ក្រុមប្រជាពលរដ្ឋ ដែលថាចូលចិត្តស្តាប់ «កម្មវិធីផ្សាយរបស់វិទ្យុវីអូឌី» មានប្រតិកម្មភ្លាមៗ និងសំដែងការខកចិត្តយ៉ាងខ្លាំង ដោយហៅថា «ការផ្អាកការផ្សាយរបស់វិទ្យុនេះ» តាមរលកអាកាស ថាដូចផ្តាច់ដង្ហើមរបស់ពួកគេ ខណៈការផ្អាកនេះ អាចប៉ះពាល់ដល់អ្នកស្តាប់ជាង៧លាននាក់។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃសុក្រនេះឲ្យដឹងថា ចាប់តាំងពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានទទួលការជូនដំណឹងជាបន្តបន្ទាប់ពីស្ថានីយវិទ្យុដៃគូជាច្រើន ក្នុងការបញ្ឈប់លែងឲ្យមានការចាក់ផ្សាយនូវកម្មវីធីវិទ្យុសំឡេងប្រជាធិបតេយ្យ ឬ វីអូឌី ដោយពុំបានផ្តល់មូលហេតុច្បាស់លាស់។
បើតាមសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីមានការគំរាមកំហែងរបស់រដ្ឋាភិបាលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាសារព័ត៌មាន ឌឹខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមក ការផ្សាយរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ វីអូឌី តាមរយៈស្ថានីយ៍វិទ្យុ អេហ្វអឹម ១០៦.៥០ MHz និង ១០៦.៧០ MHz ត្រូវបានបញ្ឈប់កាលពីថ្ងៃអង្គារ និងថ្ងៃពុធជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ថានីយ៍វិទ្យុនៅតាមបណ្តាខេត្តចំនួនបីផ្សេងទៀតគឺ នៅខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏បានផ្អាកការផ្សាយរបស់វីអូឌីទាំងស្រុងផងដែរ។
អ្នកតាមដានស្តាប់វិទ្យុវីអូឌី មកពីភ្នំពេញម្នាក់ អ្នកស្រី អ៊ុំ សំបូរ មានការព្រួយបារម្ភថា នៅពេលវិទ្យុនេះត្រូវបានផ្អាកការផ្សាយ ហាក់បីដូចជា ផ្តាច់ដង្ហើមរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានពត៌មានដូច្នោះដែរ។ អ្នកស្រីថា អ្នកស្រីពិតជាចង់ឲ្យស្ថានីយមួយនេះ ដំណើរការផ្សាយវិញ។
អ្នកស្រីមានប្រសាសន៍ថា៖ «បារម្ភថា ពេលវិទ្យុវីអូឌី បិទអញ្ជឹង ដូចជាបិទជីវិតរបស់ពលរដ្ឋអញ្ជឹង! ខ្ញុំដូចថា ពិបាកណាស់ គឺថា អត់មានព័ត៌មាន ដូចអត់មានជីវិតណា វាអត់មានដឹង។ ប្រជាពលរដ្ឋហ្នឹងហា មានតំណាងតាមខេត្តមក មកចូលរួមប្រជុំរកដំណោះស្រាយ ហើយថាបិទហ្នឹង បិទដើម្បីអី ព្រោះអីព័ត៌មាន ជាជីវិតរបស់ពលរដ្ឋ ហើយបើបិទអញ្ជឹង ពលរដ្ឋមានដង្ហើមអីដក»។
អ្នកស្តាប់វិទ្យុវីអូឌី ម្នាក់ទៀត នៅភ្នំពេញ លោក ជា ចិន្តា មានប្រសាសន៍ថា លោកជាអ្នកតាមដានស្តាប់វិទ្យុនេះរាល់ថ្ងៃនិងល្ងាច ហើយលោកថា មានការភ្ញាក់ផ្អើល ដែលស្ថានីយមួយនេះ ត្រូវបានផ្អាកការផ្សាយ។ លោកថា លោកចង់ឲ្យស្ថានីយមួយនេះ ទទួលបាន រលកអាកាសផ្សាយឡើងវិញ ព្រោះថា បើផ្អាកបែបនេះ ពលរដ្ឋនឹងបាត់បង់ឱកាស ស្តាប់ព័ត៌មានពិត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំតែងតែស្តាប់រាល់ល្ងាច រាល់យប់ ជាពិសេស ពេលខ្ញុំចេញដំណើរទៅធ្វើការ ខ្ញុំជិះឡានទៅធ្វើការអី ខ្ញុំបើកវីអូឌី ស្តាប់រហូត តែដល់ពេលប៉ុន្មានថ្ងៃហ្នឹង ខ្ញុំឃើញនៅក្នុងហ្វេសប៊ុក គេថាគេបានបិទ ដល់ពេលខ្ញុំទូរសព្ទសួរខាង វីអូឌី ទៅ គឺគេបានបិទមែន! ចង់បាន ចង់ឲ្យបើកវិញព្រោះខ្ញុំចូលចិត្ត ចូលចិត្តស្តាប់ព័ត៌មានពិត សូម្បីម្តាយរបស់ខ្ញុំ ឪពុករបស់ខ្ញុំ ក៏ចូលចិត្តដែរ។ ខ្ញុំចូលចិត្ត និយាយតាមត្រង់ ខ្ញុំចូលចិត្ត»។
មានប្រសាសន៍ ប្រហាក់ប្រហែលគ្នាដែរ អ្នកស្តាប់វីអូឌីម្នាក់ទៀត នៅខេត្តព្រៃវែង លោក នឹម នាង ក៏មានប្រតិកម្មដែរថា នៅសុខៗ លោកស្រាប់តែបើកស្តាប់ព័ត៌មានមិនបាន។ លោកថា ការផ្អាកផ្សាយនេះ ដោយសារតែវីអូឌី និយាយពិត មិនបម្រើប្រយោជន៍ឲ្យនរណាម្នាក់ តែបម្រើឲ្យប្រយោជន៍រួម ដែលជាហេតុធ្វើឲ្យមានការផ្អាកផ្សាយ។
លោកថា៖ «ហើយធ្វើយ៉ាងម៉េចទៅ បើបិទជិតឈឹងអញ្ជឹង តើបានអីស្តាប់ទៅ ហើយឥឡូវហ្នឹង គិតយ៉ាងម៉េចទៅ វិទ្យុហ្នឹង។ អញ្ជឹង ឲ្យទៅស្តាប់ប៉ុស្តិ៍ណាវិញទៅ ១០៦.៥០ ក៏បិទ ១០៦.៧០ ក៏បិទ។ អានេះគេថា នេះមិនបម្រើបុគ្គល បម្រើរួម គេមិនពេញចិត្តអញ្ជឹងហា បានគេបិទនោះ។ អញ្ចេះ គឺព័ត៌មានហ្នឹង គឺវា សុចរិត យុត្តិធម៌ ដូចខ្ញុំអញ្ជឹង ឃើញអីថា ហ្នឹងហើយ មិនខ្លាចទេ!»។
ងាកមក លោក ផុក វេត ជាពលរដ្ឋរស់នៅខេត្តសៀមរាប មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលចំពោះការផ្អាកផ្សាយរបស់វិទ្យុវីអូឌី ដោយថា បើនៅតែផ្អាកបែបនេះ តើឲ្យលោកទទួលបានព័ត៌មានពិតមកពីណាទៅ។ ក្រៅពីនេះ លោក ផុក វេត ក៏សំណូមពរឲ្យរដ្ឋាភិបាល ផ្តល់ការផ្សាយឲ្យវិទ្យុនេះឡើងវិញ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានថ្លែងថា ការធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជា។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីម្សិលមិញនេះ បានការពារចំណាត់ការរបស់ខ្លួនដោយថា ការបិទការផ្សាយតាមរលកអាកាស របស់ស្ថានីយវិទ្យុមួយចំនួន ជាវិធានការផ្លូវច្បាប់ ហើយមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ការផ្អាក «កម្មវិធីផ្សាយរបស់វិទ្យុវីអូឌី» តាមរលកអាកាសនេះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧លាន៥សែននាក់ នៅក្នុងចំណោម១២ខេត្តរាជធានី នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី បានផ្សាយតាមរលកធាតុអាកាសរបស់ស្ថានីយ៍វិទ្យុ អេហ្វអឹម នានាចាប់តាំងពីឆ្នាំ២០០៣ និងបានដំណើរការ ការផ្សាយតាមប្រព័ន្ធអ៊ីនធើណិតចាប់ពីឆ្នាំ២០១២ មកម្ល៉េះ៕









