កម្ពុជានិងឡាវ គ្រោងស្នើសុំផែនទីពីបារាំង ដើម្បីបញ្ចប់បញ្ហាព្រំដែន

នាយករដ្ឋមន្រ្តីឡាវ លោក ថង លូនស៊ីសូលីត និងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ដ្រីកម្ពុជានិងឡាវ គ្រោងស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីសុំផែនទី យកមកដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។

នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីឡាវ លោក ថង លូនស៊ីស៊ូលីត និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានជួបប្រជុំគ្នា នៅវិមានសន្ដិភាព​​ រាជធានីភ្នំពេញ។

នេះជាការពិភាក្សាលើកទី២ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរ បានជួបគ្នារួចម្ដងហើយ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី១២សីហាឆ្នាំ២០១៧ ខណៈមានការប្រឈមមុខដាក់គ្នា រវាងកងកម្លាំងប្រដាប់អាវុធនៅតំបន់ជាប់ព្រំដែន។

ក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋមន្ដ្រីការបរទេសកម្ពុជា-ឡាវ នឹងគ្រោងជួបពិភាក្សាគ្នានាពេលខាងមុខ ដើម្បីស្នើសុំផែនទីព្រំដែនពីរដ្ឋាភិបាលបារាំង។ លោកបន្ដថា នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្ញើលិខិត ទៅប្រធានាធិបតីបារាំង ឲ្យជួយផ្ទេរផែនទី ពីខ្នាត១លើ១០០ពាន់ ទៅជាខ្នាត ១លើ៥០ពាន់វិញ ដើម្បីបញ្ចប់បញ្ហាព្រំដែន ដែលនៅសេសសល់។

លោក ហ៊ុន​ សែន ថ្លែងថា ការកំណត់ព្រំដែនប្រទេសទាំងពីរ គឺមិនអាចប្រើប្រាស់ខ្នាតផែនទី ១លើ១០០ពាន់បាននោះទេ និងថា បារាំងត្រូវផ្ដល់អ្នកជំនាញ ដើម្បីជួយដោះស្រាយបញ្ហានេះ ព្រោះបារាំង ជាអតីតអាណានិគមគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន។

លោកថា៖ «ភាគីទាំងពីរ នាយករដ្ឋមន្ដ្រីទាំងពីរ ឯកឧត្តម ថោង លន់ និងខ្ញុំ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីបារាំង ពីខ្នាត ១លើ១០០ពាន់ មកខ្នាត ១លើ៥០ពាន់ និងសុំឲ្យបារាំងជួយផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ»។

បន្ថែមលើសនេះ លោក ហ៊ុន​ សែន អះអាងថា ប្រទេសទាំងពីរ ក៏ឯកភាពគ្នា អនុញ្ញាតឲ្យគណៈកម្មាធិការព្រំដែន ចុះទៅដោះស្រាយដោយផ្ទាល់នៅតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងឯកភាពលើចំណុចមួយចំនួនទៀត ដែលកម្ពុជាបានស្នើឡើង។

នាយករដ្ឋមន្រ្តីឡាវ លោក ថោង លន់ ថ្លែងថា លោកគាំទ្រទាំងស្រុងលើសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយថា ប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាព្រំដែននេះ។

លោកថា៖ «ខ្ញុំសូមយល់ស្របចំពោះអ្វី ដែលសម្ដេចបានលើកឡើងគ្រប់យ៉ាងអំបាញ់មិញនេះ បញ្ហាបន្ដបន្ទាប់មកទៀត គឺយើងត្រូវរងចាំមើលឲ្យរដ្ឋមន្ដ្រីក្រសួងការបរទេសប្រទេសទាំងពីរ បានជួបប្រជុំគ្នា ហើយខ្ញុំក៏យល់ស្របទៅលើចំណុច ដែលសម្ដេចបានលើកឡើងថា ពួកយើងទាំងពីរនាក់ នឹងសរសេរទៅជូនប្រធានាធិបតីបារាំង ដើម្បីស្នើសុំផ្ទេរផែនទី»។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា សាទរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនេះ ដោយថា ផែនទី​ និងអ្នកជំនាញមកពីប្រទេសបារាំង អាចជួយក្នុងការកំណត់ព្រំដែនកម្ពុជា-ឡាវ ដោយមិនលម្អៀង និងកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។

ប៉ុន្ដែលោកថា ការស្នើសុំផែនទីពីបារាំងនេះ ហាក់មានភាពយឺតយ៉ាវបន្ដិច បើសិនជារដ្ឋាភិបាល ចង់បញ្ចប់បញ្ហាព្រំដែន នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។

បើតាមមន្ដ្រីព្រំដែន កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល។ ប៉ុន្តែមកទល់ពេលនេះ ភាគីទាំងពីរបានបោះរួចចំនួន១២១បង្គោល ស្មើនឹង ៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ គឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ