDI និងស្ថានីយ៍វិទ្យុ ដែលបានបិទនេះថា មានគោលបំណងចង់ ផ្ដួលរំលំរដ្ឋាភិបាល។
លោកថា៖ «គណបក្សសង្គ្រោះជាតិ ទទួលផលប្រយោជន៍ពីអង្គការទាំងអស់នោះ ពីវិទ្យុទាំងអស់នោះ បានជាគាត់មានការឈឺឆ្អាល បាទ ជាការឃុតឃិតគ្នាមួយ ដើម្បីវែកផ្ដួលរំលំគណបក្សប្រជាជន គណបក្សកាន់អំណាច។ ឥលូវ វាបែកធ្លាយរឿងសំងាត់ហ្នឹង អស់ហើយ ដល់គេបំបាក់ឆ្អឹងខ្នងទៅ គាត់ព្រួយបារម្ភរឿងហ្នឹង រឿងតែប៉ុណ្ណឹងតើ មិនមែនឥលូវអត់វិទ្យុជាង១០០ បើអត់ពីវិទ្យុ១ ឬ ២ ទៅ សួរថា តើវិទ្យុដទៃធ្វើការកើត មិនកើត អាហ្នឹងវា មានបញ្ហាអញ្ចឹង»។
សាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា សា្ថនការណ៍នយោបាយបច្ចុប្បន្ននេះ មិនទាន់ធ្ងន់ទេ ដោយសារ ការបិទស្ថានីយ៍វិទ្យុ និងអង្គការ NDI នេះ រដ្ឋាភិបាលផ្អែកទៅលើកត្កាច្បាប់។
លោកថា៖ «ខ្ញុំគិតថា ទាល់តែអ្នកនយោបាយទាំងអស់ ឬ ក៏អ្នកបណ្ដាញស្ថាប័នសារព័ត៌មានគិតអំពីផ្លូវ ច្បាប់ កុំឲ្យគណបក្សកាន់អំណាចគេអាច បិទឬក៏អាចបើក គោលការណ៍ហ្នឹង គឺយើងសុំគោលការណ៍ច្បាប់ឲ្យហើយ បើអត់មានគឺ រដ្ឋាភិបាលគេអនុវត្តច្បាប់ពិបាកចោទគេណាស់ រដ្ឋាភិបាលជាអ្នកអនុវត្ត អាហ្នឹងហើយ ដែលជាយន្តការមួយ ដែលយើងឃើញពីការប្រកួតប្រជែងឆ្នាំក្រោយ សេរីភាព ឬគេហៅថាភាពស្មើគ្នា ក្នុងការប្រកួតប្រជែង វាអាចបាត់លំនឹងដោយសារ តែគណបក្សក្រៅរដ្ឋាភិបាល ពុំមាន មធ្យោបាយផ្សាព្វផ្សាយ»។
បើតាមសេចក្ដីថ្លែងការណ៍ គណបក្សប្រឆាំង ស្នើទៅរដ្ឋាភិបាលឲ្យពិចារណាឡើងវិញ និងអនុញ្ញាតឲ្យ NDIនិងប្រព័ន្ធផ្សព្វផ្សាយដំណើរការឡើងវិញ៕









