ជនជាតិដើមភាគតិចរិះគន់មន្ដ្រីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីថា ប្រើពាក្យសម្ដីមិនសមរម្យ

លោក គង់ ចំរើន និងក្រុមជនជាតិដើមភាគតិចដែលមកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី (SUN TVHD)

ក្រុមជនជាតិដើមភាគតិចដែលរងគ្រោះពីការសង់ទំនប់វារីអគ្គិសនីនៅខេត្តស្ទឹងត្រែង បានរិះគន់មន្ដ្រីខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ថាប្រើពាក្យសម្ដីមិនសមរម្យ ខណៈពួកគាត់ស្វែងរកកិច្ចអន្ដរាគមពីលោកនាយករដ្ឋមន្ដ្រី។

កាលពីថ្ងៃទី២៩ខែសីហាម្សិលមិញ ក្រុមជនជាតិដើមភាគតិចប្រមាណជិត២០នាក់ មកពី​​ឃុំ​ក្បាល​រមាស និង​ឃុំស្រែ​គរ ក្នុងស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង បានប្រមូលផ្ដុំគ្នា ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំឲ្យរដ្ឋាភិបាលដំណើរការសេវាសាធារណៈឡើងវិញ និងបញ្ឈប់ការប្រើកំលាំងប្រដាប់អាវុធគំរាមកំហែងលើពួកគាត់។

ប៉ុន្ដែនៅពេលស្នើដាក់ញត្តិនោះ មន្ដ្រីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក គង់ ចំរើន បានប្រាប់ឲ្យក្រុមប្រជាពលរដ្ឋរៀនប្រើពាក្យសម្ដីសមរម្យដោយប្ដូរពីការហៅឈ្មោះ «នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន» ទៅជា «សម្ដេចតេជោនាយករដ្ឋមន្ដ្រី» វិញ ដោយពន្យល់ថា ជាពាក្យរបស់ព្រះមហាក្សត្រ។

បន្ទាប់មកស្ត្រីម្នាក់ជាជនជាតិដើម​និយាយថា មិនចេះនិយាយ ហើយ​លោក គង់ ចំរើន ​ក៏បាន​ថ្លែងថា អ្នកមានញត្តិឲ្យយកទៅដាក់ ហើយបើមិនមាន ឲ្យត្រឡប់ទៅវិញ។ ​លោកថ្លែងថា៖ «មានទេ មោះអ្នកណាកាន់ញត្តិ? អ្នកណាកាន់ឯកសារ? បើអត់មានទេ អញ្ជើញត្រឡប់ទៅវិញ!»។

បុរសម្នាក់ដែលចូលរួមដាក់ញត្តិឆ្លើយតបឡើង៖ «បងអើយ ខ្ញុំមកនេះ ឆ្លងកាត់ខេត្តពីរ ខេត្តបី ទម្រាំមកដល់ កុំនិយាយអញ្ចឹង!» លោក គង់ ចំរើន​ តបថា «ខ្ញុំអត់មានថា លោក​ឯងនិយាយថាម៉េចទេ! គ្រាន់តែថា បើមានញត្តិដាក់មក បើមិនមានត្រឡប់ទៅវិញ!»។

ក្រុមជនជាតិដើមភាគតិចបានឆ្លើយតបវិញថា ពួកគាត់ជាពលរដ្ឋសាមញ្ញ មិនបានរៀនសូត្រ និងថាមកទីក្រុងភ្នំពេញនេះ គឺគ្រាន់ដើម្បីសុំឲ្យតំណាងរាស្ដ្រពួកគាត់ ជាពិសេសលោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ជួយអន្ដរាគមន៍ដោះស្រាយបញ្ហាប៉ុណ្ណោះ។ ពួកគាត់រិះគន់លោក គង់ ចំរើន ​ថាប្រើសម្តីខ្លាំង ទឹកមុខកាចដាក់ពួកគាត់ដែលកំពុងមានបញ្ហាស្វែងរកដំណាងឲ្យដោះស្រាយ។​

ក្រុមពលរដ្ឋឲ្យដឹងថា គម្រោងទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ បានធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ភូមិចំនួន​៦ ក្នុង​ឃុំ​ចំនួន​២ ក្នុង​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​​ចំនួន៨៤៦គ្រួសារ​ កំពុង​រស់​នៅ។ ប៉ុន្ដែរហូត​មក​ដល់​ពេល​នេះ ​អ្នក​​​ដែល​រងផល​ប៉ះពាល់បាន​សម្រេចទទួលយកសំណង​​ប្រមាណ៨៧ភាគរយ​ ខណៈ​១២៦​គ្រួសារកំពុង​រង់​ចាំដំណោះ​ស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ