រាជបណ្ឌិត្យសភាចាត់​ទុក​សន្ធិសញ្ញា​ក្រុង​ប៉ារីស​គ្រាន់​ជា​និមិត្ត​រូបដែល​លែង​មាន​ឥទ្ធិពល

ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជាបានប្រកាស​ថា​​ សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស បានរលាយ​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជារួច​ហើយ​ ដោយ​ថាអ្វី​ដែល​សន្ធិ​សញ្ញានៅ​សល់ ​គឺ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​​សេរីភាព​មួយ​​សម្រាប់​កម្ពុជាប៉ុណ្ណោះ​ មិន​អាច​យក​សន្ធិសញ្ញា​នេះ​ មក​ដាក់​បញ្ជាឲ្យ​កម្ពុជា​គោរព​នោះ​ទេ។

ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ថ្លែង​បែបនេះ ​ក្នុង​សន្ធិសីទ​សារព័ត៌មាន​បកស្រាយកិច្ចព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស នៅព្រឹកថ្ងៃទី​០១ កញ្ញា​នេះ ដោយ​បាន​ប្រកាស​ឈប់​ឲ្យ​មាន​ការ​បកស្រាយ​ថា​​សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ​ នៅ​មាន​ឥទ្ធិពល​លើ​កម្ពុជាទៀត​​។ លោក​បញ្ជាក់​ថា ​កិច្ចព្រម​ព្រៀង​នេះ ​អស់​ឥទ្ធិពលពី​កម្ពុជារួច​ទៅ​ហើយ​ បន្ទាប់​ពី​កម្ពុជា​បាន​បង្កើត​រដ្ឋ​ធម្មនុញ្ញរបស់​ខ្លួន​នៅ​ឆ្នាំ​១៩៩៣។

លោក​ថា៖ «រឿង​ស្អី​ប្រទេស​មួយ​ ដែល​មាន​រដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​ ហើយ​យក​កិច្ច​ព្រម​ពៀង​ក្រុង​ប៉ារី​ស​មក​ដើរ​តួរក្នុងផ្លូ​វច្បាប់។ តែ​ពេល​នេះ ​កិច្ច​ព្រម​ព្រៀង​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​បង្កើ​ត​ព្រះ​រាជា​ណា​​​ចក្រ​​ទី​២ តែ​កិច្ចព្រម​ព្រៀង​មិន​អាច​ក្លាយ​ជា​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទេ។ រដ្ឋ​ធម្មនុញ្ញនៃ​ព្រះ​រាជា​ណាចក្រកម្ពុជាក្លាយ​ជា​ច្បាប់​កំពូល គឺ​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ហើយ អញ្ចឹង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​នេះ​ក្លាយ​ទៅ​ជា​និមិត្ត​រូប​ទេ មិន​អាចមក​ប្រើ​ប្រាស់​បាន​ទេ! ឈប់​ពី​ថ្ងៃ​នេះ​ទៅ​ដែល​អ្នក​នយោបាយ​ អ្នក​សារព័ត៌មាន​ដែល​បក​ស្រាយ​ខុស!»។

កិច្ចព្រមព្រៀងសន្ធិភាព​ក្រុង​ប៉ារីស ២៣ តុលា ​ឆ្នាំ​១៩៩១  មានការ​ទទួល​ស្គាល់​ដោយ​ប្រទេស​ចំនួន​១៨​ ក្នុងនោះ ក៏​មានប្រទេសមហាអំណាចទាំង៥ផងដែរ។

ចំពោះអ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ យល់​ថា ​បើ​ទោះ​បី​ជាស្មារតី​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ ​បាន​រលាយ​ចូលច្បាប់​រដ្ឋ​ធម្មនុញ្ញក៏​ដោយ​ តែ​ប្រទេសជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​នេះ​មិន​អាច​បោះបង់​ចោល​កម្ពុជា​នោះ​ទេ ​ដែល​ធ្វើ​ឲ្យ​ស្មារតីនៃកិច្ច​ព្រមព្រៀង​នេះ ​គឺ​នៅ​ដដែល។

លោក​ថា៖ «ជា​រដ្ឋ​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គេ​មាន​សិទ្ធិ គេ​មាន​យោបល់​អី​ត្រូវ​សួរ​នាំ​អី​ផ្សេង​ៗ គេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ យោងតាម​កាតព្វកិច្ច។ តែ​ដូច​ខ្ញុំ​ថា​ អញ្ចឹង​ការ​ដែល​បំពេញ​កាតព្វកិច្ច​ហ្នឹង ​លុះ​ត្រាតែ​មានចលនា​ពី​ក្នុង​ស្រុក​ដែល​ទាម​ទារ។ និយាយ​ឲ្យ​ចំ បើ​សិន​ជា​ថា្នក់​អាជ្ញាធរ​រដ្ឋ​មិន​ខ្វល់​ទេ ក៏ត្រូវ​មាន​សកម្មជន​ប្រជា​ពល​រដ្ឋ ឬក៏តួ​អង្គ​អន្តរជាតិ​ណា​មួយ​ដែល​តស៊ូ​រក​យុត្តិ​ធម៌​អន្តរជាតិ​ហ្នឹង​ គឺ​ជាអ្នក​មាត់​ក ទើ​បប្រទេស​ជា​រដ្ឋ​ហត្ថលេខី ទើប​គាត់​បំពេញ​កាតព្វកិច្ច​របស់​គាត់​មាន​ជាការទូត ក៏​ដូច​ជា​រូប​ភាព​សន្តិវិធី​អី​ផ្សេងៗ​ហ្នឹង»​។

ខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាព២៣ តុលា ឆ្នាំ១៩៩១នោះ គឺចាប់​បង្ខំឲ្យ​វៀត​ណាម​ដកទ័ពរបស់ខ្លួន ចេញពីទឹកដីកម្ពុជា ដែលបាន​ដាក់ត្រួតត្រាប្រទេសជាប់របងគ្នាមួយនេះ តាំងពីឆ្នាំ១៩៧៩ នៅក្រោម​អ្វីដែល​វៀតណាម​អះអាង​ថា ជួយវាយរំលំរបបខ្មែរក្រហមនោះ។ បន្ថែមពីលើនេះ ខ្លឹមសារនៃកិច្ច​ព្រមព្រៀង​ក្រុងប៉ារីស ​ក៏តម្រូវ​ឱ្យកម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណា​ង​រាស្ត្រតាមបែបប្រជាធិបតេយ្យ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ក្រោមការរៀបចំដោយ អ៊ុនតាក់។

កម្ពុជាបានដកស្រង់ខ្លឹមសំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ទៅដាក់បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញខ្លួ​ន​ផង​ដែរ​​។ អត្ថន័យសំខាន់ៗ ដែលមានចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដោយ​យោងតាមស្មារតី​នៃកិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​នោះគឺ​ ការផ្សះផ្សារជាតិ ឯកភាពជាតិ សន្ដិ​ភាព​ អធិបតេយ្យភាព បូរណភាពទឹកដី ប្រព័ន្ធប្រជា​ធិបតេយ្យ​ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។

គួរ​រំលឹក​ផងដែរ​ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន​លុប​ចោល​ថ្ងៃទី​២៣​ តុលា ពីប្រតិទិន​ឈប់​សម្រាក​បុណ្យ​ជាតិអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ​បានដាក់​បញ្ចូល​ថ្ងៃនេះ ​ជាថ្ងៃ​បុណ្យ​ជាតិ​វិញ ក្រោយ​ពី​សម្តេច​ព្រះ នរោត្តម សីហនុ ជាភាគីនៃកិច្ចព្រមព្រៀងនោះ ចូលទិវង្គត់​ក្នុង​ឆ្នាំ​២០១២​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ