ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដែលទទួលគម្រោងពីរដ្ឋាភិបាលបានប្រកាសឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវប្រុងប្រយ័ត្នចំពោះ ជនខិលខូចបោកទារកម្រៃខុសច្បាប់ ជាថ្នូរនឹងការសន្យាផ្ដល់ឥណទានក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទចុះថ្ងៃទី ០១ ខែ កញ្ញាម្សិលមិញបានឲ្យដឹងថា ថ្មីៗនេះមាន ជនខិលខូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រដ្ឋាភិបាល ដោយទារកម្រៃពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរ នឹងការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះមិនស្របច្បាប់ ឲ្យធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថាបើមានជនណាធ្វើការទំនាក់ទំនងដូចការរៀបរាប់ខាងលើ ម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ធ្វើការកំណត់អត្តសញ្ញាណជននោះឲ្យច្បាស់ និងជូនដំណឹងមកកាន់ធនាគារអភិវឌ្ឍន៍ជនបទ ឬអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់។
សេចក្តីប្រកាសបន្តថាអតិថិជនអាចស្នើសុំឥណទានពីគម្រោងពិសេសរបស់រដ្ឋាភិបាលនេះ ដោយទំនាក់ទំនងផ្ទាល់មកកាន់ធនាគារអភិវឌ្ឍន៍ជនបទតាមរយៈលេខទូរសព្ទ ០៧៧ ៧៥៩ ១៤៩, ០៧៨ ៩៥៩ ៧៩២ និង ០២៣ ២២០ ៨១០ ហើយធនាគារមិនយកកម្រៃណាមួយក្រៅពីតម្លៃផ្លូវការនោះទេ។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទនេះទទួលបានមូលនិធិរបស់រដ្ឋាភិបាលក្នុងគោលបំណងរក្សាស្ថិរភាពវូបនីយកម្មថ្លៃស្រូវនៅក្នុងប្រទេស ហើយបានកំពុងផ្ដល់ឥណទានដល់បណ្ដារោងម៉ាស៊ីនទាំងឡាយ ដែលប្រមូលទិញស្រូវពីកសិករ។ ឥណទានត្រូវបានផ្ដល់ក្នុងអត្រាការប្រាក់ ៥ភាគរយក្នុងមួយឆ្នាំ ឬ ០,៤១៧ ភាគរយក្នុងមួយខែ និងបង់ថ្លៃទម្រង់ការ ១ ភាគរយក្នុងមួយកិច្ចសន្យា ដោយគ្រាន់តែយកស្ដុកស្រូវ ឬ កិច្ចព្រមព្រៀងទូទាត់ទិញ-លក់អង្ករធ្វើជាវត្ថុធានាបំណុល និងភ្ជាប់ជាមួយលក្ខខណ្ឌប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមស្រប៕









