អាមេរិក​អំពាវ​នាវ​ទៅ UN ឲ្យ​​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត​លើ​កូរ៉េ​ខាង​ជើង

អាមេរិក​បាន​ជំរុញ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ ឲ្យ​ដាក់​វិធាន​ការ​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​កូរ៉េ​ខាង​ជើង ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦ ប៉ុន្តែ ប្រទេស​ចិន និង​រុស្ស៊ី បាន​លើក​ឡើង​ថា គេ​ត្រូវ​ជជែក​គ្នា​តាម​វិធី​កាទូត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បាន​និយាយ​ថា ក្រុង​វ៉ាស៊ីងតោន​នឹង​ដាក់​សំណើ​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​នឹង​ត្រូវ​គេ​យក​ទៅ​ជជែក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ មុន​នឹង​មាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

អាមេរិក អង់គ្លេស បារាំង ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ក្នុង​កិច្ច​ប្រជុំ​នោះ អ្នកស្រី Haley បាន​ថ្លែង​ថា មាន​តែ​ទណ្ឌកម្ម​ខ្លាំង​ក្លា​បំផុត​ទេ ទើប​អាចដោះ​ស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​មធ្យោបាយ​កាទូត។

កូរ៉េ​ខាង​ជើង បាន​បង្ក​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​សាក​ល្បង ដែល​គ្រាប់​បែក​នោះ ត្រូវ​បាន​គេ​ជឿ​ថា ជា​គ្រាប់​បែក​អ៊ីដ្រូសែន ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​បំពាក់​លើ​គ្រាប់​មីស៊ីល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ