កូរ៉េខាងជើងបានប្រកាសថា កំពុងរៀបចំបាញ់មីស៊ីលច្រើនគ្រាប់បន្ទាប់ទៀត រំលងប្រទេសជប៉ុនដដែល ហើយផ្តោតគោលដៅទៅមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិកនៅកោះហ្គាម ខណៈសហគមន៍អន្តរជាតិកំពុងតែថ្កោលទោសកូរ៉េខាងជើងលើការបាញ់មីស៊ីលកាលពីថ្ងៃអង្គារ។
មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងបានថ្លែងប្រាប់សារព័ត៌មាន CNN ថា មេដឹកនាំរបស់ពួកគេគឺ លោក គីម ជុងអ៊ុន មានការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បងមីស៊ីលរំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានកណ្តាលនៃរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយថា ការបាញ់មីស៊ីលរំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារនេះ គឺជាជំហ៊ានទី១ ហើយថាពួកគេកំពុងតែរៀបចំការបាញ់មីស៊ីលច្រើនគ្រាប់ទៀត ឆ្លងកាត់ប្រទេសជប៉ុន សំដៅទៅរកកោះហ្គាមមូលដ្ឋានទ័ពរបស់អាមេរិក។
សកម្មភាពរបស់កូរ៉េខាងជើងពេលនេះ កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត រួមទាំងជប៉ុន និង កូរ៉េខាងត្បូងមានការខឹងសម្បារ នឹងប្រកាសឆ្លើយតបវិញដោយវិធានការតឹងរឹងបំផុត។
កាលពីព្រឹកថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិកក៏បានសាកល្បងបាញ់មីស៊ីលកម្រិតមធ្យមនៅឆ្នេររដ្ឋហាវ៉ៃ ហើយមន្ត្រីអាមេរិកបានប្រាប់ CNN ទៀតថា ពួកគេត្រៀមសាកល្បងមីស៊ីលកម្រិតវែងទៀត មុនកូរ៉េខាងជើងបាញ់សាកល្បងជាថ្មី៕









