The Cambodia Daily ថាខ្លួន​នៅ​មិនទាន់​មាន​ដំណោះ​ស្រាយ​រឿង​ពន្ធ

សារព័ត៌មានឯករាជ្យ ​ជា​ភាសាអង់គ្លេស The Cambodia Daily ថា​ខ្លួន​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម​ស្រប សម្រាប់​ការ​បង់​ពន្ធ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​ប្រឈម​នឹង​ការ​បិទដំណើរការ ខណៈរដ្ឋាភិបាលដាក់​កំហិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

​ក្នុង​សារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ VOD និពន្ធនាយក​របស់​សារព័ត៌មាន The Cambodia Daily ប្រចាំ​​កម្ពុជា​ លោក​ស្រី ចូឌី ដេ​ជុន បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃនេះ​ថា ស្ថាប័ននេះ​នឹង​ខំប្រឹង​ចរចាជា​មួយ​រដ្ឋាភិបាល​បន្តទៀត។ លោក​ស្រីមាន​ប្រសាសន៍ថា៖ «សព្វ​ថ្ងៃ The Cambodia Daily នៅ​មិន​ទាន់​មានដំណោះ​ស្រាយ​ពិត​ប្រាកដ​មួយ​ទេ ហើយ​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បិទ​ស្ថាប័ន​នៅ​ពេល​ខាង​មុខ​នេះ។ សារព័ត៌មាន​ The Cambodia Daily ត្រូវ​បានចោទ​ប្រកាន់​រឿង​រ៉ាវពាក់​ព័ន្ធការជំពាក់​ពន្ធច្រើនមិន​គួរ​ឲ្យ​ជឿ​ ដែល​នេះ​មិន​បាន​ផ្អែក​លើ​​សវនកម្ម​ច្បាស់​លាស់ទេ។ ជាង​នេះ​ទៅ​ទៀត ពាក់​ព័ន្ធ​ការ​ទម្លាយ​ឯកសារ​របស់​រដ្ឋាភិបាល​ទៅ​សារព័ត៌មាន Fresh News រដ្ឋាភិបាល​មិន​បាន​មាន​វិធានការណ៍តាម​​​ផ្លូវ​ច្បាប់ ឬ ឆ្លង​កាត់​តុលាការទទួល​យោបល់​ពីសាធារណជន»។

សារព័ត៌មាន​ The Cambodia Daily ត្រូវ​បាន​រដ្ឋាភិបាលអះអាងថា ​បាន​ជំពាក់ពន្ធរដ្ឋ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ២ម៉ឺន​លាន​រៀល ឬស្មើ​នឹង៦.៣លាន​ដុល្លាអាមេរិក។

នៅ​ពេល​ថ្មីៗនេះ ចាងហ្វាង​ស្ថាប័ន​សារព័ត៌មានដើម​អំពិលដែល​ស្និទ្ធនឹង​រដ្ឋាភិបាល លោក​ សយ សុភាព បានចេញ​មុខឲ្យ​យោបល់​ទៅ The Cambodia Daily ថាឲ្យសរសេរលិខិតទៅ​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល។

ឆ្លើយ​តប​ទៅ​នឹងបញ្ហា​នេះ លោក​ស្រី ចូឌី ដេជុន មាន​ប្រសាសន៍ថា The Cambodia Daily ​​បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន​ សុំ​ការ​អន្តរាគមន៍ រួចទៅ​ហើយកាល​ពីថ្ងៃទី២០ សីហាកន្លងទៅ ហើយការ​ឆ្លើយ​តប​របស់​លោក​ ហ៊ុន សែន គឺថា​ឲ្យ​សារព័ត៌មាន​មួយនេះទៅ​ពិភាក្សាជាមួយអគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានពន្ធដារ លោក គង់​ វិបុល កាល​ពី​សបា្តហ៍​កន្លងទៅ​រួច​ហើយដែរ។

ប៉ុន្តែកាលពី​ថ្ងៃទី២៩ ខែសីហា ក្រោយពី​បាន​ជួបជា​មួយសារព័ត៌មាន The Cambodia Daily អគ្គនាយក​ដ្ឋានពន្ធដារ បាន​ចេញ​សេចក្តី​ប្រកាស​ថា ក្រសួងមាន​តែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ចំពោះ​អ្នក​ដែល​មិន​បាន​បង់​ពន្ធ ដើម្បី​ឲ្យ​ការ​ប្រមូល​ពន្ធ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និងសមភាព ហើយ​នេះ​ក៏​មិន​មែន​ធ្វើ​តែ​លើ​ The Cambodia Daily តែ​មួយ​ដែរ គឺ​ធ្វើលើ​គ្រប់​ស្ថាប័ន។

គួរ​បញ្ជាក់​ថាចាប់​តាំង​ពីរដ្ឋាភិបាលព្រមានបិទកាសែត​ The Cambodia Daily បើសិនជាមិនបង់ពន្ធនៅត្រឹម​ថ្ងៃទី៤ខែកញ្ញានោះ បុគ្គលិកទាំង​អស់​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​សុំ​ជំនួយតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដោយ​មាន​សរសេរ​ស្លាក «Save the Daily» ឬ «សូមជួយ​សង្គ្រោះ​ The Cambodia Daily»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ