សមាជិកសភាអាមេរិកមួយរូប បានលើកឡើងថា លោកនឹងបន្តជំរុញទៅសភា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងអង្គការសហប្រជាជាតិ ឲ្យដាក់សម្ពាធនយោបាយមកលើកម្ពុជា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ម៉ោង ១២ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញានេះ។
រដ្ឋាភិបាលកម្ពុជាអះអាងថា មេដឹកនាំបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយផ្អែកទៅតាមវីដេអូផ្សព្វផ្សាយដោយបណ្ដាញព័ត៌មាន CBN។ ផ្អែកតាមវីដេអូនោះ រដ្ឋាភិបាលបានចោទលោក កឹម សុខា ថា បានក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង សមាជិកសភាអាមេរិក លោក Alan Lowenthal បានលើកឡើងថា លោកនឹងបន្តជំរុញតាមរយៈក្រសួងការបរទេស សេតវិមាន និងតាមរយៈអង្គការសហប្រជាជាតិ ដើម្បីឲ្យពួកគេដាក់សម្ពាធនយោបាយទៅលើកម្ពុជា ឲ្យផ្លាស់ប្ដូរការរំលោភបំពាន និងធានានូវសិទ្ធិក្នុងការសម្រេចចិត្តខាងនយោបាយ ដែលមិនត្រូវបានដកហូតពីប្រជាជនកម្ពុជានោះឡើយ។
សមាជិកសភាអាមេរិករូបនេះ លើកឡើងបន្តថា ប្រជាជនកម្ពុជា បានបន្តរស់នៅក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ហើយពួកគេសមតែទទួលបានការធានាសិទ្ធិក្នុងការសម្រេចពីជោគវាសនារដ្ឋាភិបាលរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ៕









