សហភាពអឺរ៉ុប បានប្រតិកម្មទៅនឹងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកថា បានរំលោភទៅនឹងអភ័យឯកសិទ្ធិសភា និងគូសបញ្ជាក់ឲ្យឃើញពីការកើនឡើងកម្ដៅនយោបាយប្រកបដោយគ្រោះថ្នាក់។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង ១២ និង ៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា នៅឯគេហដ្ឋារបស់លោក។
រដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ ដោយបានចោទលោក កឹម សុខា ថា “ក្បត់ជាតិ” និងឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្រប។ រដ្ឋាភិបាលបានចោទប្រកាន់បែបនេះ ដោយផ្អែកទៅតាមវីដេអូមួយរបស់បណ្ដាញព័ត៌មាន CBN មានមូលដ្ឋាននៅអូស្ត្រាលី។
សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានធ្វើឡើងដោយរំលោភលើអភ័យឯកសិទ្ធិសភា និងគូសបញ្ជាក់ពីកំណើនកម្ដៅនយោបាយប្រកបដោយគ្រោះថ្នាក់។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនរំពឹងថា អាជ្ញាធរកម្ពុជានឹងដោះលែងលោក កឹម សុខា ជាបន្ទាន់ ខណៈដែលលោកនៅមានអភ័យឯកសិទ្ធិសភា។
ក្រៅពីប្រតិកម្មពីសហភាពអឺរ៉ុប អាមេរិកក៏បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ផងដែរ កាលពីថ្ងៃម្សិលមិញនេះ ដោយថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមហេតុផលនយោបាយ៕









