បក្សប្រឆាំងអះអាងជាថ្មីទៀតថា គោលបំណងនៃការចង់ឡើងកាន់អំណាចនៅឆ្នាំក្រោយ មិនមែនបង្កើតផែនការហិង្សា ដើម្បីផ្តួលរំលំដៃគូប្រកួត ដូចការចោទប្រកាន់នោះទេ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ខែសីហា លើកឡើងថា ប្រធានគណបក្ស លោក កឹម សុខា បានប្រាប់ថ្នាក់ដឹកនាំ តំណាងមកពី២៥រាជធានីខេត្ត ឲ្យបន្តដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលបានកំណត់។
លោក កឹម សុខា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះទៀតថា «គណបក្សនេះមិនបានគិត មិនបានត្រៀម និងមិនធ្វើសកម្មភាពណាដែលមានអំពើហិង្សាដូចដែលគេមួលបង្កាច់ លាបពណ៌យើងនោះឡើយ ទាំងមុនពេលបោះឆ្នោត ទាំងក្រោយបោះឆ្នោត»។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ថា តើគណបក្សសង្គ្រោះជាតិពេលនេះ កំពុងរងការមួលបង្កាច់ និងលាបពណ៌ពីករណីអ្វីពិតប្រាកដទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានអះអាងថា អ្វីដែលជាការមួលបង្កាច់ និងលាបពណ៌មកលើគណបក្សប្រឆាំង គឺការដែលគេហទំព័រ Fresh News បានចុះផ្សាយចោទថា គណបក្សសង្ក្រោះជាតិ ថាទទួលមូលនីធិពីបរទេស ដើម្បីបង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាល។
លោកស្រីថា៖ «គណបក្សសង្គ្រោះជាតិសូមបដិសេធយ៉ាងដាច់អហង្ការ ការដែលថាគណបក្សសង្គ្រោះជាតិមានអ្នកបង្កប់ ចង់ធ្វើបដិវត្តពណ៌ ចង់រំលំរាជរដ្ឋាភិបាល អត់ទាល់តែសោះ។ យើងអត់មានពាក់ព័ន្ធអ្វីជាមួយនឹងបរទេស ជនបរទេសទេ»។
យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានកាសែតស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយថា ការចុះផ្សាយរបស់ Fresh News នោះ អាចទុកចិត្តបាន ហើយថាក្រសួងមហាផ្ទៃមានគម្រោងបើការស៊ើបអង្កេតករណីនេះ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា បដិវត្តពណ៌នឹងមិនកើតមានទេនៅកម្ពុជា ដោយថា ពលរដ្ឋមានឱកាសបោះឆ្នោតជ្រើសរើសមេដឹកនាំ៥ឆ្នាំម្តង បើពួកគេមិនពេញចិត្ត។
លោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលអ្នកនយោបាយលើកយកពាក្យបដិវត្តពណ៌ថា ចង់ផ្តួលរំលំរដ្ឋាភិបាលមកប្រើញឹកញាប់ លោកថាជាយុទ្ធសាស្ត្រនយោបាយច្រើនជាង ក្រោយពីបក្សកាន់អំណាចធ្លាក់ប្រជាប្រិយជាបន្តបន្ទាប់នៅឆ្នាំ២០១៣និង២០១៧នេះ។
លោកថា៖ «ព្រោះការបោះឆ្នោតឆ្នាំ២០១៨នេះ ឆ្លុះបញ្ចាំងគ្នាពីសំឡេងប្រកួតប្រជែងគ្នាតាមឃុំ នៅឆ្នាំ២០១៧ មានប្រៀបប្រហាក់ប្រហែលគ្នាវាដេញគ្នាកិតពេក។ អញ្ចឹងទេក្នុងការបោះឆ្នោតសកល [ជ្រើសតាំងតំណាងរាស្ត្រ ២០១៨ ] វាអាចមានការប្រែប្រួល អញ្ចឹងគណបក្សកាន់អំណាច ដើម្បីរក្សានូវសំឡេងគាំទ្រ ឬក៏ទាញយកប្រជាប្រិយភាពបានច្រើន ទាល់តែមានយន្តការមួយចំនួនដើម្បីទប់ស្កាត់បក្សប្រឆាំង»។
យ៉ាងនេះក្តី សមាជិកសភាអាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣១ខែសីហានេះ ដោយហៅការចោទប្រកាន់ទៅលើបក្សប្រឆាំង ដែលថាចង់ធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលនោះថា ជាការចោទប្រកាន់ដោយពុំមានហេតុផលត្រឹមត្រូវ៕









