យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់រណ្តៅដីជីករ៉ែមាសមួយកន្លែងក្នុងស្រុកសំបូរខេត្តក្រចេះនៅថ្ងៃនេះ។
អធិការនគរបាលស្រុកសំបូរ លោក ប៊ុន ឈឿន ប្រាប់វីអូឌីថា ហេតុការណ៍បាក់រណ្តៅដីជីករ៉ែមាសនោះ កើតឡើងនៅភូមិអូរពោរ ឃុំក្បាលដំរី ក្នុងស្រុកសំបូរ ដោយបណ្តាលឲ្យកម្មករម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសដៃឆ្វេង និងប្រអប់ជើងខាងធ្វេង កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។
លោកបន្តថា អាជីវកម្មរុករករ៉ែមាសនេះជារបស់ឯកជនម្ចាស់ឈ្មោះលោក គង់ ប៊ុននាង រស់នៅក្រុងក្រចេះ។ លោក ប៊ុន ឈឿន មិនអាចបញ្ជាក់ថា អាជីកម្មនោះស្របច្បាប់ឬយ៉ាងណាបាននៅឡើយទេ ដោយថាសមត្ថកិច្ចកំពុងស្រាវជ្រាវ។
លោកបន្ថែមថា «ករណីនេះយើងទទួលបានព្រឹកម៉ិញ ហើយករណីនេះកើតឡើងពិតមែន ហើយរហូតមកដល់ម៉ោងនេះ យើងមិនទាន់ច្បាស់លាស់ថា ហេតុការណ៍នេះកើតឡើងយ៉ាងម៉េចៗខ្លះទេ ថ្ងៃម៉ិញនេះ ខាងព្រះអាជ្ញាគាត់បានដឹកនាំកំលាំងទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវលំអិតរឿងហ្នឹង ស្រាវជ្រាវលំអិតទាំងផ្លូវច្បាប់ ទាំងហេតុការណ៍ដែលកើតឡើង ហើយប្រសិនបើមិនមានច្បាប់ ចាំមើលខាងព្រះរាអជ្ញាគេបញ្ជូលទៅស្ថាប័នជាអ្នកចាត់ការ»។
លោកអធិការបន្តថា អាជីវកម្មនេះអាចបិទ ប្រសិនបើរកឃើញថាមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ៕









