HRW ថា ស្ថានការណ៍សិទ្ធិមនុស្សកម្ពុជាបរាជ័យក្រោយចាប់ខ្លួនលោក កឹម សុខា

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ហៅ​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា ជា​ការដើរ​ថយ​ក្រោយ​សម្រាប់​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង​ ៣៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក។

រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ​ថា លោក កឹម សុខា បាន​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​រៀបចំ​ផែនការ​សម្ងាត់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដោយ​ចាត់​ទុក​ជា​អំពើ​ក្បត់​ជាតិ ល្មើស​ទៅ​នឹង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch លោក John Sifton បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉ែល​នៅ​ថ្ងៃ​នេះ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​បរាជ័យ​ដ៏​ធំ​ធេង​សម្រាប់​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក John Sifton បាន​​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល ពុំ​មាន​ភាព​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ដោយ​មិន​ត្រឹម​ត្រូវ ដើម្បី​បំបាត់​សំឡេង​រិះគន់ ឬ​ក៏​គំរាម​កំហែង​ដល់​ក្រុម​អ្នក​រិះគន់ និង​គូ​ប្រជែង​នយោបាយ។

Human Rights Watch បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល ៣៣​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា ការ​គំរាម​កំហែង អំពើ​ពុក​រលួយ និង​ការចាត់​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​ត្រឹម​ត្រូវ ដើម្បី​រក្សា​អំណាច ហើយ​កាល​ពី​ឆ្នាំ​មុន​នេះ លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។

លោក John Sifton បាន​អំពាវ​នាវ​ទៅ​​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​​កម្ពុជា និង​ម្ចាស់​ជំនួយ គួរ​តែ​ថ្កោល​ទោស​ទៅ​លើ​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​ឲ្យ​កោះ​ហៅ​អគ្គរាជ​ទូត​កម្ពុជា​នៅ​ឯ​បរទេស ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ