អង្គការផ្តល់ជំនួយធំមួយរបស់អាមេរិកស្នើរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអង្គការ NDI បន្ដការងារឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំក្រោយ។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៨សីហាឆ្នាំ២០១៧ អ្នកនាំពាក្យស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោក CLAYTON McCLESKEY បានសំដែងការសោកស្ដាយចំពោះការសម្រេចបិទអង្គការមនុស្សធម៌អាមេរិកឈ្មោះ «វិទ្យាស្ថានជាតិប្រជាធិបតេយ្យ» ឬអង្គការ NDI ហើយរដ្ឋាភិបាលបានបណ្តេញបុគ្គលិកអង្គការនេះ ចាកចេញពីប្រទេសកម្ពុជាជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ។
លោក CLAYTON McCLESKEY ស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អនុញ្ញាតឲ្យអង្គការមនុស្សធម៌មួយនេះបន្ដការងារឡើងវិញ ដោយថា ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។
ក្នុងសេចក្ដីថ្លែងការណ៍ លោកបញ្ជាក់ថា៖ «NDI បានធ្វើការជាមួយនឹងគណបក្សនយោបាយកម្ពុជាជាច្រើន ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងជាមួយពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលនានា ដើម្បីគាំទ្រដល់អភិបាលកិច្ចដែលមានតម្លាភាព និងមានការចូលរួមផ្នែកនយោបាយមកពីគ្រប់ភាគី អស់រយៈពេល ២៥ ឆ្នាំកន្លងមកហើយ។ យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរសេចក្តីសម្រេចរបស់ខ្លួន ដើម្បីអោយ NDI អាចបន្តការងាររបស់ខ្លួន ដើម្បីធ្វើអោយប្រាកដថា ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ផ្តល់សំឡេងស្មើៗគ្នាដល់ប្រជាជនកម្ពុជាទាំងអស់»។
កាលពីថ្ងៃទី២៣សីហាកន្លងទៅនេះ រដ្ឋាភិបាលបានប្រកាសបិទអង្គការ NDI ដោយចោទថា អង្គការនេះមិនបានចុះបញ្ជីជាមួយក្រសួងការបរទេសកម្ពុជា និងខកខានកាតព្វកិច្ចបង់ពន្ធ។
ប៉ុន្ដែ២ថ្ងៃបន្ទាប់ អង្គការ NDI បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់នេះ ដោយថា ខ្លួនបានបំពេញការងារផ្នែកលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំមកហើយ។ អង្គការអាមេរិកមួយនេះបន្ដថា ខ្លួនបានដាក់ស្នើសុំចុះបញ្ជី កាលពីថ្ងៃទី២១កញ្ញាឆ្នាំ២០១៦ និងថា នោះជាកំហុសរបស់ក្រសួងការបរទេសខ្មែរ ដែលមិនបានឆ្លើយតបវិញក្នុងរយៈពេល៤៥ថ្ងៃ តាមការកំណត់នៃច្បាប់ស្ដីពីអង្គការ សមាគម។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន មានប្រសាសន៍ថា កម្ពុជាលែងត្រូវការជំនួយរបស់អាមេរិកទៀតហើយ។ លោកចោទថា សហរដ្ឋអាមេរិកហាក់កំពុងមានចេតនាទុច្ចរិត និងចង់កេងចំណេញអ្វីមួយ ដោយថា កម្ពុជាលែងត្រូវការជំនួយទៅហើយ ប៉ុន្ដែប្រទេសមហាអំណាចមួយនេះ នៅតែស្នើឲ្យគេទទួលយកជំនួយរបស់ខ្លួន។
លោកថា៖ «ម្ចាស់គេ វាចំឡែកត្រង់ម្ចាស់គេមិនឲ្យជួយយើងចង់ជួយនេះ វាយ៉ាងម៉េចអាហ្នឹង ខ្ញុំយល់ថា ការចង់ជួយនេះ វាមានបង្កប់ទៅដោយឧបាយកលណាមួយ ដើម្បីមហិច្ឆិតារបស់មហាអំណាច យ៉ាងម៉េចអាហ្នឹង យើងនៅតែខំជួយ ចាំបង្ខំឲ្យគេជួយ ឬក៏យើងអនុវត្តតាមម្ចាស់ផ្ទះគេ»។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការបិទអង្គការ NDI នេះ នឹងធ្វើឲ្យកម្ពុជា ធ្លាក់ចុះការទទួលស្គាល់ផ្នែកលទ្ធិប្រជាធិបតេយ្យ និងកំណើនវិនិយោគ ដោយថា ករណីនេះក៏នឹងធ្វើឲ្យសហគមន៍អន្ដរជាតិ ដកការទុកចិត្តពីរដ្ឋាភិបាលកម្ពុជា។
ជុំវិញការបិទអង្គការ NDI នេះ ទូតអាមេរិកប្រចាំកម្ពុជា ក្រសួងការបរទេសអាមេរិក អង្គការសហប្រជាជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បានរិះគន់រដ្ឋាភិបាលកម្ពុជា ដោយថា លោក ហ៊ុន សែន គួរបញ្ឈប់សកម្មភាពគំរាមកំហែងទាំងនេះ បើពុំដូច្នោះទេ លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នឹងពុំអាចជឿទុកចិត្តបានឡើយ។
ការបិទអង្គការ NDI ធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មាន ដែលគេថា ស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយ ដោយថា អង្គការ NDI បានជួយរៀបចំនិងជ្រោមជ្រែងឲ្យគណបក្សប្រឆាំង ផ្ដួលរំលំរដ្ឋាភិបាល ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ៕









