សង្គម​ស៊ីវិល​ថាមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

អង្គការសង្គម​ស៊ីវិល​លើកឡើងថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការរៀប​ចំនិងអនុវត្ត ​ទិសដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​រដ្ឋាភិបាលកម្ពុជា ដោយ​ថាការ​ប្រតិបត្តិ​នៅ​មាន​ភាព​យឺត​យ៉ាវ​ និង​ខ្វះ​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល។

នៅ​ក្នុង​សិក្ខា​សាលាពិគ្រោះ​យោបល់អំពី «ទស្សនៈវិស័យ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល ទៅលើ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់កម្ពុជា» នៅ​ព្រឹក​ថ្ងៃទី២៩ សីហា​នេះ តំណាងអង្គការសង្គម​ស៊ី​វិល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ទិស​ដៅ​អភិវឌ្ឍ​បន្ត​របស់​ប្រទេស​កម្ពុជា ព្រោះ​ថា​នៅ​មាន​ចំណុច​ខ្វះ​ខាត​នៅ​ឡើយ។

នាយិកា​ប្រតិបត្តិអង្គការ សីលការ លោកស្រី ធីតា ឃិះ បាន​លើក​ឡើង​​នៅ​ក្នុង​សិក្ខា​សាលា​នោះ​ថា លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភចំពោះ​ការ​អនុវត្តផែន​ការគោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់កម្ពុជានេះ ដោយ​ថា​អាច​នឹង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ច្រើន។ លោក​ស្រី​ក៏​មាន​ប្រសាសន៍​បន្ថែម​ថា ផែន​ការនេះ​ត្រូវ​បាន​ពន្យារជា​បន្ត​បន្ទាប់។

លោក​ស្រីមាន​ប្រសាសន៍ថា៖​ «ខ្ញុំ​យល់ថា ការ​យល់​ដឺង​ទៅ​លើ​រឿង​ការ​ធ្វើ​សូចនាករ និង​ការ​រៀប​ចំឲ្យ​មាន​សូច​នាករ និង​ទិស​ដៅ​មួយ​ៗ​នៅ​មាន​ភាព​រអាក់​រអួល​នៅ​ឡើយ ការ​យល់​ដឹង និង​ការ​រៀប​ចំ​សូចនាករ​នៅ​មាន​បញ្ហា​ច្រើន ដែល​ធ្វើ​ឲ្យ​ផែន​ការ​មាន​ភាព​យឺត​យ៉ាវ ដែល​ផែន​ការដែល​ត្រូវ​ចេញតាំងពី​ខែប្រាំពីរ ហើយឥឡូវ​ខែ​ប្រាំបី​មិន​ទាន់​បាន ហើយ​គេ​លើក​ទៅ​ខែ១២ទៀត»។

គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ គឺជា​គោល​ដៅ​ផែន​ការរយៈពេល១៥​ឆ្នាំ (២០១៥- ២០៣០) ​ដែល​មាន​ចំនួន១៧ចំណុច ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិកាល​ពី​ឆ្នាំ២០១៥។ គោល​ដៅអភិវឌ្ឍ​នេះ​មាន​គោល​បំណង​លើក​ស្ទួយដល់​ការអភិវឌ្ឍ​របស់បណ្តា​ប្រទេសជា​សមាជិករបស់​អង្គការ​នេះ។ ​

ពាក់​ព័ន្ធ​គោល​ការអភិវឌ្ឍ​នេះ លោក​ស្រី ធីតា ឃិះ បាន​បញ្ចេញ​ទស្សនៈថា ក្នុងចំណោម​​គោល​ការណ៍​អភិវឌ្ឍន៍ទាំង​អស់ ចំណុចសំខាន់​ដែល​កម្ពុជា​គួរ​ដោះស្រាយ​មាន​ដូចជា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បញ្ហា​សុខភាព​មាតានិងកុមារ វិស័យ​អប់​រំ វិសមភាព​យេនឌ័រ បរិស្ថាន និង អភិបាល​កិច្ច។

ថ្លែង​នៅ​ក្នុង​ពីធីនោះ នាយក​ប្រតិបត្តិ វេទិកានៃអង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOForum) លោក តឹក វណ្ណារ៉ា លើក​ឡើង​ថា គម្រោង​នេះអាច​អភិវឌ្ឍទៅ​បានមុនឆ្នាំ២០៣០​អាស្រ័យ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច សង្គម​ បរិស្ថាន​ និង​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគីពាក់​ព័ន្ធទាំង​អស់។

លោក​ថា៖ «អាស្រ័យ​លើ​កត្តា​កំណើន​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និងការ​ការពារ​បរិស្ថាន សុខុមាលភាព​ប្រជាជន ហើយ​មួយ​ទៀត ថា​ធនធាន​ជាតិ​របស់​យើង​ដែល​មាន ក្នុង​ការ​ប្រតិបត្តិការ​របស់​រដ្ឋ​ក្នុង​ឆ្នាំ​នីមួយ​ៗ ស្ថេរភាព​សេដ្ឋកិច្ច សន្តិភាព និងការ​ចូល​រួម​ពី​ប្រជា​ជន​ ហើយសំខាន់ត្រូវមាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធទាំង​អស់»។ ​

​គោលការណ៍អភិវឌ្ឍប្រកប​ដោយ​ចីរភាពរបស់​អង្គការ​សហប្រជាជាតិ​ មាន​ចំនួន​១៧ចំណុច តែ​កម្ពុជា​បាន​បន្ថែម​គោល​ការណ៍​ចំនួន​១​ទៀតទៅ​លើ​គោល​ការណ៍១៧​នោះ គឺ​ការ​បោស​សម្អាត​មីន។ គោលការណ៍អភិវឌ្ឍប្រកប​ដោយ​ចីរភាពរបស់​កម្ពុជា មាន​ដូចជា ការ​បញ្ចប់​ភាព​ក្រី​ក្រ លើក​កម្ពស់​វិស័យ​កសិកម្ម ការ​លើក​កម្ពស់​សុខភាព ​ពង្រឹងវិស័យ​អប់រំ  បំបាត់​ការ​រើស​អើងភេទ ការ​ធានា​នូវទឹក​ស្អាត​សម្រាប់​ប្រជាជន​ប្រើ​ប្រាស់ ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ធ្វើ​ឲ្យ​មាន​ភាព​ស្មើគ្នា​រវាង​ប្រជាជន សុវត្ថិភាព​ទីក្រុង សេ្ថរភាព​នៃ​ការ​ប្រើប្រាស់​ផលិតផល ការ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ អភិរក្ស​ធនធាន​ក្នុង​សមុទ្រ ការ​ទប់​ស្កាត់​ទៅ​នឹង​ការ​បាត់​បង់​ជីវៈ​ចម្រុះ យុត្តិធម៌​សង្គម ពង្រឹង​ភាព​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​បោស​សម្អាត​មីន៕

រាយការណ៍បន្ថែមដោយ កញ្ញា ថាញ់ ចន្ទ​សុធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ