រដ្ឋាភិបាលបានសម្រេចអនុម័តសេចក្ដីព្រាង ស្ដីពីគោលនយោបាយមនុស្សចាស់សម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ ២០៣០ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សចាស់ ដែលមានចំនួនកាន់តែកើនឡើងច្រើន។
សេចក្ដីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយ ទីស្ដីការគណៈរដ្ឋមន្រ្តីស្ដីពីលទ្ធផលសម័យប្រជុំ ពេញអង្គ គណៈរដ្ឋមន្រ្តីនាថ្ងៃទី ២៥ ខែ សីហា លើកឡើងថាគោលនយោបាយមនុស្សចាស់គឺជាគោលនយោបាយអាទិភាពដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ ២០១៤ ដល់២០១៨។
សេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងថា៖ «សេចក្ដីព្រាងគោលនយោបាយនេះ ផ្ដោតលើមធ្យោបាយ និង លទ្ធភាពទាំងឡាយដើម្បីដោះស្រាយបញ្ហា របស់មនុស្សវ័យចាស់ ដែលលេចចេញពីបម្រែបម្រួលប្រជាសាស្រ្ត។ ការឈានចូលវ័យចាស់របស់ប្រជាជនមានការអត្រាខ្ពស់ជាងមុន—នឹងបន្តកើនឡើងទៀត»។
តាមសេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ភាគរយនៃប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងមានចំនួន ៨ ភាគរយ នៅឆ្នាំ ២០១៣ និង មាននិន្នាការកើនឡើងដល់ ១១ ភាគរយនៅឆ្នាំ ២០៣០។
គោលនយោបាយជាតិស្ដីពីមនុស្សចាស់នេះក៏បានពិនិត្យមើលពីស្ថានភាពនៃការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ច និង ប្រជាសាស្រ្ត ដែលកំណត់កត្តាអាទិភាពចំនួន ៩ ដែលទាក់ទងនឹងមនុស្សចាស់ ដូចជាសន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបនៃការរស់នៅ បរិស្ថានអំណោយផល វ័យចំណាស់សកម្ម និងការបង្កើតសមាគមន៍ និងកត្តាផ្សេងៗមួយចំនួនទៀត៕









