អ្នកវិភាគ៖ ញត្តិគាំទ្រការចាប់ខ្លួនលោក កឹម សុខា ជាការបន្ទរតាមគ្នាដូចពីអតីតកាល

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

អ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា យុទ្ធ​នា​កា​រចេញញត្តិគាំទ្រចំណាត់ការចាប់​ខ្លួ​ន​មេ​​​ដឹ​​កនាំបក្សប្រឆាំងលោក កឹម សុខា ថាជាការបន្ទរតាមគ្នា ដូចករណី សម្តេ​ចសីហនុ ដែល​ត្រូវគេធ្វើរ​ដ្ឋប្រហា​ចោ​​ទ​ថា ក្បត់ជាតិដែរ។

កាលពីឆ្នាំ១៩៧០ របបលោក លន់ នុល បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចសីហនុ ចេញពីតំណែង ដោយ​ចោ​ទ​ថា ព្រះអង្គមានទោស «ក្បត់ជាតិ»។

នៅប៉ុន្មានថ្ងៃនេះ ស្ថាប័នរដ្ឋ វិស័យឯកជន មេបញ្ជាការកងទ័ព និងសហព័ន្ធសហជីពជាដើម បានចេញ​ញ​​ត្តិ​​​​គាំ​​​ទ្ររដ្ឋាភិបាល ដែលបានចាប់ខ្លួន លោក កឹម សុខា ចោទថាមានទោស «ក្បត់ជាតិ» និងស្នើ​​​​ឲ្យ​​​​តុ​​លា​ការផ្តន្ទាទោសមេបក្សប្រឆាំងនេះតាមច្បាប់​។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា កាលពី លន់ នុល ធ្វើរដ្ឋប្រ​ហា ទម្លា​​ក់ សម្តេច ព្រះនរោត្តមសីហនុ ចេញពីអំណាច ​លោកថាពេលនោះ ក្រសួងមន្ទីរ និងមន្ត្រីរាជការ បា​នចេ​ញញត្តិគាំទ្ររបបរដ្ឋប្រហារនោះ ហើយថ្កោលទោស​ ស​ម្តេចព្រះនរោត្ត​មសី​​ហ​នុ ថា​ក្បត់ជាតិ ដូចករណីញត្តិ​គាំទ្រ​ការ​ចាប់ខ្លួនលោក កឹម សុខា ពេលនេះដែរ។

លោកថា៖ «កាលពីទម្លាក់ សម្តេចសីហនុ មានញត្តិគាំទ្រ លន់ នុល ច្រើនណា​ស់ ថ្កោលទោស សម្តេចសី​ហនុ​ ថា​ជាជនក្បត់ជាតិអីអញ្ចឹងដែរ [ពេលហ្នឹង] មានក្រសួងជាច្រើន មន្ត្រីរាជការនានា ធ្វើ​ញត្តិគាំទ្រការផ្ត​ន្ទា​ទោ​​ស​ សម្តេចសីហនុ ថាក្បត់ជាតិ ស្រាប់តែមកដល់ពេលនេះមានរបៀបអញ្ចឹងដែរ ចោទថា កឹម សុខា នឹង​បា​នឃុប​​ឃិ​តជាមួយអាមេរិក ដើម្បីរំលំរដ្ឋាភិបាលថាក្បត់ជាតិ ចាប់ កឹម សុខា ទៅ»។

លោក ឡៅ ម៉ុងហៃ ពន្យល់ថា ការផ្ញើសារនយោបាយ ឬចេញញត្តិគាំទ្រចំណាត់ការណាមួយ ខណៈ​សំ​​ណុំរឿ​​ងដល់ដៃតុលាការហើយ លោកថារំ​លោភស្ថាប័នតុលាការ។

លោកថា៖ «តែកាលណាសំណុំរឿងដល់តុលាការហើយ អ្នកនយោបាយគេអត់កាត់សេចក្តីជំនួសតុលាការទេ និយា​​យឲ្យចំទៅ។ ហើយបើកាលណាយើងប្រកាសថា អ្នកនេះជាប់ចោទ អ្នកនោះមានទោសអីហ្នឹង គេថា​យើង​​ចេះជាងតុលាការ ឈ្លានពានទៅលើភារកិច្ចរបស់តុលាការ គេមានច្បាប់ដាក់ទណ្ឌកម្ម គេថាអា​ហ្នឹង​​ប្រមា​ថតុលាការ»។

បើទោះបីជាមានញត្តិជាច្រើនគាំទ្ររដ្ឋាភិបាល ទៅលើចំណាត់ការចាប់ខ្លួន លោក កឹម សុខា ក៏ដោយ តែមហាអំណា​ចមា​​​ន​ស​ហរដ្ឋអាមេរិកនិងសភាពអឺរុបជាដើម រួមទាំងអង្គការអន្តរជាតិធំៗបង្ហាញការព្រួយបារម្ភ​ពីកម្តៅនយោបា​យនៅកម្ពុជានេះ ខណៈចិនគាំទ្រចំណាត់នេះ។

នាយ​កប្រតិបត្តិមជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ញត្តិ​ជាប​ន្តបន្ទាប់គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលនេះ លោកថា មិនមែ​នជា​រឿង​ថ្មីនៅកម្ពុជាទេ។

ប៉ុន្តែលោក មឿន តុលា បង្ហាញការព្រួយបារម្ភថា វិស័យកាត់ដេរនឹងរងគ្រោះមុនគេ បើវិវាទរ​វាងក​ម្ពុ​ជានិង​ប្រទេសមហាអំណាច មានសហរដ្ឋអាមេរិកនិងសហភាពអឺ​រុបកាន់តែតានតឹងនោះ។

លោកថា៖ «សហភាពអឺរុប គេបានបញ្ចាក់ច្បាស់ហើយថា ការចាប់ខ្លួនហ្នឹង រំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រហើយ អាហ្នឹងជារឿងធ្ងន់ធ្ងរណាស់ ហើយសហរដ្ឋអាមេរិកក៏ចេ​ញសេចក្តីថ្លែងការណ៍​ថ្កោលទោសរឿ​ងហ្នឹងដែរ។ អញ្ចឹងប្រទេសអឺរុបនិងអាមេរិក ជាទីផ្សារសំខាន់របស់កម្ពុជា គេចាប់ផ្តើមប្រតិកម្មគ្រប់គ្នា ដូច្នេះខ្ញុំគិ​តថា បើ​កម្ពុជា​អត់ពិចារណា ខ្ញុំបារម្ភថា យើងខាតនៅថ្ងៃក្រោយ គឺខាតផ្នែកទំនិញនាំចេញផ្នែកសំលៀកបំពាក់ និងស្បែកជើងហ្នឹងឯង»។

ជាការកត់សម្គាល់ មកដល់ពេលនេះ ញត្តិគាំទ្ររដ្ឋាភិបាល ទៅលើការចាប់ខ្លួន លោក កឹម សុខា និង​ប្រ​តិកម្មថ្កោលទោសរដ្ឋាភិបាលកម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិ បានបន្តកើតឡើងជាបន្តបន្ទាប់ ខ​ណៈ​​​មិ​​នទាន់មានពន្លឺចរចាផ្នែកនយោបាយនៅឡើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ