តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលបាត់ដំបង បានណែនាំឲ្យមន្ត្រីធ្វើការនៅសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិថា ត្រូវស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋឲ្យបានច្រើន ដើម្បីធ្វើការអភិវឌ្ឍន៍បានផលល្អប្រសើរ។
នៅថ្ងៃសៅរ៍នេះ លោក ឈាង វុន បានចុះទៅមើលទីតាំងដែលមានភាពចម្រូងចម្រាស់ ករណីចៅសង្កាត់អូរចារ មកពីគណបក្សសង្គ្រោះជាតិរៀបចំលូរំដោះទឹកចេញពីភូមិប៉ុន្តែត្រូវអាជ្ញាធរក្រុងហាមឃាត់ព្រោះថា ការរៀបចំលូនោះខុសបច្ចេកទេស។
ក្នុងដំណើរចុះត្រួតពិនិត្យរបស់លោក ឈាង វុននោះ ក៏មានវត្តមានមន្ត្រីសង្កាត់អូរចារ និង សមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងចូលរួមដែរ។
ក្នុងការជជែក ពីខ្វែងគំនិតគ្នាលើការសាងសង់លូ រំដោះទឹកចេញពីភូមិនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង មន្ត្រីសង្កាត់អូរចារ មានការជជែកគ្នាច្រើនចំណុច។ ក្នុងឱកាសនោះ លោក ឈាង វុន បានណែនាំឲ្យយុវតីមន្ត្រីសង្កាត់អូរចារ ឲ្យស្តាប់មតិយោបល់ពលរដ្ឋឲ្យបានច្រើន ហើយធ្វើការដោយផ្អែកលើច្បាប់ទើបបានផលល្អដល់ប្រជាពលរដ្ឋ។
សង្កាត់អូរចារ គឺជាសង្កាត់មួយនៅក្នុងក្រុងបាត់ដំបង ដែលអាណត្តិមុនគណបក្សប្រជាជនទទួលបានតំណែងចៅសង្កាត់ ប៉ុន្តែក្រោយពេលបោះឆ្នោតកាលពីថ្ងៃទី៤ខែមិថុនា កន្លងទៅនេះ តំណែងចៅសង្កាត់បានលើគណបក្សសង្គ្រោះជាតិវិញ គឺគណបក្សសង្គ្រោះជាតិទទួលបាន៧អាសនៈនៃក្រុមប្រឹក្សា ចំណែកគណបក្សប្រជាជនកម្ពុជាទទួលបាន៤អាសនៈ។









