កូរ៉េខាងជើងបានអះអាងថា ការបាញ់មីស៊ីលរំលងប្រទេសជប៉ុនកាលពីម្សិលមិញនោះ វាគ្រាន់តែជាដំណាក់កាលដំបូងនៃប្រតិបត្តិការនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកតែប៉ុណ្ណោះ ហើយថានឹងមានការបាញ់សាកល្បងជាច្រើនគ្រាប់បន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានចុះផ្សាយថា កូរ៉េខាងជើងកំពុងគំរាមកំហែងដល់កោះហ្គាមរបស់អាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលថានេះជាការបង្កជម្លោះធ្វើឲ្យរាលដាល។
កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុន ត្រង់កោះ Hokkaido ហើយឆ្លងទៅធ្លាក់នៅក្នុងសមុទ្រ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានយល់ព្រមជាឯកច្ឆន្ទហើយថ្កោលទោស សកម្មភាពរបស់កូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលនេះ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាត់ទុកថា សកម្មភាពរបស់កូរ៉េខាងជើងជាការបង្កជម្លោះដែលមិនអាចទទួលយកបាន ហើយទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះ។
ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានបញ្ជាក់ថា នឹងមានការដាក់ទណ្ឌកម្មថ្មីបន្ថែមលើកូរ៉េខាងជើងនោះទេ។
ទោះយ៉ាងណាកូរ៉េខាងជើងបញ្ជាក់ថា នឹងមានការបាញ់មីស៊ីលច្រើនបន្ថែមទៀត បើទោះជា មានការហាមឃាត់ពីអង្គការសហប្រជាជាតិក៏ដោយ។
មីស៊ីលដែលកូរ៉េខាងជើងបាញ់កាលពីម្សិលមិញប្រភេទ Hwasong-12 បាញ់នៅព្រឹកប្រលឹម ចេញពីតំបន់នៅក្បែរទីក្រុងព្យុងយ៉ាង។ មីស៊ីលនោះមានលទ្ធភាពហោះបាន ២៧០០០ គីឡូម៉ែត្រ ហើយធ្លាក់នៅចម្ងាយ១ ១៨០គីឡូម៉ែត្រ ឆ្នេរភាគខាងកើតរបស់ជប៉ុន៕









