គណបក្សអំណាចខ្មែរពិចារណាធ្វើបាតុកម្ម ករណីចាប់​ខ្លួនប្រធានបក្សនេះ​

សន្និសីទសារព័ត៌មានរបស់គណបក្សអំណាចខ្មែរ

គណបក្សអំណាច​ខ្មែរបានឲ្យដឹងថា នឹងពិចារណាក្នុងការរៀបចំធ្វើបាតុកម្មនៅពេលខាងមុខ ដោយអះអាងថា ដើម្បី​​ទាមទារ​​ឲ្យ​​មាន​យុត្តិធម៌ដល់ប្រធានគណបក្សនេះ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនក្រោយពេល​ដែល​រិះគន់​ការបញ្ជូន​កង​ទ័ព​ទៅ​ព្រំដែន​​ជាមួយ​ប្រទេសឡាវ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ២៨ ខែសីហានេះ ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានថ្លែងថា ក្រោយ​​ពេលធ្វើសមាជរបស់គណ​បក្សនៅ​ខែក្រោយនេះ លោក​នឹងមានការពិចារណា ពីការរៀបចំធ្វើបាតុកម្ម ប្រឆំាងការ​​ចាប់​ខ្លួន និងកាត់ទោស​ប្រធានគណបក្ស​អំណាចខ្មែរ ​លោក ​សួន សេរីរដ្ឋា ដោយថា ដើម្បី​ស្វែង​រកយុត្តិ​ធម៌ឲ្យ​អតីត​ប្រធាន​​គណ​បក្សនេះ​។​

លោកថ្លែង​ថា «ប្រសិនបើជាអត់ជំរើស ក្រោយអំពីសមាជឲ្យ​បានជ្រើសរើស​ប្រធាន អនុប្រធាន​គណបក្សរួច​ហើយ​ យើងអាច​ឈានចូលទៅដល់​ការគិតគូពាក់ព័ន្ធ​បាតុកម្ម តែទោះបីជាយ៉ាងណាក៏ដោយ​ ដូចខ្ញុំជម្រាប​ យើងគោរពច្បាប់ យើងអនុវត្តច្បាប់​ យើង​មិនចង់ធ្វើអ្វី​ដែលឲ្យស្ថានការណ៍សង្គមវាតានតឹងទេ ណាមួយជិតបោះឆ្នោតផង តែយើងមិនអាច​មើលឃើញ​នូវ​ភាព​អយុត្តិធម៌ចំពោះលោក សួន សេរីរដ្ឋា បានទេ យើងត្រូវ​តែរកវិធី ដើម្បីទប់ស្កាត់​ រកវិធីដើម្បីទប់ទល់ រកវិធីដើម្បីបកស្រាយ​​»។

លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣សីហាឆ្នាំ២០១៧នេះ បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុករិះគន់ ក្រោយ​ពេល​បញ្ជូនកងទ័ពទៅ​ព្រំដែន​ពេលមាន​ជម្លោះ​ជាមួយឡាវ។ ក្រោយ​មកលោក សួន សេរីរដ្ឋា ធ្វើលិខិតលាលែងពីតំណែងប្រធានបក្ស ដើម្បីជៀសវាងច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​​​​​​​រំលាយគណបក្សនេះ បើសិនជាប្រធានបក្សជាប់ទោស។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា​ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹង​ការលើក​ឡើង​របស់​លោក​ សួង សុភ័ណ្ឌ នោះទេ ដោយលោកថា អ្នកដែលចង់ប្រឆំាងនឹងច្បាប់ ជាសិទ្ធិរបស់បុគ្គលនោះ។

លោកនិយាយថា «ចាប់មនុស្ស មិនមែនគេចេះតែចាប់ទេ​ គេចាប់ពឹងលើច្បាប់ ដូច្នេះ​អ្វីដែលគេបន្តធ្វើ​ ដើម្បីប្រឆំាងនឹងច្បាប់​ជារឿង​​របស់គេ​ ចំណុច​នេះគឺ​ខ្ញុំមិន​មានយោបល់អ្វីទំាងអស់​»។

លោក សួន សេរីរដ្ឋា ត្រូវបានតុលាការផ្ដន្ទាទោសដាក់​ពន្ធនាគារ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ ១០លានរៀល កាលពី​ថ្ងៃទី២៥ខែសីហា​នេះ ពាក់ព័ន្ធសំណុំរឿង​បញ្ចេញមតិ​លើហ្វេស​ប៊ុក​ប្រមាថ​កងទ័ព​កម្ពុជា​ ជុំ​វិញ​​​ជម្លោះព្រំដែនជាមួយឡាវ​។ ប៉ុន្តែការសម្រេច​នេះ ត្រូវ​បានភរិយា និង​មេធាវីលោក សួន សេរីរដ្ឋា លើកឡើងថា ជារឿង​អយុត្តិធម៌ ដោយពុំមានធាតុផ្សំគ្រប់គ្រាន់ដាក់បន្ទុកកូនក្តីលោកនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ