លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានចុះជួបជាមួយអាជីវករលក់ដូរ ឥវ៉ាន់នៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការសាកសួរសុខទុក្ខ។
លោកហ៊ុន សែន បានចុះដើរតាមកន្លែងលក់ក្រណាត់ ខោអាវ និង កន្លែងលក់អាហារផ្សេងជាច្រើន។ កន្លែងដែលលោកធ្វើដំណើរទៅ មានអាជីវករ ប្រជ្រៀតគ្នានៅក្បែរលោក អ្នកខ្លះសាកសួរបញ្ហាផ្សេងៗ អ្នកខ្លះសុំថតរូបជាមួយលោកបន្តបន្ទាប់។
នៅក្នុងការធ្វើដំណើរចូលក្នុងផ្សារធំថ្មីនៅរាជធានីភ្នំពេញនៅព្រឹកនេះ លោកមិនបានផ្ញើសារអ្វីទៅកាន់អាជីវករនោះទេ ហើយនៅក្នុងហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា លោកទៅសួរសុខទុក្ខប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ដូរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានដាក់ចេញផែនការ ចុះជួបកម្មករតាមរោងចក្រដែរ ដែលធ្វើឡើង១សប្តាហ៍ពីរដងគឺលោកថា ដើម្បីសាកសួរសុខទុក្ខដល់កម្មករកម្មការនី។









