អគ្គនាយកដ្ឋានពន្ធដារស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់វិធានការទប់ស្កាត់ម្ចាស់ កាសែត ខេមបូឌា ដេលី មិនឲ្យចេញពីកម្ពុជា ដោយថា ដើម្បីរងចាំការទូទាត់បំណុលសិន ខណៈដល់ថ្ងៃកំណត់ឲ្យបង់ពន្ធ និងជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែតមួយនេះ។
កាសែតភាសាអង់គ្លេស Cambodia Daily បានបិទប្រតិបត្តិការរបស់ខ្លួនហើយនៅថ្ងៃនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យទៅបង់ពន្ធជា៦លានដុល្លារ ដោយថា បានជំពាក់ពន្ធរដ្ឋរយៈពេល១០ឆ្នាំហើយ ប៉ុន្តែកាសែតមួយនេះបដិសេធបង់តាមរដ្ឋាភិបាល។
ក្នុងលិខិតចុះថ្ងៃទី៤ ខែកញ្ញ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារបានសុំកិច្ចសហការពីអគ្គនាយកនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យចាត់វិធានការទប់ស្កាត់ការធ្វើដំណើរចាកចេញពីកម្ពុជារបស់អ្នកទទួលខុសត្រូវ កាសែតនេះពីរនាក់ គឺលោកស្រី Deborath Krisher Steele និងលោក Douglas Eric Steele ដោយថា ដើម្បីដាក់បន្ទុកអ្នកទាំងពីរនេះឲ្យទទួលខុសត្រូវទូរទាត់បំណុលជូនរដ្ឋជាមុនសិន។
វិអូឌីមិនអាចសុំការឆ្លើយតបពីម្ចាស់ កាសែត ខេមបូឌា ដេលី គឺលោកស្រី Deborath Krisher Steeleបានទេ ខណៈលោក Douglas Eric Steele បដិសេធមិនធ្វើអធិប្បាយលើរឿងនេះ។
តែទោះជាយ៉ាងណាកន្លងមក កាសែត Cambodia Daily ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារយៈពេល ២៤ឆ្នាំហើយនោះ បានបដិសេធបង់ពន្ធ ដោយថា រដ្ឋាភិបាលកម្ពុជាមានចេតនាបិទព័ត៌មាននេះជាជាងរឿងពន្ធ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson បានចាត់ទុកការបិទកាសែត Cambodia Daily ថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ចាប់តាំងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក Phil Robertson បានលើកឡើងថា ម្ចាស់ជំនួយរបស់កម្ពុជា គួរតែអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតមួយនេះ រហូតដល់មានការធ្វើសវនកម្មស្របច្បាប់ទៅលើបញ្ហាបំណុលពន្ធនេះ។
កាសែតភាសាអង់គ្លេស Cambodia Daily ត្រូវបានបង្កើតឡើងដោយអ្នកកាសែតអាមេរិកជើងចាស់ លោក Bernard Krisher ក្នុងឆ្នាំ១៩៩៣ មុននឹងកាសែតនេះត្រូវបានលក់ទៅឲ្យកូនស្រីរបស់គាត់គឺលោកស្រី Deborah Krisher-Steele នៅក្នុងឆ្នាំ២០១៧នេះ៕









