លោក ហ៊ុន សែន បរិភោគអាហារខ្ចប់ថង់ប្លាស្ទីកជាមួយកម្មករ​

លោក ហ៊ុន សែន កំពុងបរិភោគអាហារខ្ចប់ថង់ប្លាស្ទីកជាមួយកម្មករិនី (FB: Kosal Chum)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិភោគអាហារពេលថ្ងៃត្រង់​ជាមួយក្រុមកម្មករ-កម្មការិនីរោងចក្រមួយកន្លែងនៅសួនវឌ្ឍនៈទី២​ ក្នុងរាជធានីភ្នំពេញ ថ្ងៃពុធនេះ បន្ទាប់ពីការថ្លែងសារទៅកាន់កម្មករកម្មការិនីជាង១ម៉ឺននាក់​។​

ក្រោយការជួបប្រជុំ កម្មការិនី​ប្រមាណ​៥នាក់ បានបរិភោគអាហារថ្ងៃ ដែលមានបាយខ្ចប់ថង់ប្លាស្ទីក និងម្ហូបអាហារមួយចំនួន​ក៏ច្រកថង់ប្លាស្ទីកដែរ។ លោកនាយករដ្ឋមន្ត្រីបានចូលរួមបរិភោគជាមួយកម្មការិនីទាំងនេះ ដោយប្រើដៃផ្ទាល់​ចាប់បាយនិង​ម្ហូប ហូបបណ្តើរជជែកជាមួយកម្មការិនីបណ្តើរ។

កម្មការិនីបានសម្តែងការភ្ញាក់ផ្អើល ស្ទើរភ្លេចបរិភោគ ទើបមន្ត្រីដែលនៅជុំវិញប្រាប់ឲ្យកម្មការិនីបរិភោគធម្មតាទៅ ហើយក្នុងឱកាសនោះក៏មានស្ត្រីម្នាក់សួរថា «បោះឆ្នោតឲ្យសម្តេចទេ?»។

កម្មការិនីឆ្លើយថា «ចា៎!» ស្ត្រីស្លៀកពាក់ស្អាតបាតរូបនោះបន្តថា «កុំកុហក ប្រយ័ត្នបាបណា!» លោកនាយករដ្ឋមន្ត្រីហាក់មិនចាប់អារម្មណ៍សម្តីស្ត្រីរូបនោះជជែករឿងសន្លឹកឆ្នោតជាមួយកម្មករ​ទេ គឺលោក​នៅតែបន្តបរិភោគអាហារនិងជជែកសួរសុខទុក្ខកម្មករ។​

​​ខណៈលោក​នាយករដ្ឋមន្ត្រីកំពុងបរិភោគអាហារជាមួយកម្មការិនីនោះ គឺមានរដ្ឋមន្ត្រីក្រសួងការងារ និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត​ឈរអមជុំវិញ និងមានអ្នកសារព័ត៌មានជាច្រើន​ថតរូបភាពផងដែរ។​

គួរំលឹកផងដែរ នេះគឺជាលើកទី៤ហើយ ដែលលោក ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ។ តាមគម្រោង លោក​នឹងជូបកម្មករនិង​បុគ្គលិកនៅតាមរោងចក្រ១សប្តាហ៍ពីរដង គឺធ្វើឡើងនៅថ្ងៃអាទិត្យនិង​ថ្ងៃពុធ។​

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ