អ្នកវិភាគនិងអង្គការមួយចំនួនលើកឡើងថា ស្ថានការណ៍នយោបាយកំពុងគំរាមកំហែង អ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ខណៈរដ្ឋាភិបាលបញ្ជាឲ្យបិទអង្គការ NDI របស់អាមេរិក ដែលធ្វើការជំរុញប្រជាធិបតេយ្យនៅកម្ពុជា និងការបិទស្ថានីយវិទ្យុចំនួន១៩ដែលជួលម៉ោងឲ្យវិទ្យុឯករាជ្យ។
ការបិទនោះ ជំរុញឲ្យវិទ្យុឯករាជ្យមួយចំនួន ដូចជាវិទ្យុសំទ្បេងសហរដ្ឋអាមេរិក VOA វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ត្រូវម្ចាស់ស្ថានីយកាត់ផ្តាច់ម៉ោងផ្សាយទាំងអស់។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា និយាយថា វិធានការរបស់រដ្ឋាភិបាលនេះ ហាក់បង្ហាញរូបភាពអាក្រក់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក សឹង សែនករុណា លើកឡើងទៀតថា ចំណាត់ការនេះ ជាការព្រួយបារម្ភមួយថា អ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិនយោបាយ កំពុងរងការគំរាមកំហែងមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោកថា៖ «ពីដើមមក យើងមិនដែលឃើញមានទេ។ នេះជាស្ថានភាពដ៏អាក្រក់មួយ ហើយនេះជាបរិបទមួយសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា។ ហើយយើងដឹងហើយថា សារព័ត៌មានដ៏សំខាន់សម្រាប់ចែករំលែកពីព្រឹត្តិការណ៍ផ្សេងៗ និងស្ថានភាពនយោបាយ ឬក៏ស្ថានភាពសង្គមអីជាដើម។ ហើយបើសិនជាមានការរឹតត្បិតបែបនេះ បញ្ហាទាំងឡាយទាំងពួងនោះ ពលរដ្ឋពិតជាពិបាកទទួលយកព័ត៌មាន ដើម្បីធ្វើការពិចារណាទៅលើការបោះឆ្នោតអីជាដើមបាទ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេពិនិត្យទៅសារគំរាមពីសង្គ្រាម សារប្រមាថ ប្រើគល់ឫស្សីវាយលើអ្នកតវ៉ា ការហាមមិនមានបន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោត និងការបញ្ជាឲ្យបិទស្ថាប័នអន្តរជាតិ NDI របស់អាមេរិក និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននោះ លោកវិភាគថា អាចជាយុទ្ធសាស្ត្រគំរាមសំឡេងអ្នករិះគន់ ដែលជំរុញឲ្យមានយន្តការប្រជាធិបតេយ្យ។
លោកថា៖ «ជាការពិតនៅពេលដែលមានអង្គការដែលធ្វើការទៅលើវិស័យបោះឆ្នោត ឃ្លាំមើលដំណើរការនៃការបោះឆ្នោត ការប្រកាសលទ្ធផលឆ្នោត និងមានអង្គការដែលធ្វើទាក់ទងនឹងសិទ្ធិប្រជាធិបតេយ្យកាន់តែច្រើន ធ្វើឲ្យព័ត៌មានមួយចំនួនមិនអាចបិទបាំងបាននោះទេ។ អញ្ចឹងនៅពេលដែលព្យាយាមបិទអង្គការនិងប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះ យើងអាចនិយាយថា អាចនឹងមានចំនុចមួយចំនួន ថាបិទបាំងដែលនាំឲ្យមានការសង្ស័យឈានទៅការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះ»។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគថា ស្ថានការណ៍នយោបាយពេលនេះ ហាក់បានគំរាម ដល់អ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកលើកកម្ពស់សិទ្ធិមនុស្ស ដែលពួកគេជាអ្នកជំរុញឲ្យគណបក្សនយោបាយប្រកួតប្រជែងការបោះឆ្នោតដោយស្មើគ្នា តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយឆ្លុះបញ្ចាំងការពិតក្នុងសង្គម។
លោកថា៖ «ការធ្វើបែបនេះក្នុងបុព្វហេតុគំរាមកំហែងដល់អ្នកប្រជាធិបតេយ្យហើយនឹងក្រុមដែលរួមចំណែងយ៉ាងសកម្មឃ្លាំមើលការបោះឆ្នោត។ អញ្ចឹងយន្តការនេះដើម្បីបំបាក់ស្មារតី»។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ កាលពីសប្តាហ៍មុនបានបកស្រាយស្រាយថា ការបិទអង្គការអាមេរិក NDI និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថាជាវិធានការច្បាប់។
ទោះជាយ៉ាងណា លោក ចាន់ វិបុល យល់ថាក្នុងប្រទេសដែលអះអាងថាខ្លួនប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្តែបង្កឲ្យមាន ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងន់នោះ លោកថាប្រទេសនោះជៀសមិនផុតពីការដាក់សម្ពាធពីសហគមន៍អន្តរជាតិឲ្យងាកមកដើរលើគន្លងប្រជាធិបតេយ្យវិញ។
លោកថា៖ «អញ្ចឹងកម្ពុជាយើងរងគ្រោះអ្វីខ្លះ។ កម្ពុជាយើងរងគ្រោះដោយភាពក្រីក្រ កម្ពុជាយើងរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស រងគ្រោះដោយសារតែលទ្ធិប្រជាធិបតេយ្យមិនទាន់ពេញលេញ ហើយនីតិរដ្ឋហ្នឹងនៅខ្វះធំបំផុត។ អញ្ចឹងជាកាតព្វកិច្ចរបស់ប្រទេសមហាអំណាចមួយចំនួន ជាពិសេសនៅបណ្តាប្រទេសនៅសភាពអឺរុប នៅអាស៊ីយើងក៏មានជប៉ុន ជាតួនាទីរបស់អង្គការសហប្រជាជាតិ»។
អ្នកវិភាគអះអាងថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់គណបក្សនយោយបាយ ដែលតំណាងរាស្ត្របក្សកាន់អំណាច បានអនុម័ត ដាក់ឲ្យប្រើប្រាស់ទាំងចម្រូងចម្រាសនោះ ពួកគេថានឹងបិទលំហូប្រជាធិបតេយ្យឲ្យរួមតូច ប្រកបដោយគ្រោះថ្នាក់ ទៅកាន់ការបោះឆ្នោត២០១៨ខាងមុខ៕









