តុលាការកំពូល នៅព្រឹកថ្ងៃសុក្រនេះ ប្រកាសលើកពេលសវនាការ លើសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៤នាក់ តាមសំណើមេធាវីការពារក្តី ករណីប្តឹងទាស់ នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៤នាក់នោះ ដោយដាក់ពន្ធនាគារម្នាក់ៗ ចំនួន៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យសកម្មដីធ្លីទាំងនោះ បានដាក់ពាក្យប្ដឹងជំទាស់មកតុលាការកំពូល។
វីអូឌី មិនអាចសុំអត្ថាធិប្បាយបន្ថែមពី លោកស្រី សាម សុគន្ធា ដែលជាមេធាវីការពារក្ដី ឲ្យសកម្មជនដីធ្លីទាំង៤នាក់ ដើម្បីសុំការពន្យល់ពីមូលហេតុ នៃការសុំពន្យាពេលសវនាការនាថ្ងៃនេះ បាននៅឡើយទេ ដោយទូរសព្ទចូល តែមិនមានអ្នកទទួល។
សកម្មជនដីធ្លី ដែលត្រូវបានសាលាដំបូងផ្ដន្ទាទោសទំាង៤នាក់នោះ រូមមាន អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូវ ឆវី។ ប៉ុន្តែ តុលាការ មិនបានឃុំខ្លួនស្រ្តី៣នាក់នោះទេ ដោយបើកសិទ្ធិឲ្យប្តឹងជំទាស់ ដោយឡែកអ្នកស្រី ទេព វន្នី តុលាការនៅបន្តឃុំខ្លួនដដែល ហើយអ្នកស្រី ត្រូវបានតុលាការកាត់ទោសមួយករណីថ្មីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថា ប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕









