ក្រសួង​មហាផ្ទៃប្តឹងសុំរំលាយ​គណបក្ស​នយោបាយ​ជិត​១០

ក្រសួងមហាផ្ទៃ

ក្រសួង​មហាផ្ទៃ​​ប្តឹងសុំ​រំលាយ​គណបក្សនយោបាយ​ជិត​១០គណបក្ស ទៅ​តុលាការ​កំពូល​ ដោយ​ថា​គណ​បក្ស​ទាំង​នោះ​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពីគណបក្សនយោបាយ​ដែល​ទើប​នឹងត្រូវ​បាន​អនុម័ត។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩​ ខែសីហា ឆ្នាំ​២០១៧ ផ្ញើ​ទៅ​កាន់​ប្រធាន​តុលាការកំពូល ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​នយោបាយ​ចំនួន​៩ដែលគេមិនសូវស្គាល់ឈ្មោះនេះ ​រួមមាន  គណបក្សប្រជាជាតិខ្មែរ, គណបក្សពលរដ្ឋខ្មែរ, គណបក្សសង្គមខ្មែរនិយម, គណបក្សសង្គមថ្មី, គណបក្សខ្មែរជាតិនិយម, គណបក្សនាងនាគនារីខ្មែរ, គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង, គណបក្សស្ដ្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ ដោយ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថាគណបក្ស​ទាំងនោះមិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ជូន​មក​ក្រសួង​ និង​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ផងដែរ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​មាត្រា​៣១ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

ដោយ​លើក​ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដូច​គ្នា ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ចុះ​ថ្ងៃ​ទី២៩ សីហា ក្រសួង​មហាផ្ទៃ​ក៏​បាន​ព្រមានដល់​គណ​បក្ស​​នយោបាយ​មួយឈ្មោះ គណបក្ស​ប្រជា​ធិប​តេយ្យ​សេរីសង្គ្រោះ​ជាតិ ដោយទុក​ពេល​ឲ្យ​គណបក្ស​នេះ​១៥ ថ្ងៃ​យ៉ាង​យូរ​ឲ្យ​បំពេញ​បែប​បទ​តាម​ការ​កំណត់​របស់​ច្បាប់​មកកាន់​ក្រសួង​ ដោយ​ថា​បើ​លើស​ពី​ការ​កំណត់​នេះ​ក្រសួង​នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​គណបក្ស​នោះ​ផង​ដែរ។

គួររំលឹក​ផង​ដែរ​ថា​ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ជា​លើ​ក​ទី​ពីរ​ត្រូវ​បាន​បាន​ចូលជា​ធរមាន​​កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៧ ដោយ​លោក សាយ ឈុំ ដែល​ជា​ប្រមុខរដ្ឋ​ស្តីទី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ បន្ទាប់ពីព្រះ​មហា​ក្សត្រ​បាន​យាង​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ ក្រោម​ហេតុ​ផល​ពិនិត្យ​ព្រះរាជសុខភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ