អង្គការអាមេរិក៖ ក្រសួងការបរទេសកម្ពុជាជាអ្នកមិនទទួលការស្នើសុំចុះបញ្ជីរបស់ NDI

Screenshot of NDI website

អង្គការអាមេរិក (NDI) អះអាងថា ខ្លួនបាន​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ក្រសួង​ការបរទេស​កម្ពុជាតាំងតែពី​ថ្ងៃ​ទី​២១ ខែ​កញ្ញាឆ្នាំ​២០១៦មកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាល​​កម្ពុជា ​ពុំ​បាន​ឆ្លើយ​តប​នោះ​ទេ​ ចាប់​តាំង​ពី​ពេល​នោះ​មក។

ការលើកឡើងបែបនេះ ស្របពេលដែលរដ្ឋាភិបាល សម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នេះ ដោយចោទថា អង្គការនេះ បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស ខណៈសារព័ត៌មានដែលគេថាស្និទ្ធនឹងរដ្ឋាភិបាល ក៏បាន​ផ្សាយថា អង្គការ NDI បាន​គាំ​ទ្រ​បក្ស​ប្រឆាំង សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣សីហា វិទ្យាសា្ថនជាតិប្រជាធិបតេយ្យ បានសំដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

នាយកវិទ្យាស្ថាន NDI លោក Kenneth Wollack មានប្រសាសន៍ថា៖ «ពួកយើងពិតជាមានការភ្ញាក់ផ្អើល ព្រមទាំងខកចិត្តយ៉ាងខ្លាំងជាមួយនឹងការប្រកាសនេះ។​ អស់រយៈពេល២៥ឆ្នាំហើយ បើគិតមកទល់ពេលនេះ ដែល NDI បានធ្វើការជាមួយគ្រប់គណបក្យនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងគណបក្សកាន់អំណាចផង»។

លោកបន្ថែមថា៖ «ពួកយើងធ្វើការប្រកបដោយតម្លាភាព ហើយតែងតែធ្វើអ្វីដែលស្របទៅនឹងច្បាប់។ ពួកយើងគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចនឹងធ្វើការសម្រេចចិត្តសារជាថ្មី»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការដែលក្រសួង​ការបរទេស​កម្ពុជា ​មិន​ឆ្លើយ​តប​នឹង​សំណើ​របស់​​អង្គការខ្លួនបែប​នេះ NDI ចាត់​ទុក​ថា ជា​ការ​រំលោភ​ទៅ​លើ​មាត្រា១៤ នៃ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

មាត្រា១៤ នៃ​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥​នោះ បាន​ចែង​ថា ក្រសួង​ការបរទេស​កម្ពុជា ត្រូវ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សំណុំ​លិខិត ហើយ​ត្រូវ​សម្រេច​យល់​ព្រម ឬ​មិន​យល់​ព្រម​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស យ៉ាង​យូរ ៤៥​ថ្ងៃ ​នៃ​ថ្ងៃ​ធ្វើការ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីម្សិលមិញ ក៏បង្ហាញការគួរឲ្យព្រួយបារម្ភបំផុត ចំពោះការបិទ «វិទ្យាស្ថានជាតិប្រជាធិបតេយ្យ» ដោយថា អង្គការធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យមួយនេះ ទទួលបានការគោរពខ្ពស់បំផុតលើពិភពលោក និងមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ។

គួររំលឹកថា ក្រៅពីធ្វើការ ដើម្បីផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ អង្គការរបស់អាមេរិកមួយនេះ បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​ទៅ​ដល់​ក្រុម​មន្ត្រី​គណបក្សនយោបាយទាំងអស់ ព្រមទាំងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​មហាផ្ទៃ​ ដើម្បី​លើក​កម្ពស់​គណនេយ្យភាព​របស់​រដ្ឋាភិបាល និង​ជា​មួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ជំរុញ​ឲ្យ​មានការ​បោះ​ឆ្នោត ដោយសេរី និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ