លោក ហ៊ុន សែន បន្តជួបកម្មករនិងបុគ្គលិករោងចក្រជាង៤ពាន់នាក់នៅព្រឹកនេះ

រួបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ បន្ត​ជួប​កម្មករ​  និង​បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​នានា​ជាង​ ៤០០០នាក់ ​ដែល​ការ​ជួប​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។​

តាម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​នេះ​ លោក​ជួប​ជា​មួយ​តំណាង​កម្មករ​ដូច​ជា​ប្រធាន​រដ្ឋបាល​ប្រធាន​ផ្នែក​ និង​មេ​ក្រុម​មក​ពី​រោងចក្រ​ផ្សេងៗ​គ្នា​ចំនួន​៤,៤០៣ នាក់​។​

ក្នុង​ឱកាស​នោះ​ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ប្រាប់​តំណាង​កម្មករ​ និង​ បុគ្គលិក​តាម​រោងចក្រ​ថា​ វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​បំផ្លាញ​នៅ​សម័យ​សង្គ្រាម​ ដូចជា​ សម័យលន់ ណុល​ និង​ សម័យ​ខ្មែរក្រហម​។ លោក​ នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​រីកចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​លោកថា​ កាល​ពី​ឆ្នាំ​១៩៧៩​ មាន​រោងចក្រ​តែ​ ៦៤ ​ហើយ​ថា​ បច្ចុប្បន្ន​នេះ​ មាន​រោងចក្រកាត់ដេរ​ ១ ១១៧ ​ហើយ​បើ​សរុប​ទាំង​រោងចក្រ​សហគ្រាស​ទាំង​អស់​មាន​ប្រមាណ​១១ ១៦៨  ​ដែល​បាន​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋខ្មែរ​បាន​ប្រមាណ​១លាននាក់​។​

ទោះ​ជា​យ៉ាង​ណា​ខាង​សហជីព​ ធ្លាប់​លើក​ឡើង​ថា​ ការងារ​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់​ និង​ លក្ខខណ្ឌ​ការងារ​មិន​ល្អ​ទើប​បណ្តាល​ឲ្យ​ពលរដ្ឋខ្មែរ​ជាង​១លាននាក់​បាន​ ក្លាយ​ខ្លួន​ជា​ពលករ​ចំណាក​ស្រុក​ធ្វើ​ការងារ​ទាំង​ខុស​ច្បាប់​ និង​ ស្រប​ច្បាប់​នៅ​បរទេស​ ពិសេស​នៅ​ថៃ​មាន​ជាង​១លាននាក់​។

របាយការណ៍​ក្រសួង​ការងារ​ បង្ហាញថា​ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន​៥ប្រទេស​ រួម​មាន​ ប្រទេស​ថៃ​ សាធារណរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង)​ ម៉ាឡេស៊ី​ ជប៉ុន​ និង​សិង្ហបុរី​ មាន​ពលករ​ប្រមាណ១​លាន​៥ម៉ឺននាក់ ​ដែល​អាច​រក​ចំណូល​បាន​ប្រមាណ​ជិត​២ពាន់លានដុល្លារ​ក្នុង​១ឆ្នាំ​។  ប៉ុន្តែ​របាយការណ៍​របស់​សហជីព​មួយ​ចំនួន​បង្ហាញថា​ ពលករដ្ឋ​ខ្មែរ​ទាំង​ខុស​និង​ ស្រប​ច្បាប់​កំពុង​ធ្វើ​ការ​នៅ​ក្រៅប្រទេស​មានជាង​១លាន៥សែននាក់​ ក្នុង​នោះ​នៅ​ថៃ​មាន​ជាង​ ១លាននាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ