ក្រុមគ្រួសារថា មិនទាន់ដឹងពីទីកន្លែងពិតប្រាកដលោក កឹម សុខា នៅឡើយ

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

គ្រួសារ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះ​អាង​ថា ពួកគេ​នៅ​មិន​ទាន់​ដឹង​ថា លោក កឹម សុខា ត្រូវបានបញ្ជូនទៅណានៅឡើយ​ទេ ខណៈសមត្ថកិច្ចថា បាន​បញ្ជូនទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។

កញ្ញា កឹម សមាធីតា កូន​ស្រី​ពៅ​របស់​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា ក្រុម​គ្រួសារ និង​មេធាវី​លោក កឹម សុខា នៅ​មិន​ទាន់​បាន​ដឹង​ពី​កន្លែង​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​នេះ។

ចំណែក​ឯ​កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា កញ្ញា​ក៏​មិន​ទាន់​បាន​ដឹង​ពី​ទីកន្លែង​ឃុំ​ខ្លួន​លោក កឹម សុខា ជាក់​លាក់​នៅ​ឡើយ​ដែរ។ កញ្ញា​បន្ត​ថា ក្រុម​គ្រួសារ​ចង់​ទៅ​ឲ្យ​ដល់​មណ្ឌល​ឃុំ​ឃាំងត្រពាំងផ្លុង​ភ្លាមៗ។

កញ្ញា កឹម មនោវិទ្យា បាន​បញ្ជាក់​ដូច្នេះ បន្ទាប់​ពីសារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក។

រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ដោយ​សំអាង​លើ​វីដេអូ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន CBN មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី និង​ភស្តុតាង​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ការ​ឃុប​ឃិត​គ្នា​រវាង​លោក កឹម សុខា និង​បរទេស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ រដ្ឋាភិបាល​បាន​ចាត់​ទុក​សកម្មភាព​លោក កឹម សុខា ថា ជា​ការ​ឃុប​ឃិត​គ្នា​ដោយ​សម្ងាត់ និង​ជា​អំពើ​ក្បត់​ជាតិ ដែល​ល្មើស​ទៅ​នឹង​ច្បាប់​ព្រហ្ម​ទណ្ឌកម្ពុជា។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា បច្ចុប្បន្នលោក កឹម សុខា កំពុងស្ថិតក្រោមការឃាត់ខ្លួន និង ចាត់ការតាមច្បាប់ ដោយ​ស្ថាប័នមានសមត្ថកិច្ច និងតុលាការ។

ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយ ថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះការចាប់ខ្លួនលោក កឹម សុខា។

សេចក្ដីថ្លែងការណ៍ដដែល បានហៅការចាប់ខ្លួនយ៉ាងតក់ក្រហលនេះថា ធ្វើឡើងដោយហេតុផលនយោបាយ  និង ជា​ទង្វើរំលោភ បំពានច្បាប់ និង​រដ្ឋធម្មនុញ្ញ ដោយសារ ការចាប់ខ្លួននេះធ្វើឡើងទាំងកណ្ដាលអធ្រាត្រ ក្នុង​ពេល​ដែល​លោកមានអភ័យឯកសិទ្ធិសភា។

គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និ​ង ឥតលក្ខខណ្ឌ និង អំពាវ​នាវ​ដល់សហគមន៍អន្តរជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យមានការដោះលែង និង​បញ្ឈប់ការគំរាមកំហែង គាប់​សង្កត់​គ្រប់​រូបភាព​លើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ