សំរាមត្រូវបានបោះចូលក្នុងមាត់ទន្លេខេត្តក្រចេះ

សំរាមក្នុងមាត់ទន្លេខេត្តក្រចេះ

សំរាមគ្រប់ប្រភេទជាពិសេស ថង់ផ្លាស្ទិកនិងប្រអប់ស្នោខ្ចប់ម្ហូបអាហារ ត្រូវបានបោះចូល​ទៅ​ក្នុង​ទឹក​ទន្លេខេត្តក្រចេះ បើទោះបីជានៅទីនោះមានដាក់ធុងសំរាម និង​មាន​ស្លាកបង្ហាញសារ​អប់រំឲ្យជួយការពារបរិស្ថានក៏ដោយ។

តាមការសង្កេតដោយផ្ទាល់ភ្នែករយៈពេលប្រហែល២ម៉ោង នៅល្ងាចថ្ងៃទី២៥​ខែសីហា ត្រង់មាត់​ទន្លេ​ចំណុច​ខាង​មុខសាលមហោស្រព​ខេត្តក្រចេះឃើញថា អ្នកដែល​បោះចោល​សំរាមទៅ​ក្នុង​ទឹក​ទន្លេនោះ គឺភាគច្រើនជាប្រជាពលរដ្ឋដែលទៅអង្គុយលេង និងមួយចំនួនទៀតជាអ្នកទៅហាត់ប្រាណនៅទីនោះពេលល្ងាច។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ ទទួលស្គាល់ចំពោះសកម្មភាពចោលសំរាមផ្តេសផ្តាសនេះ តែលោកថា អ្នកដែលប្រព្រឹត្តិទង្វើបែបនេះ មានចំនួនតិចតួចតែប៉ុណ្ណោះ។ លោកថា ការគ្រប់គ្រងទៅលើបញ្ហានេះមានការលំបាក ដោយសារការចោលសំរាមក្រៅធុងនេះ ក្លាយទៅជាទម្លាប់របស់ប្រជាពលរដ្ឋទៅហើយ ដែលពិបាកនឹងកែប្រែ។

លោកមានប្រសាសន៍ថា៖ «តាមពិតទៅទម្លាប់របស់ប្រជាពលរដ្ឋយើងដូចជា យើងមិនងាយនឹងកែគាត់ទេ យើងមានដល់ទៅធុងសម្រាម ចំណាត់ការយើងមាន។ អ្នកចោលមានតិចតួចទេ ចំពោះអ្នកភ្នំពេញ ឬអ្នកដំណើរនានា គេចោលក្នុងធុងសម្រាម»។

យ៉ាងណាក្តី លោកថាខាងមន្ទីរមានចំណាត់ការទៅលើបញ្ហានេះផងដែរ ដោយលោកថាក្នុងករណីជួបផ្ទាល់នឹងភ្នែក ខាងមន្ទីរនឹងហៅមកណែនាំអប់រំ ចំណែកឯក្នុងករណីធ្ងន់ធ្ងរ នឹងធ្វើការផាកពិន័យទៅតាមច្បាប់។

លោកថាបញ្ហាសម្រាមនេះ លោកបានប្រគល់តួនាទីឲ្យខាងស្រុក ខាងក្រុង ជាអ្នកទទួលខុសត្រូវបន្ត ហើយខាងក្រុងជាអ្នកប្រគល់តួនាទីនេះឲ្យអ្នកទទួលម៉ៅការ យ៉ាងណាក្តីខាងមន្ទីរក៏នៅតែបន្តមើលការខុសត្រូវដដែល ហើយនិងមានការកោះប្រជុំជាហូរហែទៀតផង។

បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល សម្រាប់​បុគ្គល​​បោះចោល​សម្រាម​តាម​ទី​សាធារណៈ នឹង​ត្រូវ​ទទួល​បានការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​សម្រាម​។

ក្នុង​ករណី​បុគ្គល​បង់ប្រាក់ពិន័យ​មិន​ទាន់តាម​ពេលវេលា​កំណត់ ការ​ពិន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ទៅ​៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃនេះទេ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​តុលាការ៕

ដោយ ឆោម ស្រីល័ក្ខ

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered