ព្រះអង្គម្ចាស់ធម្មិកោ៖ លោក កឹម សុខា មិនលាលែងពីប្រធានគណបក្ស មុនតុលាការកាត់ទោស

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង​បានអះអាងថា មេដឹកនាំបក្សរបស់ខ្លួនមិន​លាលែងពីតំណែងមុនតុលាការ​កាត់​​ទោស​ស្របតាមនីតិវិធីច្បាប់នោះទេ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាម ទាំង​ពាក់​កណ្តាល​​​​​យប់ថ្ងៃអាទិត្យចុង​សប្តាហ៍​មុន​ តាមបញ្ជារបស់​លោក ហ៊ុន សែន ដោយចោទថា លោក កឹម សុខា​​ ថា​បាន​ប្រព្រឹត្ត​អំពើ ​ក្បត់​ជាតិ និងចារកម្មឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាល។

សមាជិកគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសរសេរលើហ្វេសប៊ុក​របស់ទ្រង់ នៅថ្ងៃទី​៥​​ខែកញ្ញានេះថា ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្លាប់បាន​ប្រាប់ព្រះអង្គថា លោក​មិ​នរត់ចោលសមរភូមិ មុននឹងប្រយុទ្ធទេ ដរាបណាតុលាការមិនទាន់​កាត់​ទោស​ស្របតាមនីតិវិធីច្បាប់។

លោកនិយាយថា៖ «លោកប្រធាន កឹម សុខា បានប្រាប់ខ្ញុំថា “ខ្ញុំមិនដែលចោលសមរភូមិ មុននឹង​ប្រយុទ្ធ​ទេ” នេះមានន័យថា ដាច់ខាតលោកនឹងមិនលាលែងពីប្រធានសង្គ្រោះជាតិ មុន​នឹង​គេបាន​កាត់ទោស​លោក ​ស្របតាមនីតិវិធីច្បាប់»។

ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺបន្ថែម​លើករណីនេះ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​បានទេ នៅថ្ងៃនេះ។

នៅថ្ងៃទី៥ខែកញ្ញានេះ អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​​សម្រេច​​ចោទ​ប្រកាន់​លោក ​កឹម សុខា តាម​បញ្ញាត្តិនៃ​មាត្រា​៤៤៣ ពី​បទ​សន្និដ្ឋិភាព​ជា​មួយ​បរទេស ដោយ​​តុលាការ​ចាត់​ទុក​ថា​ទំនាក់ទំនង​របស់​ លោ​ក​ កឹម សុខា ជា​មួយ​បរទេស​នេះ​ថា​ជា​ទំនាក់​ទំនង​ដែល​ក្បត់​​ជាតិ​កម្ពុជា។

បើរក​​ឃើញ​កំហុសពិតមែន​​តាម​ក្រមព្រហ្មទណ្ឌ​​កម្ពុជា​ លោក​ កឹម សុខា អាច​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារ​ពី​១៥ឆ្នាំ ទៅ​៣០​ឆ្នាំ។​

ប៉ុន្តែសង្គមស៊ីវិល​ជាតិ និងសហគមន៍អន្តរជាតិ រួមទំាងគណបក្សប្រឆំាង បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ជា​បន្តបន្ទាប់ ​ថ្កោលទោសចំពោះ​វិធានការ​របស់​រដ្ឋាភិបាលក្នុង​ការចាប់​ខ្លួន​មេ​បក្ស​ប្រឆំាង​​រូប​នោះ ដោយថា​ ធ្វើ​ឡើង​​ដោយគ្មានដីកាពីតុលាការ និង​​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុ​ញ្ញ​។

បើតាមខ្លឹមសារច្បាប់គណបក្សនយោបាយ ដែលបានស្នើកែប្រែជាលើកទី២ ដោយលោក ហ៊ុន​ សែន កំណត់ថា​ គណបក្សនឹងត្រូវគេរំលាយ ប្រសិនបើប្រធាន អនុប្រធាន ឬសមាជិកគណៈកម្មាធិការនាយក ជា​ទណ្ឌិត ឬបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ