ពលរដ្ឋ​រង​គ្រោះ​ពី​ការ​សាងសង់​ទំនប់វារីអគ្គិសនីរកអន្តរាគមន៍ពីរដ្ឋាភិបាល

ជន​ជាតិ​ដើ​មភាគតិច ​ដែល​រង​គ្រោះ​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី ​នៅ​ខេត្ត​ស្ទឹង​ត្រែង

ជន​ជាតិ​ដើ​មភាគតិច ​ដែល​រង​គ្រោះ​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី ​នៅ​ខេត្ត​ស្ទឹង​ត្រែង ​បាន​នាំ​គ្នា​ស្វែងរកកិច្ចអន្តរាគមន៍ ពីក្រសួង​រ៉ែនិង​ថាម​ពល​ បន្ទាប់​ពី​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​​របស់ពួកគេ ​ត្រូវ​បានតំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ បានសួរ​មក​កាន់​រដ្ឋាភិបាល​។

ជនជាតិ​ដើម​ភាគ​តិច​ពូនង និងឡាវ ចំនួន​៧នាក់ ​ដែលតំណាង​ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​ជាង ​៦៤២នាក់​ផ្សេង​ទៀត ដែល​រស់​នៅ​ឃុំ​ក្បាល​រមាស និង​ឃុំស្រែ​គរ ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង បាន​ឡើង​មក​ដាក់​ញាត្តិ​នៅ​ក្រសួង​រ៉ែ​ និង​ថាម​ពល​នៅព្រឹក​នេះ ដើម្បីទាម​ទាររដ្ឋាភិបាល​ បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​​ក្រោម​ពីរបន្ថែម​ទៀត ដែលថា ​​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃ​ណី ទំនៀម​ទំលាប់ និង​អត្ត​សញ្ញាណ​​របស់​ពួកគេ ក្នុង​នោះ​ដែរ ​ពួកគេ​ក៏​បាន ​ស្នើ​ដល់​រដ្ឋាភិបាល ​ឲ្យ​បើ​ក​ដំណើ​ការ​ឡើង​វិញ​នូវ​សេវា​សាធារណៈនានា និង​បញ្ឈប់​នូវការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​ព្រៃ​សហគមន៍​។

តំណាង​ក្រសួង​រ៉ែ និង​ថាម​ពល ​លោក ស៊ូ បុណ្ណារិទ្ធ បាន​ចេញ​មក​ទទួល​ញាត្តិ​ដោយ​សន្យា​ថា ​នឹង​យក​បញ្ហានេះ បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បីពិនិត្យ និង​អនុម័ត ដោយ​ថា នាពេល​ខាង​មុខ​ក្រុម​ការងារ​ក្រសួង​នឹង​ចុះ​ទៅ​ខេត្ត​ស្ទឹង​ត្រែ​ង​ ដើម្បី​ដោះ​ស្រាយ​ជូន​ពូកគេ។

ក្នុង​ដំណើ​រទស្សនកិច្ច​របស់​អ្នក​រាយការណ៍ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោកស្រី ​រ៉ូណា ស្មីត បាន​ចោទសួរ​រដ្ឋាភិបាល​កម្ពុជា ពី​ការ​រំលោភ​សិទ្ធិជន​ជាតិ​ដើម​ភាគ​​តិចនៅ​តំបន់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នេះ​។ ជា​ការ​ឆ្លើយ​តប​នៅពេល​នោះ​ប្រធាន​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី មានប្រសាសន៍ថា ​លោក​បានទាក់​ទង​ទៅ​ ​ក្រសួងការ​បរទេស ឲ្យរៀប​ចំ​ឯក​សារ​ជា​មួយ​ភាគី​ពាក់​ព័ន្ធលើ​ករណី​នេះ ​ដើម្បី​ដាក់​ទៅ​កាន់​អង្គកា​រ​សហ​ប្រជា​​ជាតិ​នៅ​ពេល​ខាង​មុខផង​ដែរ។

គម្រោងទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រ​​នេះ​ បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ​ នៃ​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន ៨៤៦គ្រួសារ ​កំពុង​រស់​នៅ​ តែ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​​​ដែល​រងផល​ប៉ះពាល់​ បាន​សម្រេចទទួលយកសំណង​​ចំនួន​ ៨៧ភាគរយ​ ខណៈ​១២៦​គ្រួសារ កំពុង​រង់​ចាំដំដោះ​ស្រាយ។

​ក្រសួង​រ៉ែ និង​ថាម​ពល​​ បាន​ឲ្យ​ដឹង​ថា ​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រនេះ ​ជា​គម្រោង​របស់​រដ្ឋាភិ​បាល​ ដែល​បាន​ផ្តល់​សិទ្ធិ​ទៅឲ្យក្រុម​ហ៊ុនឯក​ជន​មួយ​ ដែល​មានភាគ​ហ៊ុនពី​ចិន៥១ភាគរយ កម្ពុជា​៣៩ភាគរយ និង​វៀត​​ណាម​១០ភាគរយ។ ​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រនេះ ​​​ចំណាយទឹកប្រាក់​ជិត​៨០០លាន​ដុល្លារអាមេរិក ដោយរំពឹងថា បាន​ថាម​ពល​អគ្គិសនី​​៤០០មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ